ជាតិ
សិល្បះ
មាន សូ​នី​តា ត្រូវបាន​ជ្រើសរើស​តំណាង​ឲ្យ​ការសំពះ និង​ការ​ញញឹម​បែប​ខ្មែរ ក្នុង​ស្ព​ត​អង្គរ​សង្ក្រាន្ត​
11, Mar 2017 , 8:00 pm        
រូបភាព
​ភ្នំពេញ​៖ កញ្ញា មាន សូ​នី​តា បាន​ក្លាយជា​តួឯក​នៅក្នុង​ស្ព​ត​ផ្សព្វផ្សាយ​ពី​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៧​នេះ​។ ស្ព​ត​អង្គរ​សង្ក្រាន្ត ដែលមាន​រយៈពេល ៣០​វិនាទី និង​ដែល​កំពុង​ចាក់ផ្សាយ​ក្នុង​ទូរទស្សន៍​CNN របស់​សហរដ្ឋអាមេរិក បញ្ជាក់​ពី ស្នាមញញឹម និង​ការសំពះ​បែប​ខ្មែរ​។​


 
​នេះ​ជា​ឆ្នាំ​ទី​៥​ហើយ ដែល​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​បានរៀបចំ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឡើង​។ កញ្ញា មាន សូ​នី​តា ដែល​គេ​ស្គាល់​ថា​ជា​រា​ជនី​ក្រមា គឺជា​តួឯក​ស្រី នៅក្នុង​ស្ព​ត​ផ្សព្វផ្សាយ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៧​នេះ​។ 
 
​ស្ព​ត​ពាណិជ្ជកម្ម​ដែលមាន​រយៈពេល​ប្រមាណ ៣០​វិនាទី និង​ដែល​កំពុង​ចាក់ផ្សាយ​នៅ​ទូរទស្សន៍​CNN នេះ​គឺ​បង្ហាញ​ពី​ការ​ញញឹម​ដ៏​ស្រស់ស្អាត និង​ការសំពះ​បែប​ខ្មែរ​។ លោក សំហេង បុរស អនុប្រធាន​ក្រុមការងារ​ប្រតិបត្តិ​នៃ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត បានបញ្ជាក់​ដូច្នេះ ក្នុង​សន្និសីទកាសែត​ស្តីពី​ការរៀបចំ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៧ នៅ​ថ្ងៃទី​៧ ខែមីនា​។ លោក សំហេង បុរស បញ្ជាក់​បន្ថែមថា​៖ «​បើ​យើង​និយាយ​ពី​ខ្លួន​គាត់ យើង​ចង់​អញ្ជើញ​យុវជន អ៊ីចឹង​គាត់​ត្រូវ​ដើរតួ​ឲ្យ​ដូច​យុវជន​ម្នាក់ ប៉ុន្តែ​អ្វីដែល​ព្យាយាម​បង្ហាញ​គឺ​ផ្សារភ្ជាប់​នឹង​ស្នាមញញឹម​គាត់​។ ស្នាមញញឹម​ខ្មែរ របៀប​សំពះ​ខ្មែរ​»​។ 
 
​តួឯក​ក្នុង​ស្ព​ត​អង្គរ​សង្ក្រាន្ត​ឆ្នាំនេះ ក៏បាន​បង្ហាញ​ពី​ចំណាប់អារម្មណ៍​របស់ខ្លួន នាឱកាស​សន្និសីទកាសែត​នេះដែរ​។ មាន សូ​នី​តា បញ្ជាក់ថា​នាង​មាន​មោទនភាព​ដែល​បាន​ចូលរួម​ផលិត​ស្ព​ត​មួយ​នេះ និង​ចូលរួម​ផ្សព្វផ្សាយ​វប្បធម៌​ខ្មែរ​។ តួឯក​អង្គរ​សង្ក្រាន្ត​រូបនេះ បន្ថែមថា រូបភាព​ដែល​លេចឡើង​នៅក្នុង​ស្ព​ត​អង្គរ​សង្ក្រាន្ត មិនមែនជា​ការសម្តែង​ឡើយ គឺ​អារម្មណ៍​រីករាយ​របស់​នាង​ពិតៗ ក្នុងនាម​ជា​យុវជន​ម្នាក់​ដែល​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​។​
 

(រូបភាពពីហ្វេសប៊ុកព្រឹត្តិការណ៍អង្គរសង្រ្កាន្ត)

​កញ្ញា មាន សូ​នី​តា បញ្ជាក់​ដូច្នេះ​៖«​ខ្ញុំ​មាន​អារម្មណ៍​លើសពី​សប្បាយ ដែល​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​។ ខ្ញុំ​មាន​មោទនភាព ដែល​ខ្លួន​ខ្ញុំ​បាន​ជួយ​ផ្សព្វផ្សាយ​វប្បធម៌ និង​អរិយធម៌​ខ្មែរ តាមរយៈ​ភាព​ញញឹម​រួសរាយ​រាក់ទាក់ ដែល​បង្ហាញ​ទៅកាន់​ពិភពលោក​»​។​
 
​សូមបញ្ជាក់ថា ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​បានចាប់ផ្ដើម​រៀបចំឡើង​ក្នុង​ឆ្នាំ​២០១៣ ។ នៅ​ឆ្នាំ​ដំបូង ព្រឹត្តិការណ៍​នេះ  បាន​ទាក់ទាញ ភ្ញៀវទេសចរ​ប្រមាណ ១៧​ម៉ឺន​នាក់​។ ដោយឡែក​នៅ​ឆ្នាំ​២០១៦​កន្លងទៅ ព្រឹត្តិការណ៍​នេះ ទទួលបាន​ភ្ញៀវទេសចរ​កើនឡើង​ដល់​ជាង ១​លាន ៣​សែន​នាក់​៕

Tag:
 មាន សូ​នី​តា​
  អង្គរ​សង្ក្រាន្ត​
 ​ញញឹម​
 ​សំពះ​
© រក្សាសិទ្ធិដោយ thmeythmey.com