អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ទ័ពជើងទឹក​ម៉ាឡេស៊ី​,​ឥណ្ឌូណេស៊ី​,​ហ្វីលីពីន​ពង្រឹង​ការ​ល្បាត​រួមគ្នា​ប្រឆាំង​ក្រុមចោរ​សមុទ្រ​
13, Mar 2017 , 1:36 pm        
រូបភាព
នាវាកងទ័ពជើងទឹកហ្វីលីពីន(ប្រភព៖ US Navy)
នាវាកងទ័ពជើងទឹកហ្វីលីពីន(ប្រភព៖ US Navy)
 
 
​រដ្ឋមន្ត្រី​ការពារជាតិ​ហ្វីលីពីន​បានបញ្ជាក់​កាលពី​ចុង​សប្តាហ៍​កន្លងទៅ​ថា កងទ័ពជើងទឹក​ម៉ាឡេស៊ី​, ឥណ្ឌូណេស៊ី និង​ហ្វីលីពីន​នឹងចូលរួម​ល្បាត​រួមគ្នា​ដើម្បី​ប្រឆាំង​ក្រុមចោរ​សមុទ្រ​។  ការសម្រេច​ពួតដៃគ្នា​ប្រឆាំង​ចោរ​សមុទ្រ​នេះ​កើតឡើង​ស្រប​ពេលដែល​បណ្តា​ក្រុម​សកម្មប្រយុទ្ធ​នានា​ក្នុង​តំបន់​រួមទាំង​ក្រុម Abu Sayyaf ជា​បណ្តេញ​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​បន្ត​ចាប់​ជម្រិត​និង​ធ្វើឃាត​ជនបរទេស​ជា​ហូរហែរ​កន្លងមក​។​

 
​កិច្ចសហប្រតិបត្តិការ​ត្រីភាគី​ម៉ាឡេស៊ី​, ឥណ្ឌូណេស៊ី និង​ហ្វីលីពីន ដើម្បី​ប្រឆាំង​ក្រុមចោរ​សមុទ្រ​នឹងត្រូវ​ចាប់ផ្តើម​ឡើង​នៅ​ចន្លោះ​ពី​ខែមេសា​ទៅដល់​ខែឧសភា​ខាងមុខនេះ​។ នេះ​ជាការ​បញ្ជាក់​របស់​ប្រមុខ​ការពារជាតិ​ហ្វីលីពីន​លោក Delfin Lorenzana​។ 
 
​ការ​ឈានទៅ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ប្រឆាំង​ក្រុមចោរ​សមុទ្រ​នេះ​កើតឡើង​ស្រប​ពេលដែល​បទឧក្រិដ្ឋ​ឆ្លងដែន​កើតឡើង​ច្រើន​ជាពិសេស​នៅ​ក្រុម​សកម្មប្រយុទ្ធ​ជាច្រើន​បន្ត​ចាប់​ជម្រិត​និង​សម្លាប់​ជនបរទេស​ជា​បន្តបន្ទាប់​។​
 
​ដូច​ឃើញស្រាប់ កន្លងមក​ក្រុម​ភេរវជន Abu Sayyaf ដែលជា​ក្រុម​ប្រកាស​បង្ហាញ​ភក្តីភាព​ចំពោះ​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​នោះបាន​បន្ត​ចាប់​ជម្រិត​មនុស្ស​លើ​នាវា​ដឹកជញ្ជូន​នានា​រួមទាំង​អ្នកទេសចរ​ថែមទៀត​។ ហើយ​កាលពី​ខែ​មុន​ក្រុម​នេះ​បានកា​ត់ករ​ជនជាតិ​អាល្លឺម៉ង់​ម្នាក់​បន្ទាប់ពី​ពួកគេ​មិនបាន​ទទួល​លុយ​តាម​ការទាមទារ​របស់​ខ្លួន​។​
 
​យោងតាម​សារព័ត៌មាន The Straits Time  រដ្ឋមន្ត្រី​ការពារជាតិ​ហ្វីលីពីន​បានលើកឡើង​ថា លោក​និង​សម​ភាគី​ម៉ាឡេស៊ី​និង​ឥណ្ឌូណេស៊ី​ឯកភាពគ្នា​រួចហើយ​ពាក់ព័ន្ធ​ការចេញ​ល្បាត​តាម​សមុទ្រ​រួមគ្នា​នោះ​។ ហើយ​សកម្មភាព​ល្បាត​នេះ​នឹងមាន​ការចូលរួម​ពី​កងទ័ពជើងទឹក​នៃ​ប្រទេស​ទាំងបី​ដោយ​ពួកគេ​ជួយ​ការពារ​នាវា​ពាណិជ្ជកម្ម​នានា​ធ្វើដំណើរ​ឆ្លងកាត់​ដែនសមុទ្រ​ខ្លួន​។​
 
