ជាតិ
សង្គមជាតិ
សមត្ថកិច្ច តាម​ចាប់ខ្លួន​កូនប្រសា​មន្ត្រី​អាវុធហត្ថ​ជាន់ខ្ពស់​ម្នាក់ ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ​
13, Mar 2017 , 2:25 pm        
រូបភាព
មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស នាយឧត្តមសេនីយ៍ សៅ សុខា និងជាប្រធានគណៈកម្មការជាតិ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ
មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស នាយឧត្តមសេនីយ៍ សៅ សុខា និងជាប្រធានគណៈកម្មការជាតិ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ
ដោយ: ថ្មីៗ
​អាជ្ញាធរ កំពុង​តាម​ចាប់​ជនសង្ស័យ​ម្នាក់ ដែលជា​កូនប្រសានាយរង​សេនាធិការ​អាវុធហត្ថ​ខេត្តកំពង់ស្ពឺ ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ​។ ការស្រាវជ្រាវ​ចាប់ខ្លួន​នេះ ធ្វើឡើងតាំងពី​ថ្ងៃទី​១១ ខែមីនា​មក បន្ទាប់ពីកម្លាំង​សត​ម្ថ​កិច្ច​ចាប់បាន​រថយន្ត​ដឹកឈើ​ចំនួន ២ គ្រឿង និង​រកឃើញ​ឈើប្រណិត​ជាច្រើន​ទៀត នៅ​ឃ្លាំង​ស្តុក​ឈើ​របស់​ជនសង្ស័យ​។​



​លោក អេង ហ៊ី អ្នកនាំពាក្យ​កង​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ​បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ថា មេបញ្ជាការ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា និង​ជា​ប្រធាន​គណៈកម្មការ​ជាតិទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ បាន​បញ្ជា​ឲ្យ​តាម​ចាប់ខ្លួន​ជនសង្ស័យ ក្រោយ​រកឃើញ​បទល្មើស​ជាក់ស្តែង​នេះ​។ លោក អេង ហ៊ី បញ្ជាក់​ដូច្នេះ​ថា​៖«​ធម្មតា​បទល្មើស​ជាក់ស្តែង​អ៊ីចឹង គឺ​យើង​តាម​ចាប់ខ្លួន​តែម្តង​»​។

​សូមបញ្ជាក់ថា កាលពី​រសៀល​ថ្ងៃទី​១១ ខែមីនា កម្លាំង​សមត្ថកិច្ច បាន​ឃាត់ទុក​រថយន្ត​ដឹកឈើ  ២​គ្រឿង ជា​បន្តបន្ទាប់ ដែល​មានការ​អះអាងថា ​ជា​កម្មសិទ្ធិ​របស់​ឈ្មោះ ស៊ី ស ជា​កូនប្រសានាយរង​សេនាធិការ​អាវុធហត្ថ​ខេត្តកំពង់ស្ពឺ​នោះ​។ ក្នុង​ប្រតិបត្តិ​ការឃាត់​រថយន្ត​ដឹកឈើ​នោះ សមត្ថកិច្ច​ក៏​ចាប់បាន​អ្នកបើកប​រថយន្ត​ម្នាក់​ដែរ ខណៈ​អ្នកបើកបរ​ម្នាក់ទៀត គេចខ្លួនបាត់​។ ក្រោយ​ឃាត់​រថយន្ត​ទាំង​២​គ្រឿង​នេះ កម្លាំង​សមត្ថកិច្ច បាន​ទៅ​ឆែកឆេរ​ឃ្លាំង​ស្តុក​ឈើ​របស់​ជនសង្ស័យ ស្ថិតនៅ​ក្រុង​ច្បារមន​ទៀត ​និង​បាន​រកឃើញ​កំណាត់ឈើ​​​ជាច្រើន​ដុំ​ទៀតផង​៕


Tag:
 បទល្មើស​
 ព្រៃឈើ
 អេង ហ៊ី
© រក្សាសិទ្ធិដោយ thmeythmey.com