ជាតិ
មេបក្សប្រឆាំងថា គោលនយោបាយគណបក្សក្រៅរដ្ឋាភិបាល មិនមែនជាការសន្យាខ្យល់ទេ
× ភ្នំពេញ៖ មេដឹកនាំគណបក្សប្រឆាំង ផ្តល់តម្លៃខ្ពស់ដល់គោលនយោបាយនៃគណបក្សនីមួយៗ ថាមានប្រយោជន៍សម្រាប់ប្រទេសជាតិ មិនមែនជាការសន្យាខ្យល់នោះទេ។ យ៉ាងណា បក្សកាន់អំណាច នៅតែយល់ថា ឲ្យតែនិយាយហើយ តែធ្វើមិនកើត គឺជាការសន្យាខ្យល់។
ឯកឧត្តម កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ មិនគាំទ្រឡើយចំពោះការសើចចំអកឲ្យគោលនយោបាយរបស់គណបក្សក្រៅរដ្ឋាភិបាល ថាជាការសន្យាខ្យល់។ ផ្ទុយទៅវិញ ឯកឧត្តម កឹម សុខា យល់ថា គោលនយោបាយរបស់គណបក្សនានា ពិតជាបានផ្តល់ផលប្រយោជន៍ច្រើន និងអាចជំរុញឲ្យមានភាពល្អប្រសើរដល់ប្រទេសជាតិ និងប្រជាពលរដ្ឋ បើទោះបីជាគណបក្សទាំងនោះ មិនទាន់បានដឹកនាំប្រទេសក៏ដោយចុះ។
ជុំវិញការយល់ឃើញបែបនេះ ឯកឧត្តម កឹម សុខា ក៏បានលើកយកគោលនយោបាយរបស់គណបក្សខ្លួន មកធ្វើជាឧទាហរណ៍ជាក់ស្តែង។ ឯកឧត្តម កឹម សុខា បានអះអាងថា កាលពីមុន គោលនយោបាយរបស់គណបក្សសង្គ្រោះជាតិ ដែលកំណត់ប្រាក់ខែមន្ត្រីរាជការ ឲ្យបានយ៉ាងតិច១លានរៀល បានទទួលការពេបជ្រាយ ថាមិនអាចទៅរួច ប៉ុន្តែ បច្ចុប្បន្ន គោលនយោបាយមួយនេះ កំពុងតែលេចចេញជារូបរាង។
ការថ្លែងរបស់ឯកឧត្តម កឹម សុខា ខាងលើ គឺធ្វើឡើងក្នុងខេត្តកំពង់ចាម នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧ ដើម្បីផ្សព្វផ្សាយគោលនយោបាយរបស់គណបក្សសង្គ្រោះជាតិក្នុងក្របខណ្ឌផ្ទៃក្នុងគណបក្ស សម្រាប់ការប្រកួតប្រជែងក្នុងការបោះឆ្នោតថ្នាក់ឃុំ-សង្កាត់។ ឯកឧត្តម កឹម សុខា បានបង្ហោះខ្លឹមសារទាំងនេះ នៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន។
ប្រធានគណបក្សប្រឆាំងរូបនេះ និយាយដូច្នេះថា៖«កាលឆ្នាំ២០១៣ គោលនយោបាយគណបក្សសង្គ្រោះជាតិ ថានឹងតម្លើងប្រាក់ខែជូនមន្ដ្រីរាជការឲ្យបានយ៉ាងតិច ១លានរៀល កាលនោះ គេ ថាធ្វើមិនបាន តែឥឡូវស្រាប់តែកំពុងធ្វើបាន។ នៅមានឧទាហរណ៍ច្រើនទៀត ដូចជា ការបញ្ចុះតម្លៃអគ្គិសនី ជាដើម»។
