ជាតិ
ឯកឧត្តម កឹម សុខា ថា ទោះ​មាន​គេ​ឆ្កឹះឆ្កៀល​យ៉ាងណា ក៏​CNRP​នៅតែ​រឹងមាំ តែ​CPP ថា ជា​លេស​ដោះសារ
14, Mar 2017 , 12:16 pm        
រូបភាព
​ភ្នំពេញ​៖ បក្សប្រឆាំង អះអាងថា ខ្លួន មិន​បែកបាក់​ផ្ទៃក្នុង​ឡើយ ហើយ​នៅតែ​រឹងមាំ​ជានិច្ច ដើម្បី​ធ្វើដំណើរ​ឆ្ពោះទៅកាន់​ការបោះឆ្នោត នាពេលខាងមុខ​។ បក្ស​កាន់អំណាច ចាត់ទុក​ការអះអាង​របស់​បក្សប្រឆាំង ថា​ជាការ​ដោះសា ចំពោះ​អ្នកគាំទ្រ​របស់ខ្លួន​។



«​ការមិន​បែកបាក់​» គឺជា​សារ​នយោបាយ ដែល​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ឧស្សាហ៍​លើក​មក​និយាយ​នៅ​ចំពោះមុខ​មន្ត្រី និង​សកម្មជន​របស់ខ្លួន​។ ជាពិសេស ក្នុង​កាលៈទេសៈ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ កំពុងតែ​ប្រឈម​នឹង​បញ្ហា​មួយចំនួន ការបញ្ជាក់​ពី​ភាពរឹងមាំ​បែបនេះ តែងតែ​ត្រូវ​បង្ហាញ​ជា​ញឹកញាប់ នៅតាម​វេទិកា​នានា​។

​ជាក់ស្តែង ក្នុង​ពិធី​ផ្សព្វផ្សាយ ពី​គោលនយោបាយ ដើម្បី​ប្រកួតប្រជែង​ការបោះឆ្នោត​ថ្នាក់ឃុំ​-​សង្កាត់ ដែល​រៀបចំឡើង​នៅ​ទីស្នាក់ការ​កណ្តាល នា​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០១៧​នេះ ឯកឧត្តម កឹម សុខា ក្នុងនាម​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែងថា គណបក្ស​សង្គ្រោះ​ជាតិ នៅតែមាន​សាមគ្គីភាព បើទោះបីជា​មានការ​រុកកួន​ពី​ខាងក្រៅ​យ៉ាងណាក៏ដោយ​។

នៅ​ចំពោះមុខ​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ថ្នាក់ឃុំ​-​សង្កាត់ រួមទាំង​មន្ត្រីជាន់ខ្ពស់​ជាច្រើនរូប ឯកឧត្តម កឹម សុខា បាន​បញ្ជាក់ថា គណបក្ស​សង្គ្រោះ​ជាតិ នៅតែ​រក្សា​ភាពខ្លាំង​របស់ខ្លួន ហើយ​បន្តដំណើរ​ឆ្ពោះទៅកាន់​ការបោះឆ្នោត ដើម្បី​នាំមក​នូវ​ការផ្លាស់ប្តូរ​ដោយ​សន្តិភាព​។

​មេបក្ស​ប្រឆាំង​រូបនេះ បាន​និយាយ​ដូច្នេះ​ថា​៖«​យើង​ជឿជាក់​លើ​ខ្លួន​យើង​។ យើង​ជឿជាក់​លើ​គណបក្ស​យើង​។ យើង​ជឿជាក់​លើ​គោលនយោបាយ​យើង​។ យើង​ជឿជាក់​លើ​គោលជំហរ​ថ្នាក់ដឹកនាំ​យើង​។ ទោះបីជា​គេ​ឆ្កឹះឆ្កៀល បំបែកបំបាក់​យ៉ាងណា ក៏​យើង​នៅតែ​រឹងមាំ​ជានិច្ច​។ នេះហើយ ជា​ភាព​អស្ចារ្យ​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ​»​។ 

