ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សង្គមជាតិ
កូនអ្នកក្រ ដើរ​តាម​កូនអ្នកមាន សល់​ត្រឹម​សោកស្តាយ​
12, Mar 2017 , 7:30 pm         9287
រូបភាព
ដោយ: ថ្មីៗ
​មាន​យុវជន​ខ្លះ​នៃ​ក្រុមគ្រួសារ​ក្រីក្រ ឬ​គ្រួសារ​មិនសូវមាន​ទ្រព្យសម្បត្តិ ចូលចិត្ត​សេពគប់​មិត្តភក្តិ​ដែលជា​កូនអ្នកមាន​ទ្រព្យសម្បត្តិ​។ ពួកគេ​គ្រាន់តែ​មិន​ហ៊ាន​ទទួលស្គាល់​អំពី​ភាពក្រីក្រ​របស់ខ្លួន ប៉ុន្តែ​ការប្រព្រឹត្ត​តាម​កូនអ្នកមាន ឬ​ការដើរ​ចូលក្នុង​ក្រុម​កូនអ្នកមាន មិនបាន​ធ្វើ​ឲ្យ​ពួកគេ​ចំណេញ​អ្វី​សោះឡើយ​។ ខាត​ពេលវេលា ចំណាយ​លុយកាក់​ច្រើនតែ​លើ​សម្ភារ​មិនបាន​រៀនសូត្រ ហើយ​ចុងក្រោយ ពួកគេ​មិនមាន​មុខរបរ​ត្រឹមត្រូវ​ឡើយ​។ ចំណែកឯ​កូនអ្នកមាន ពួកគេ​នៅតែមាន​អាជីព និង​មុខរបរ​ដែល​ផ្គត់ផ្គង់​ដោយ​ឪពុកម្តាយ​ពួកគេ​។​
 
​លោក ចាន់ សុធា ទើបតែ​អាយុ​៣២​ឆ្នាំ បានក្លាយ​ខ្លួន​ទៅជា​អ្នករត់ម៉ូតូឌុប ដើម្បី​រកលុយ​ចិញ្ចឹម​ប្រពន្ធ និង​កូន​២​នាក់​ក្នុងបន្ទុក​។ សុធា បាន​ទទួលស្គាល់ថា ស្ថានភាព​ជីវិត​ដូច​សព្វថ្ងៃនេះ គឺជា​លទ្ធផល​នៃ​ការ​សេពគប់​មិត្តភក្តិ​ជា​កូនអ្នកមាន កាលពី​ពេលដែល​រូបគេ​នៅ​រៀន​ថ្នាក់​វិទ្យាល័យ នៅ​ចុង​ទស្សវត្ស​១៩៩០ ។ កាលណោះ កុមារា​សុធា មិនបាន​ខ្វាយខ្វល់​នឹង​ការសិក្សា​ឡើយ​។ ដើរលេង ធ្វើខ្លួន​ដូច​កូនអ្នកមាន ទិញ​សម្លៀកបំពាក់​តែងខ្លួន​ដូច​កូនអ្នកមាន គឺជា​អ្វីដែល​រូបគេ​បាន​ព្យាយាម​ធ្វើ ទោះបីជា​ខ្លួន​មកពី​ត្រកូល​គ្រួសារ​អ្នកក្រីក្រ​ក៏ដោយ​។ ទីបំផុត សុធា ដែល​មិនសូវ​បាន​ចូលរៀន បាន​បោះបង់​ការសិក្សា​នៅ​ថ្នាក់​ទី​១០ ។ អង្គុយ​នៅលើ​ម៉ូតូ​ចាំ​ភ្ញៀវ​នៅ​ជិត​ផ្សារ​សិន​ជូ​រី ក្បែរ​ព្រលានយន្តហោះ សុធា បាន​រម្លឹក​ប្រវត្តិ​របស់ខ្លួន​យ៉ាង​ដូច្នេះ​ថា​៖​កាល​ខ្ញុំ​នៅ​រៀន ខ្ញុំ​មិនបាន​គិត​អ្វី​ច្រើន​នោះទេ​។ ខ្ញុំ​ដឹង​តែ​ពី​ដើរលេង​សប្បាយ​ជាមួយ​កូនអ្នកមាន​។ ខ្ញុំ​តែ​ពី​រឿង​តែងខ្លួន​ហ៊ឺហា តាម​ពួកគេ​។ ខ្ញុំ​ខ្លាច​គេ​ដឹងថា​ខ្ញុំ​ក្រ​។ ខ្ញុំ​ខ្មាស​ពួកគេ​»​។​
​ដោយសារតែ​ខ្លាច​ខ្មាស​មិត្តភក្តិ​ជា​កូនអ្នកមាន សុធា​បាន​ដើរលេង​ដូច​កូនអ្នកមាន​រហូតដល់​បោះបង់​សាលារៀន​។ ប៉ុន្តែ​១០​ឆ្នាំ​ក្រោយមក សុធា រឹតតែ​ខ្មាស​មិត្តភក្តិ​លើស​ដើម​។ មិត្តភក្តិ​ជា​កូនអ្នកមាន នៅតែ​ជា​អ្នកមាន​ទ្រព្យសម្បត្តិ​ដដែល​។ នោះ​គឺ​ដោយសារតែ​ពួកគេ​មានការ​ទំនុកបម្រុង​ពី​ឪពុកម្តាយ​របស់​ពួកគេ​។ «​នៅពេលនេះ​បាន​ខ្ញុំ​ដឹងថា វា​ពិបាក​មែនទែន​។ ខ្ញុំ​គ្មាន​ចំណេះដឹង​។ ចង់​ប្រក​បរបរ​អ្វី​ក៏​មិនកើត​»​។ នេះ​ជាការ​អះអាង​ទាំង​សោកស្តាយ​របស់​សុធា​។​
 