ជុំវិញបញ្ហាខាងលើ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា នៅតែចាត់ទុកថា ជាការសន្យាខ្យល់ដដែល ប្រសិនបើគណបក្សណាមួយ បាននិយាយរួចហើយ តែមិនបានធ្វើ។ ជាក់ស្តែង លោក សុខ ឥសាន បានរៀបរាប់ពីគោលនយោបាយមួយចំនួន ដែលលោកចាត់ទុកថា ជាការបរាជ័យរបស់គណបក្សសង្គ្រោះជាតិ។
បើតាមការរៀបរាប់របស់លោក សុខ ឥសាន គោលនយោបាយទាំងនោះ មានដូចជា ការផ្តល់ប្រាក់ជូនចាស់ៗ ដែលមានអាយុចាប់ពី៦០ឆ្នាំឡើងទៅ ចំនួន៤ម៉ឺនរៀល ក្នុង១ខែ និងការផ្តល់រថយន្តដឹកអ្នកជំងឺមួយគ្រឿង ដល់ឃុំ-សង្កាត់ណា ដែលបេក្ខជនគណបក្សសង្គ្រោះជាតិ បានជាប់ជាមេឃុំ ឬចៅសង្កាត់។ មិនត្រឹមតែប៉ុណ្ណោះ លោក ក៏បានរម្លឹករឿងមួយទៀត គឺការសន្យារបស់បក្សប្រឆាំង ថាឲ្យមេឃុំ ឬចៅសង្កាត់ ទៅធ្វើទស្សនកិច្ច នៅបណ្តាប្រទេសជឿនលឿនមួយចំនួន ដើម្បីដកស្រង់បទពិសោធ ប៉ុន្តែបក្សប្រឆាំង មិនបានគោរពការសន្យានោះទេ។
អ្នកនាំពាក្យបក្សកាន់អំណាចរូបនេះ បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗ បែបនេះថា៖«ថាហើយមិនធ្វើ ហ្នឹងមិនសន្យាខ្យល់? ចំណែកឯ គណបក្សប្រជាជន មិនមែនថាហើយ មិនបានធ្វើទេ។ អ៊ីចឹង វា ខុសគ្នា»។
ក្រោយរិះគន់បក្សប្រឆាំងរួចហើយ លោក សុខ ឥសាន ក៏បានលើកពីគុណសម្បត្តិរបស់គណបក្សប្រជាជនកម្ពុជា ដែលបានអនុវត្តគោលនយោបាយជាក់ស្តែង ដូចជាការដំឡើងប្រាក់ខែជូនដល់មន្ត្រីរាជការ ជាដើម។ លោក សង្កត់ធ្ងន់ថា ការតម្លើងប្រាក់ខែជូនមន្ត្រីរាជការ ជាបន្តបន្ទាប់នេះ គឺជាគោលនយោបាយរបស់គណបក្សប្រជាជកម្ពុជា មិនមែនជាការអនុវត្តតាមគោលនយោបាយរបស់គណបក្សសង្គ្រោះជាតិ ឡើយ។
លោក សង្កត់ធ្ងន់ថា៖«ឥឡូវគាត់ថា ការដំឡើងប្រាក់ខែជូនមន្ត្រីរាជការ ដោយសារតែបក្សប្រឆាំង និយាយ។ និយាយអ៊ីចឹង ជាការឆ្លៀតឱកាស ជាល្បិចនយោបាយរបស់គាត់ ដើម្បីយកគុណសម្បត្តិពីគណបក្សប្រជាជនកម្ពុជា ដែលខិតខំធ្វើ»។
យ៉ាងណាក៏ដោយ បក្សប្រឆាំង ធ្លាប់ប្រកាសជាច្រើនលើកច្រើនសាមកហើយ ថាគោលនយោបាយទាំងនោះ អាចអនុវត្តទៅបាន លុះត្រាតែខ្លួន បានឈ្នះឆ្នោត ដឹកនាំប្រទេសជាមុនសិន៕
© រក្សាសិទ្ធិដោយ thmeythmey.com