​យ៉ាងណា ក្នុង​រយៈកាល​ចុងក្រោយ​នេះ គេ​សង្កេតឃើញថា គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួប​បញ្ហា​ជា​ហូរហែ​។ មន្ត្រីជាន់ខ្ពស់ និង​សកម្មជន​មួយចំនួន ដែល​កំពុង​ជាប់ពន្ធនាគារ និង​ជាប់​បណ្តឹង​នៅក្នុង​តុលាការ គឺជា​បញ្ហា​ស្មុគស្មាញ​មួយ ដែល​គណបក្ស​សង្គ្រោះ​ជាតិ នៅតែ​ខ្វល់ខ្វាយ​។ ជាងនេះទៀត រឿងអាស្រូវ​របស់​មន្ត្រី​ជាន់ខ្ពស់​មួយចំនួន បាន​លេច​ឡើងជា​បន្តបន្ទាប់ ដោយសារតែ​ការ​លួច​ថត​សំឡេង​របស់​ពួកគេ ដែល​និយាយ​គ្នា​តាម​ទូរ​សព្ទ ដោយ​អ​នា​មិក​ជន ហើយ​យកទៅ​បង្ហោះ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក យ៉ាង​ព្រោងព្រាត​។ អ្វីដែល​គួរ​ឲ្យ​គត់​សម្គាល់​នោះ គឺ​ការផ្លាស់ប្តូរ​រចនាសម្ព័ន្ធ​ថ្មី​នៃ​ថ្នាក់ដឹកនាំ របស់​គណបក្ស​សង្គ្រោះ​ជាតិ​។

​ការលើកឡើង​របស់​ឯក​ឧ​ត្ត​ម កឹម សុខា ធ្វើឡើង​ក្នុង​កាលៈទេសៈ​ដែល​សាធារណជន​មួយចំនួន បាន​សន្និដ្ឋានថា បក្សប្រឆាំង​កំពុងតែ​បែកបាក់​ផ្ទៃក្នុង បន្ទាប់ពី​លោក​រង​ការរិះគន់ ទាក់ទង​នឹង​ការរៀបចំ​ក្បួន​ឡើងកាន់តំណែង​ជា​ប្រធាន​បក្ស ​ជំនួស​លោក សម រង្ស៊ី​។

​លោក សួស យ៉ា​រ៉ា អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា យល់ថា ការបែកបាក់​ឬ​មិន​បែកបាក់​គឺជា​រឿង​ផ្ទៃក្នុង​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ ដូច្នេះ​លោក សុំ​មិន​និយាយ​អ្វី​ច្រើន​ឡើយ​។ យ៉ាងណា លោក សួស យ៉ា​រ៉ា នៅតែ​និយាយថា សារ​នយោបាយ​របស់​ឯក​ឧ​ត្ត​ម កឹម សុខា ដែល​ចង់បង្ហាញ​ពី​ការមិន​បែកបាក់​ផ្ទៃក្នុង គ្រាន់តែ​ជាការ​ដោះសា ប៉ុណ្ណោះ​។

​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ អ្នកនាំពាក្យ​បក្ស​កាន់អំណាច​រូបនេះ បញ្ជាក់​ដូច្នេះ​ថា​៖«​បែកបាក់ មិន​បែកបាក់ យើង​មើលទៅ​។ ជាពិសេស ការ​ផ្តាស់​ប្តូរ​មេដឹកនាំ​របស់​បក្សប្រឆាំង​។ ហើយ​ការបែកបាក់ មិន​បែកបាក់ មិន​ពាក់ព័ន្ធ​អ្វី​ជាមួយ​យើង (​គណបក្ស​ប្រជាជន​) ទេ​។ គាត់​និយាយ​អ្វី ក៏​និយាយ​ទៅ កុំ​ឲ្យ​តែ​ប៉ះពាល់​ដល់​យើង​។  យើង មានតម្លៃ​របស់​យើង​»៕


Tag:
 កឹម សុខា​
  សួស យ៉ា​រ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com