​មិន​ខុសពី​សុធា​ឡើយ ម៉ៅ សុខា ក៏បាន​ឆ្លងកាត់​ពិសោធន៍​ដូចគ្នា​ដែរ​។ កាលពី​នៅ​រៀន​វិទ្យាល័យ សុខា មាន​ម្តាយ​ជា​អ្នកលក់​ចេកចៀន ដើម្បី​បាន​ប្រាក់​ផ្ត​ត់​ផ្គង់​ការសិក្សា​របស់​កូនៗ ។  ប៉ុន្តែ​សុខា បាន​សេពគប់​មិត្តភក្តិ​កូនអ្នកមាន ដែល​ដើរលេង​ច្រើន​។ នៅពេលនេះ សុខា ដែល​កំពុង​អង្គុយ​ប្រកប​របរ​ប៉ះ​កង់​ម៉ូតូ ទើប​ស្តាយក្រោយ ដោយសារ​មិនបាន​សិក្សា​។ សម្រាប់ សុខា ការសិក្សា​ពិត​មាន​សារៈប្រយោជន៍​សម្រាប់​ការចិញ្ចឹម​ជិវិត​នៃ​មនុស្ស​គ្រប់រូប​។ សុខា បាន​និយាយ​យ៉ាង​ម៉ឺងម៉ាត់​ថា​៖«​តាមពិត យើង​ដើរលេង​ជាមួយ​កូនអ្នកមាន​ក៏ដោយ ជាមួយ​កូនអ្នកក្រ​ដូចគ្នា​ក៏ដោយ គឺ​មិន​ចំណេញ​ឡើយ​។ យើង​ត្រូវ​សិក្សា​»​។ ប៉ុន្តែ​នៅពេលដែល​សុខា​យល់​ពី​សារៈប្រយោជន៍​នៃ​ការសិក្សា វា​បាន​ហួសពេល​ទៅហើយ​។ សុខា បាន​ក្លាយជា​អ្នក​ប៉ះ​កង់​ម៉ូតូ​បាត់ទៅហើយ ហើយ​សុខា​បានត្រឹមតែ ប្តេជ្ញា​អប់រំ​កូន​មិនអោយ​ដើរ​តាម​គន្លង​របស់ខ្លួន​ទៀតឡើយ​។​
 
