ជាតិ
គណបក្ស​មួយចំនួន រិះគន់​នៅ​ចំពោះមុខ​សមាជិក​គ​.​ជ​.​ប ជុំវិញ​ការចុះបញ្ជី​បេក្ខជន​បោះឆ្នោត​
10, Mar 2017 , 5:22 pm        
រូបភាព
​ភ្នំពេញ​៖ តំណាង​គណបក្សនយោបាយ​មួយចំនួន លើកឡើងថា មន្ត្រី​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) នៅតាម​ឃុំ​-​សង្កាត់ អនុវត្ត​នីតិវិធី​មិនបាន​ត្រឹមត្រូវ ដែល​បង្ក​ឲ្យ​មាន​ភាពស្មុគស្មាញ​ក្នុងការ​បំពេញ​សំណុំបែបបទ​ផ្សេងៗ ជាពិសេស​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ថ្នាក់ឃុំ​-​សង្កាត់​។ គ​.​ជ​.​ប ទទួលយក​ការរិះគន់​នេះ​។ ប៉ុន្តែ គ​.​ជ​.​ប នៅតែ​បញ្ជាក់ថា បញ្ហា​ទាំងនេះ មិន​ប៉ះពាល់​ដល់​ដំណើរការ​នៃ​ការបោះឆ្នោត​ទាំងមូល នោះទេ​។

-


​តំណាង​គណបក្ស​មួយចំនួន មិនសូវ​សប្បាយចិត្ត​ប៉ុន្មាន​ទេ ចំពោះ​នីតិវិធី​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ទាក់ទង​នឹង​ការចុះបញ្ជី​បេក្ខជន​សម្រាប់​ឈរឈ្មោះ​បោះឆ្នោត​ថ្នាក់ឃុំ​-​សង្កាត់​។ តំណាង​គណបក្ស​ទាំងនោះ អះអាងថា នីតិវិធី​នៃ​ការបំពេញ​សំណុំបែបបទ​សម្រាប់​ចុះបញ្ជី​បេក្ខជន មាន​លក្ខណៈផ្សេងៗ​ពីគ្នា ពី​ឃុំ​-​សង្កាត់​មួយ ទៅ​ឃុំ​-​សង្កាត់​មួយ​។​

​នីតិវិធី និង​ទម្រង់​ឯកសារ​សម្រាប់​បំពេញ​សំណុំបែបបទ ក្នុងការ​ចុះបញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត ត្រូវមាន​លក្ខណៈ​តែមួយ​។ ប៉ុន្តែ ជាក់ស្តែង មន្ត្រី​របស់​គ​.​ជ​.​ប នៅតាម​ឃុំ​-​សង្កាត់ បាន​អនុវត្ត​នីតិវិធី​ខាងលើ ផ្សេងៗ​គ្នា ដែល​ធ្វើ​ឲ្យ​គណបក្ស​នីមួយៗ ជួប​ការលំបាក ក្នុងការ​បំពេញ​សំណុំបែបបទ​ទាំងនោះ​។ ទាំងនេះ គឺជា​ការរៀប​រាប់រប​ស់​តំណាង​គណបក្ស​នានា នៅក្នុង​កិច្ចប្រជុំ​ជាមួយ​ភាគី​ពាក់ព័ន្ធ ដែល​រៀបចំឡើង​នៅ​ទីស្តីការ គ​.​ជ​.​ប នា​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០១៧​។

​បើតាម​ការលើកឡើងរ​បស់​តំណាង​គណបក្ស​នៅក្នុង​កិច្ចប្រជុំ ដោយសារតែ​ការអនុវត្ត​របស់​មន្ត្រី​នៅ​ថ្នាក់ឃុំ​-​សង្កាត់ មិន​ត្រឹមត្រូវ​តាម​នីតិវិធី​បែបនេះហើយ ទើប​គណបក្ស​ខ្លះ មាន​ភាពយឺតយ៉ាវ និង​ខកខាន​ក្នុងការ​រៀបចំ​បញ្ជី​បេក្ខជន នៅក្នុង​ឃុំ​-​សង្កាត់​មួយចំនួន​។ មែនទែនទៅ សូម្បីតែ​រូបថត​របស់​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត ក៏មាន​បញ្ហា​ដែរ ដោយ​មន្ត្រី​គ​.​ជ​.​ប នៅ​ថ្នាក់ឃុំ​-​សង្កាត់​ខ្លះ ទារ​ហួស​ពី​តម្រូវការ​។ 

