សង្គមអន្តរជាតិ
អន្តរជាតិ
ក្មេងស្រីហ្វីលីពីនគ្មានដៃ គ្មានជើង ប៉ុន្តែមានជីវិតដ៏រីករាយជាមួយឪពុកម្តាយចិញ្ចឹមនៅអាមេរិក
× Maria កើតនៅក្នុងប្រទេសហ្វីលីពីន ដោយគ្មានដៃ និងជើង។ ជីវិតដ៏កម្សត់របស់កុមារីតូចម្នាក់នេះ ត្រូវបានកែប្រែ បន្ទាប់នាងត្រូវគ្រួសារអាមេរិកមួយ យកទៅចិញ្ចឹមបីបាច់ដូចជាកូនស្រីបង្កើត។ នេះបើតាមបទយកការណ៍របស់សារព័ត៌មានបារាំង Paris Match។
កាលពី៣ឆ្នាំមុន Maria បានចាប់កំណើតនៅក្នុងគ្រួសារមួយ។ ដោយនាងគ្មានដៃ និងជើងដូចគេ ទារិកាម្នាក់នេះត្រូវបញ្ជូនទៅមណ្ឌលកុមារកំព្រាដើម្បីទទួលបានសេវាថែទាំពិសេស ខណៈនាងមានអាយុ៦ខែ។ រឿងរ៉ាវកុមារីកម្សត់រូបនេះ បានទាក់ទាញអារម្មណ៍គ្រួសារអាមេរិក លោក Jason Stewart និងភរិយា Adrianne យ៉ាងខ្លាំង។
បើទោះបីជាមានបីនាក់ក្នុងបន្ទុក (កូនភ្លោះស្រី និងកូនប្រុសចិញ្ចឹមពីហ្វីលីពីន) រួចទៅហើយក្តី ក៏គ្រួសារ Steward ចង់បានសមាជិកបន្ថែមទៀត។ ពួកគាត់បានទាក់ទងភ្នាក់ងារស្មុំកូន ហើយក៏បានឃើញ Maria នៅក្នុងបញ្ជី។ ដំបូងឡើយ ពួកគាត់មិនដែលគិតថា ចិញ្ចឹមក្មេងដែលខ្វះកាយសម្បទា និងត្រូវយកចិត្តទុកដាក់ជាពិសេសនោះឡើយ ប៉ុន្តែនៅពេលឃើញរូប Maria ពួកគាត់ដក់ជាប់ក្នុងអារម្មណ៍យ៉ាងខ្លាំង។
អ្នកស្រី Adrianne Stewart បានសរសេរនៅលើហ្វេសប៊ុករបស់ខ្លួន អបអរខួបមួយឆ្នាំនៃការចិញ្ចឹមបីបាច់ Maria ថា កូនស្រីរបស់ខ្លួនពិតជាក្មេងដ៏គួរឲ្យស្រឡាញ់។ គ្រួសារ Stewart បានយក Maria ពីហ្វីលីពីន ដើម្បីទៅចិញ្ចឹមនៅរដ្ឋ Utah សហរដ្ឋអាមេរិក ជាមួយកូនបីនាក់ផ្សេងទៀត ខណៈនាងអាយុបាន២ឆ្នាំ ហើយមិនអាចធ្វើអ្វីបានទាំងអស់។
បច្ចុប្បន្ន Maria ក្លាយជាក្មេងស្រីម្នាក់ដែលមានជីវិតដ៏រីករាយ។ អ្នកស្រី Adrianne បានអះអាងថា Maria បាននាំឲ្យគ្រួសាររបស់ខ្លួនកាន់តែមានសុភមង្គល ហើយនាងមានការរីកចម្រើនផ្នែករាងកាយដ៏គួរឲ្យកត់សម្គាល់។
Maria មិនទាន់ចូលសាលារៀនឡើយ ប៉ុន្តែនាងរៀនផ្លាស់ប្តូរចលនា រៀននិយាយ លេងល្បែងក្មេង និងស្តាប់តន្ត្រី បន្ថែមពីលើនេះ នាងអាចថតរូប និងលេង Ipad ដោយប្រើមាត់របស់ខ្លួនបានផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com