​មកដល់​ពេលបច្ចុប្បន្ន​នេះ​ដែនសមុទ្រ​រវាង​ប្រទេស​ទាំងបី​កាន់តែ​មាន​គ្រោះថ្នាក់​ខ្លាំង​ចំពោះ​នាវា​ដែល​ធ្វើដំណើរ​ឆ្លងកាត់ ហើយ​នាវា​ទាំងនោះ​រង​ការគំរាមកំហែង​ខ្លាំង​ពីរ​ក្រុមចោរ​សមុទ្រ​ដូចជា​ក្រុមចោរ​សូ​ម៉ាលី​ផង​។ ដូច្នេះហើយ​វា​ចាំបាច់​ត្រូវមាន​ការដោះស្រាយ​ដើម្បី​ការពារ​កុំ​ឲ្យ​ស្ថានការណ៍​នេះ​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​។​
 
​តាម​ស្ថានភាព​ជាក់ស្តែង ក្រុម​ភេរវជន Abu Sayyaf ធ្វើ​សកម្មភាព​ច្រើនជាងគេ​ក្នុងការ​ចាប់​ជម្រិត​និង​សម្លាប់​ជនបរទេស​។ ក្រុម​នេះ​កំពុង​ចាប់​មនុស្ស​ទាំង​ជនបរទេស​និង​ប្រជាជន​តំបន់​ប្រហែល ៣១​នាក់ ក្នុងនោះ​មាន​ជនជាតិ​វៀតណាម ៦​នាក់​ផងដែរ​ចាប់ពី​ខែ​មុន​។​
 
​ពាក់ព័ន្ធ​ចលនា​ចោរ​សមុទ្រ​នេះ រដ្ឋមន្ត្រី​ការពារជាតិ​ហ្វីលីពីន ខាងលើ​បាន​អះអាងថា លោក​ក៏បាន​ប្រាប់​ទៅកាន់​បេសកជន​របស់​វៀតណាម​ប្រចាំ​ម៉ាឡេស៊ី​ដែរ​កាលពី​ប៉ុន្មាន​សប្តាហ៍​មុន​ដើម្បី​ឲ្យ​វៀតណាម​បំពាក់អាវុធ​ឲ្យ​កម្មករ​លើ​នាវា​ដែល​ឆ្លងកាត់​តាមផ្លូវ​សមុទ្រ​ខ្លួន ឬ​អាច​សហការ​ជាមួយ​អាជ្ញាធរ​ហ្វី​លី​ពី​ក៏បាន​ដើម្បី​ចៀសវាង​ពី​ការចាប់​ជម្រិត​នោះ​។​
 
​ត្រឡប់មកវិញ ទោះ​ការសហការ​នេះ​ជាស​ញ្ញា​វិជ្ជមាន​ក៏ដោយ គេ​ត្រូវការ​ការគាំទ្រ​បន្ថែម​ពី​ប្រទេស​នានា​ក្នុង​តំបន់​ដើម្បី​ធានា​ពី​ប្រសិទ្ធភាព​នៃ​ការប្រឆាំង​ក្រុមចោរ​សមុទ្រ​ឬ​ក្រុម​ភេរវជន​តំបន់​នេះ​។ ប្រមុខ​ការពារជាតិ​ហ្វីលីពីន​នេះ​បាន​អះអាង ដើម្បី​កម្ចាត់​ក្រុម​នេះ កងកម្លាំង​តំបន់​ត្រូវការ​នាវា ឬ​ទូត​លឿន​, យន្តហោះ​បញ្ជា ឬ​ប្រព័ន្ធ​រ៉ា​ដា​ផ្សេងទៀត​ដើម្បី​តាមដាន​ក្រុម​នេះ​ដូចគ្នា​៕
 
 
 

Tag:
 ម៉ាឡេស៊ី​
 ​ឥណ្ឌូណេស៊ី​
 ​ហ្វីលីពីន​
  Abu Sayyaf
  Delfin Lorenzan
© រក្សាសិទ្ធិដោយ thmeythmey.com