​ទិដ្ឋភាព​កូនអ្នកក្រ​សេពគប់ និង​ប្រព្រឹត្ត​តាម​កូនអ្នកមាន​នោះ មិនមែន​មានតែ​ម្តងនោះ​ទេ​។ សម័យ​ណា​ក៏មាន​។ រហូតដល់​បច្ចុប្បន្ននេះ ក៏មានដែរ​។ យុវ​សិស្ស មាឌ​ល្អិត ជិន រត្ន​ធី ដែល​សិក្សា​នៅ​ថ្នាក់​ទី​១១​នៃ​វិទ្យាល័យ​ជា ស៊ីម សន្ធរម៉ុក បាន​និយាយថា រូបគេ​មាន​មិត្តភក្តិ​ច្រើន​ដែលជា​កូនអ្នកមាន​ទ្រព្យសម្បត្តិ​។ មាន​ឪពុក​ជា​អ្នករត់ម៉ូតូឌុប និង​មាន​ម្តាយ​ដែល​មិន​ប្រក​បរបរ​អ្វី​សោះ​នោះ រត្ន​ធី និយាយ​យ៉ាង​ក្លាហាន​ថា រូបគេ​តែងតែ​រៀបចំខ្លួន​ឲ្យ​បាន​ស្អាត​សមរម្យ​ដូចជា​កូនអ្នកមាន ដើម្បី​កុំ​ឲ្យ​ខ្លួនឯង​អន់​ជាងគេ​។ យុវជន​ទាប​ល្អិត​រូបនេះ​ពន្យល់​ដូច្នេះ​ថា​៖«​ពេល​ខ្ញុំ​ដើរលេង​ជាមួយ​កូនអ្នកមាន ខ្ញុំ​ត្រូវ​ធ្វើខ្លួន​ឲ្យ​ឡូយឆាយ ដូច​គេ​ដែរ​។ ខ្ញុំ​ខ្លាច​គេ​ថា​អន់​»​។​
 
​ចំពោះ ធិ​ន សុភាព វិញ ការដែល​និស្សិត​នៃ​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប​រូបនេះ សុខចិត្ត​សេពគប់ និង​ដើរ​ជា​ក្រុម​ជាមួយ​មិត្តភក្តិ​ជា​កូនអ្នកមាន នោះ​គឺ​ដោយសារតែ គេ​ចង់​ឆ្លៀត​យក​ឱកាស​នេះ ដើម្បី​បាន​ស្គាល់​កន្លែង​កម្សាន្ត​ទំនើបៗ និង​សប្បាយៗ ។ សុភាព និយាយ​សារភាព​យ៉ាង​ដូច្នេះ​ថា​៖«​ធម្មតា​យើង​អត់​សូវ​មាន​លុយ​ច្រើន ពេលដែល​ស្គាល់​ពួកគេ​(​កូនអ្នកមាន​) ហើយ​ទៅណា​ជាមួយ​គេ គឺ​គេ​មិនសូវ​ឲ្យ​ខ្ញុំ​ចំណាយ​ច្រើន​ទេ​។ ណាមួយ​គេ​ក៏បាន​នាំ​ខ្ញុំ​ទៅ​ដើរលេង​កន្លែង​ឡូយ​ទំនើបៗ ដែល​ខ្ញុំ​មិនដែល​បាន​ទៅលេង​ទៀត អ៊ីចឹង​ទាន់​មាន​ពេល​ដើរលេង គឺ​ដើរលេង​ឲ្យ​ហើយ​ទាន់​ខ្លួន​នៅ​ក្មេង​»​។​
 
​យុវជន ឌី វណ្ណា​ដេ​ត បានធ្វើ​ដូច​សុភាព​ដែរ ហើយក៏​បានទទួល​ស្គាល់​ថា ការរៀនសូត្រ​របស់គេ​បាន​ធ្លាក់​ចុះខ្សោយ​យ៉ាងខ្លាំង ដោយសារតែ​និស្សិត​ម្នាក់នេះ មិនសូវ​ចូលរៀន​។ វណ្ណា​ដេ​ត ទំនងជា​នៅ​មិនទាន់​ដឹង​បច្ច័យ​ចុងក្រោយ​ថា រូបគេ​អាច​នឹងមាន​លទ្ធផល​ដូច សុធា ជា​អ្នករត់ម៉ូតូឌុប និង​សុខា ជា​អ្នក​ប៉ះ​កង់​ម៉ូតូ ដែល​បាន​ពោល​ពាក្យ​សោកស្តាយ​នៅឡើយ​ទេ​។ ដំរី​ជុះ កុំ​ជុះ​តាម​ដំរី​៕
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង
prev123next