កីឡាអន្តរជាតិ
អន្តរជាតិ
អនុប្រធានក្លិប Leicester ជឿជាក់លើអ្នកចាត់ការថ្មី លោក Craig Shakespeare
×
«យើងតែងតែដឹងថាក្រុមនេះនៅតែមានការគ្រប់គ្រងបានល្អ នៅពេលដែលយើងសុំឲ្យគាត់ដឹកនាំក្រុមក្នុងរយៈពេល២សប្តាហ៍កន្លងមកនេះ» នេះជាការលើកឡើងរបស់អនុប្រធានក្លិប Leicester City លោក Aiyawatt Srivaddhanaprabha ដែលសរសើរអ្នកចាត់ការថ្មីរបស់ក្រុមកញ្ជ្រោងខៀវ Leicester លោក Craig Shakespeare ។
លោក Craig Shakespeare ត្រូវបានក្លិបការពារតំណែងជើងឯកលីកកំពូលអង់គ្លេស Leicester City ប្រកាសតែងតាំជាអ្នកចាត់ការថ្មីជំនួសកៅអីលោក Claudio Ranieri រហូតដល់បញ្ចប់រដូវកាលនេះ។
ក្រោយបញ្ឈប់តំណែងអ្នកចាត់ការសញ្ជាតិអ៊ីតាលីលោក Claudio Ranieri កាលពីខែមុនមក លោក Shakespeare ត្រូវទទួលបន្ទុកដឹកនាំក្រុមនេះបណ្តោះអាសន្ន។ ពីរប្រកួតក្រោមការដឹកនាំរបស់អ្នកចាត់សញ្ជាតិអង់គ្លេសវ័យ៥៣ឆ្នាំនេះ Shakespeare បានជួយឲ្យ Leicester ទទួលជ័យជម្នះទាំងពីរប្រកួត ដោយយកឈ្នះ Liverpool ៣-១ និង Hull City ៣-១។
បន្ទាប់ពីមើលឃើញពីការដឹកនាំល្អដោយទទួលបាន៦ពិន្ទុបន្ថែម ដែលអាចនាំក្រុមឲ្យមានគម្រាតឆ្ងាយពីតំបន់ត្រូវគេកាត់ចោលនោះ អនុប្រធានក្លិប Leicester City លោក Aiyawatt Srivaddhanaprabha សរសើរផង និងសម្រេចផ្តល់តំណែងអ្នកចាត់ការនេះរហូតដល់បញ្ចប់រដូវកាលតែម្តង។
Leicester City នឹងមានកាតព្វកិច្ចសំខាន់មួយទៀតនៅយប់ថ្ងៃអង្គារ ដោយទទួលភ្ញៀវក្រុម Sevilla ក្នុងក្របខណ្ឌកំពូលអឺរ៉ុប Champions League ជើងទី២។ ហើយជើងទី១ Leicester ចាញ់ក្រុមដែលមានមូលដ្ឋាននៅអេស្ប៉ាញនេះ២ទល់នឹង១៕
Tag:
បាល់ទាត់
Craig Shakespeare
Claudio Ranieri
Leicester City
© រក្សាសិទ្ធិដោយ thmeythmey.com