​លោក ម៉ម សូណង់ដូ ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ ដែល​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​ដែរនោះ បាន​ឡើង​និយាយ​នៅ​ចំពោះមុខ​សមាជិក​គ​.​ជ​.​ប ថា មន្ត្រី​គ​.​ជ​.​ប នៅតាម​ឃុំ​-​សង្កាត់​មួយចំនួន យល់ដឹង​មិន​ច្បាស់​ពី​កិច្ចការងារ ទាក់ទង​នឹង​ការបំពេញ​សំណុំបែបបទ​នៃ​ការចុះបញ្ជី​បេក្ខជន​។ លោក សង្កត់ធ្ងន់ថា គួបផ្សំ​នឹង​បេក្ខជន​ឈរឈ្មោះ​ជា​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ ឬ​មន្ត្រី​គណបក្ស ក៏​មិនសូវ​ជា​យល់​ផង​នោះ បញ្ហា កាត់​តែ​ស្មុគស្មាញ​ថែមទៀត​។

​លោក ម៉ម សូណង់ដូ បាន​និយាយថា ព្រោះតែ​បញ្ហា​ខាងលើ គណបក្ស​របស់លោក ខកខាន មិនបាន​រៀបចំ​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត នៅតាម​ឃុំ​-​សង្កាត់​មួយចំនួន​។ អ្វីដែល​លោក បាន​រិះគន់​ធ្ងន់​ជាងគេ គឺ​កំហុសឆ្គង​ជាច្រើន ដែល​បាន​កើតឡើង​ក្នុងអំឡុង​នៃ​ការចុះបញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត ដែលមាន​រយៈពេល​ត្រឹមតែ​៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​៣ ដល់​ថ្ងៃទី​៥ ខែមីនា ឆ្នាំ​២០១៧​។

​ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រ​ធិបតេយ្យ​រូបនេះ បាន​និយាយ​ដូច្នេះ​ថា​៖«​ការខុសឆ្គង គឺ​ច្រើនណាស់ នៅ​ថ្ងៃទី​១ ដល់​ថ្ងៃទី​៥​។ គណៈកម្មការ គ​.​ជ​.​ប នៅ​ថ្នាក់ក្រោម​ជាតិ ភាគច្រើន​គឺ​ពួកគាត់ អត់​យល់​ពី​កិច្ចការ​របស់​ពួកគាត់ ហើយ​ថែមទាំង បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ មិន​ច្បាស់លាស់​រៀងៗ​ខ្លួន គឺ​រឹតតែ​លំបាក​។ ខ្ញុំ​សង្កេតឃើញថា មន្ត្រី គ​.​ជ​.​ប ខ្លះ នៅតាម​ឃុំ គឺ​រឹងរូស​។ បើ​ពួកគាត់​ធ្វើ​អ្វី គឺ​ចង់​ឲ្យ​គេ​តាម​ធ្វើ​ភ្លាម​។ វា ស្មុគស្មាញ​មែនទែន​។ នេះ​ជា​រឿង​មួយ​ដែល មិនអាច​ឲ្យ​គណបក្ស​ខ្ញុំ ធ្វើឯកសារ​បាន​ទាន់ពេលវេលា​មួយចំនួន​ដែរ​។ សូម (​គ​.​ជ​.​ប​) ពិចារណា​ពី​បញ្ហា​ទាំងអស់​ហ្នឹង​»​។​



​ចំណែកឯ លោក ប៉ែន ស៊ា​ប តំណាង​គណបក្ស​អំណាច​ខ្មែរ ក៏មាន​ចម្ងល់​ដែរ ចំពោះ​បញ្ហា ដែល​លោក ម៉ម សូណង់ដូរ បានលើកឡើង​។ លោក ប៉ែន ស៊ា​ប សង្កេតឃើញថា មន្ត្រី​គ​.​ជ​.​ប នៅតាម​ឃុំ​-​សង្កាត់​ខ្លះ មិនបាន​អនុវត្ត​នីតិវិធី​ឲ្យ​ដូចគ្នាៗ ដែល​គ​.​ជ​.​ប បានកំណត់​នោះទេ​។

​តំណាង​គណបក្ស​អំណាច​ខ្មែរ​រូបនេះ បានបញ្ជាក់​បែបនេះ​ថា​៖«​គំរូ និង​នីតិវិធី គឺ​តែមួយ ប៉ុន្តែ​ការអនុវត្ត​មាន​ស្តង់ដា​ពីរ​។ ឃុំ​ខ្លះ​ទាមទារ​នេះ ឃុំ​ខ្លះ​ទាមទារ​នោះ​។ អ៊ីចឹង​មាន​លក្ខណៈ​ពីរ​ខុសគ្នា​»​។

