ជាតិ
មេបក្ស​ប្រឆាំង​ថា គោលនយោបាយ​គណបក្ស​ក្រៅ​រដ្ឋាភិបាល មិនមែនជា​ការសន្យា​ខ្យល់​ទេ​
13, Mar 2017 , 5:36 pm        
រូបភាព
​ភ្នំពេញ​៖ មេដឹកនាំ​គណបក្សប្រឆាំង ផ្តល់​តម្លៃ​ខ្ពស់​ដល់​គោលនយោបាយ​នៃ​គណបក្ស​នីមួយៗ ថា​មាន​ប្រយោជន៍​សម្រាប់​ប្រទេសជាតិ មិនមែនជា​ការសន្យា​ខ្យល់​នោះទេ​។ យ៉ាងណា បក្ស​កាន់អំណាច នៅតែ​យល់ថា ឲ្យ​តែ​និយាយ​ហើយ តែ​ធ្វើ​មិនកើត គឺជា​ការសន្យា​ខ្យល់​។​



​ឯកឧត្តម កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ មិន​គាំទ្រ​ឡើយ​ចំពោះ​ការ​សើចចំអក​ឲ្យ​គោលនយោបាយ​របស់​គណ​បក្ស​ក្រៅ​រដ្ឋាភិបាល ថា​ជាការ​សន្យា​ខ្យល់​។ ផ្ទុយទៅវិញ ឯកឧត្តម កឹម សុខា យល់ថា គោលនយោបាយ​របស់​គ​ណ​បក្ស​នានា ពិតជា​បានផ្តល់​ផលប្រយោជន៍​ច្រើន និង​អាច​ជំរុញ​ឲ្យ​មាន​ភាពល្អប្រសើរ​ដល់​ប្រទេសជាតិ និង​ប្រជាពលរដ្ឋ បើទោះបីជា​គណបក្ស​ទាំងនោះ មិនទាន់បាន​ដឹកនាំ​ប្រទេស​ក៏ដោយចុះ​។

​ជុំវិញ​ការយល់​ឃើញបែបនេះ ឯកឧត្តម កឹម សុខា ក៏បាន​លើកយក​គោលនយោបាយ​របស់​គណ​បក្ស​ខ្លួន មក​ធ្វើជា​ឧទាហរណ៍​ជាក់ស្តែង​។ ឯកឧត្តម កឹម សុខា បាន​អះអាងថា កាលពីមុន គោលនយោបាយ​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ ដែល​កំណត់​ប្រាក់ខែ​មន្ត្រីរាជការ ឲ្យ​បាន​យ៉ាងតិច​១​លាន​រៀល បានទទួល​ការពេបជ្រាយ ថា​មិនអាច​ទៅរួច ប៉ុន្តែ បច្ចុប្បន្ន គោលនយោបាយ​មួយ​នេះ កំពុងតែ​លេចចេញ​ជា​រូបរាង​។

​ការ​ថ្លែង​របស់​ឯកឧត្តម កឹម សុខា ខាងលើ គឺធ្វើឡើង​ក្នុង​ខេត្តកំពង់ចាម នា​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៧ ដើម្បី​ផ្សព្វផ្សាយ​គោលនយោបាយ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​ក្នុង​ក្របខណ្ឌ​ផ្ទៃក្នុង​គណបក្ស សម្រាប់​ការប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត​ថ្នាក់ឃុំ​-​សង្កាត់​។ ឯកឧត្តម កឹម សុខា បាន​បង្ហោះ​ខ្លឹមសារ​ទាំងនេះ នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​។

​ប្រធាន​គណបក្សប្រឆាំង​រូបនេះ និយាយ​ដូច្នេះ​ថា​៖«​កាល​ឆ្នាំ​២០១៣ គោលនយោបាយ​គណបក្ស​សង្គ្រោះ​ជាតិ ថា​នឹង​តម្លើង​ប្រាក់ខែ​ជូន​មន្ដ្រីរាជការ​ឲ្យ​បាន​យ៉ាងតិច ១​លាន​រៀល កាលនោះ គេ ថា​ធ្វើ​មិនបាន តែ​ឥឡូវ​ស្រាប់តែ​កំពុង​ធ្វើបាន​។ នៅមាន​ឧទាហរណ៍​ច្រើន​ទៀត ដូចជា ការបញ្ចុះ​តម្លៃ​អគ្គិសនី ជាដើម​»​។​