​លើសពីនេះ លោក ប៉ែន ស៊ា​ប ថែមទាំង អះអាងថា បេក្ខជន​ពី​គណបក្ស​អំណាច​ខ្មែរ ដែល​ឈរឈ្មោះ​ជា​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ ក៏​ធ្លាប់​ត្រូវបាន​មន្ត្រី​គ​.​ជ​.​ប គំរាម​ដក​ពួកគេ​ចេញពី​បញ្ជី​បេក្ខជន​ផងដែរ នៅពេលណា ដែលមាន​បញ្ហា​អ្វីមួយ​កើតឡើង​។  នៅក្នុង​កិច្ចប្រជុំ​នោះ លោក បានស្នើ​ឲ្យ​សមាជិក គ​.​ជ​.​ប ជួយ​ពន្យល់​ពីអ្វី ដែល​លោក​បានលើកឡើង​ខាងលើ​។

​លោក មាន ស​ទិ សមាជិក​គ​.​ជ​.​ប មួយរូប ដែល​ដឹកនាំ​កិច្ចប្រជុំ​នេះ មិន​បដិសេធ​ចំពោះ​បញ្ហា ខាងលើ ដែល​តំណាង​គណបក្ស​នានា បានលើកឡើង​នោះទេ​។ លោក បញ្ជាក់ថា  ការខ្វះចន្លោះ និង​ភាព​អសកម្ម​របស់​មន្ត្រី​គ​.​ជ​.​ប នៅតាម​មូលដ្ឋាន គឺ​ប្រាកដ​ជាមាន ដោយ​ជៀស​មិន​ផុត​ទេ​។ លោក និយាយ​ដូច្នេះ​ថា​៖«​យើង​សារភាពថា វា​មាន​ចំណុច​ខ្វះខាត​។ ការអនុវត្ត​ការងារ​ទាំងមូល គឺមាន​ខ្លះៗ មិន​អត់​ទេ​។ ក៏ប៉ុន្តែ មិនមែន​រហូត​ទៅដល់​ថា ធ្វើ​ឲ្យ​បរាជ័យ​ការបោះឆ្នោត​ទេ​»​។

​ជុំវិញការរិះគន់ខាងលើ លោក ទេព នីថា អគ្គលេខាធិការ​គ​.​ជ​.​ប ក៏​ទទួលស្គាល់​ដូច​លោក មាន ស​ទិ ដែរ​។ លោក ​សង្កត់ធ្ងន់ថា មូលហេតុ​ចម្បង​ដែល​នាំ​ឲ្យ​មាន​បញ្ហា​ទាំងនេះ គឺ​ដោយសារ​ធនធានមនុស្ស​រប​ស់គ​.​ជ​.​ប នៅមានកម្រិត​។

​អគ្គលេខាធិការ​គ​.​ជ​.​ប រូបនេះ បាន​និយាយ​ដូច្នេះ​ថា​៖«​មិនមែន​អត់​បញ្ហា​ទេ ជាការ​ងារ​មួយ ជា​យុទ្ធនាការ​ធំ​មួយ ដែល​ធ្វើ​ទូទាំងប្រទេស​។ ហើយ​គណៈកម្មការ​ឃុំ​-​សង្កាត់ រៀបចំ​ការបោះឆ្នោត ទើប​រើស​បាន ហើយ​រៀន​បាន​ពីរ​ថ្ងៃ ក៏​ចូលទៅ​ធ្វើការ​។ ខ្ញុំ មិន​ធានាថា ពួកគាត់​ធ្វើបាន ១០០​ភាគរយ​ទេ​។ វា មាន​បញ្ហា​។ ក៏ប៉ុន្តែ យើង មាន​ឯកសារ ទុក​ឲ្យ​ពួកគាត់ មាន​អ្នកទំនាក់ទំនង និង​អ្នកសម្របសម្រួល​។ អ៊ីចឹង នេះ ជាការ​ងារ​មួយ ដែល​យើង​បាន​យកចិត្តទុកដាក់​ក្នុង​កម្រិត​មួយ​ដែល​យើង អាច​ទំនាក់ទំនង​និង​ដោះស្រាយបាន​»​។

​សូមបញ្ជាក់ថា  កិច្ចប្រជុំ​របស់​គ​.​ជ​.​ប ជាមួយ​ភាគី​ពាក់ព័ន្ធ នៅ​ថ្ងៃ​សុក្រ​នេះ ក៏បាន​ប្រកាស​បិទ​ផ្សាយ​ជា​លើកដំបូង នូវ​បញ្ជី​បក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ថ្នាក់ឃុំ​-​សង្កាត់ ផងដែរ​។ យោងតាម​ការប្រកាសរ​ប​ស់គ​.​ជ​.​ប  គណបក្សនយោបាយ​ចំនួន​១២ បាន​ចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត​ថ្នាក់ឃុំ​-​សង្កាត់ ក្នុង​អាណត្តិ​ទី​៤​នេះ​៕

Tag:
 បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com