​ជុំវិញ​បញ្ហា​ខាងលើ លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា នៅតែ​ចាត់ទុកថា ជាការ​សន្យា​ខ្យល់​ដដែល ប្រសិនបើ​គណបក្ស​ណាមួយ បាន​និយាយ​រួចហើយ តែ​មិន​បានធ្វើ​។ ជាក់ស្តែង លោក សុខ ឥសាន បាន​រៀបរាប់​ពី​គោលនយោបាយ​មួយចំនួន ដែល​លោក​ចាត់ទុកថា ជាការ​បរាជ័យ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​។

​បើតាម​ការរៀបរាប់រ​ប​ស់លោក សុខ ឥសាន គោលនយោបាយ​ទាំងនោះ មានដូចជា ការផ្តល់ប្រាក់​ជូន​ចាស់ៗ ដែលមាន​អាយុ​ចាប់ពី​៦០​ឆ្នាំ​ឡើងទៅ ចំនួន​៤​ម៉ឺន​រៀល ក្នុង​១​ខែ និង​ការផ្តល់​រថយន្ត​ដឹក​អ្នកជំងឺ​មួយគ្រឿង ដល់​ឃុំ​-​សង្កាត់​ណា ដែល​បេក្ខជន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជាប់​ជា​មេឃុំ ឬ​ចៅសង្កាត់​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ លោក ក៏បាន​រម្លឹក​រឿង​មួយទៀត គឺ​ការសន្យា​របស់​បក្សប្រឆាំង ថា​ឲ្យ​មេឃុំ ឬ​ចៅសង្កាត់ ទៅធ្វើ​ទស្សនកិច្ច នៅ​បណ្តា​ប្រទេស​ជឿនលឿន​មួយចំនួន ដើម្បី​ដកស្រង់​បទពិសោធ ប៉ុន្តែ​បក្សប្រឆាំង មិនបាន​គោរព​ការសន្យា​នោះទេ​។

​អ្នកនាំពាក្យ​បក្ស​កាន់អំណាច​រូបនេះ បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មីៗ បែបនេះ​ថា​៖«​ថា​ហើយ​មិន​ធ្វើ ហ្នឹង​មិន​សន្យា​ខ្យល់​? ចំណែកឯ គណបក្ស​ប្រជាជន មិនមែន​ថា​ហើយ មិនបាន​ធ្វើ​ទេ​។ អ៊ីចឹង វា ខុសគ្នា​»​។

​ក្រោយ​រិះគន់​បក្សប្រឆាំង​រួចហើយ លោក សុខ ឥសាន ក៏បាន​លើក​ពី​គុណសម្បត្តិ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​អនុវត្ត​គោលនយោបាយ​ជាក់ស្តែង ដូចជា​ការដំឡើង​ប្រាក់ខែ​ជូន​ដល់​មន្ត្រីរាជការ ជាដើម​។ លោក សង្កត់ធ្ងន់ថា ការ​តម្លើង​ប្រាក់ខែ​ជូន​មន្ត្រីរាជការ ជា​បន្តបន្ទាប់​នេះ គឺជា​គោលនយោបាយ​របស់​គណ​បក្ស​ប្រជាជ​កម្ពុជា មិនមែនជា​ការអនុវត្ត​តាម​គោលនយោបាយ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ ឡើយ​។

លោក សង្កត់ធ្ងន់ថា​៖«​ឥឡូវ​គាត់​ថា ការដំឡើង​ប្រាក់ខែ​ជូន​មន្ត្រីរាជការ ដោយសារតែ​បក្សប្រឆាំង និយាយ​។ និយាយ​អ៊ីចឹង ជាការ​ឆ្លៀតឱកាស ជា​ល្បិច​នយោបាយ​របស់គាត់ ដើម្បី​យកគុណ​សម្បត្តិ​ពី​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ខិតខំ​ធ្វើ​»​។

​យ៉ាងណាក៏ដោយ បក្សប្រឆាំង ធ្លាប់​ប្រកាស​ជាច្រើនលើក​ច្រើនសា​មកហើយ ថា​គោលនយោបាយ​ទាំងនោះ អាចអនុវត្ត​ទៅបាន លុះត្រាតែ​ខ្លួន បានឈ្នះ​ឆ្នោត ដឹកនាំ​ប្រទេស​ជាមុនសិន​៕


Tag:
 សុខ ឥសាន​
  កឹម សុខា
© រក្សាសិទ្ធិដោយ thmeythmey.com