ជាតិ
ឯកឧត្តម កឹម សុខា ថា ទោះមានគេឆ្កឹះឆ្កៀលយ៉ាងណា ក៏CNRPនៅតែរឹងមាំ តែCPP ថា ជាលេសដោះសារ
× ភ្នំពេញ៖ បក្សប្រឆាំង អះអាងថា ខ្លួន មិនបែកបាក់ផ្ទៃក្នុងឡើយ ហើយនៅតែរឹងមាំជានិច្ច ដើម្បីធ្វើដំណើរឆ្ពោះទៅកាន់ការបោះឆ្នោត នាពេលខាងមុខ។ បក្សកាន់អំណាច ចាត់ទុកការអះអាងរបស់បក្សប្រឆាំង ថាជាការដោះសា ចំពោះអ្នកគាំទ្ររបស់ខ្លួន។
«ការមិនបែកបាក់» គឺជាសារនយោបាយ ដែលថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ឧស្សាហ៍លើកមកនិយាយនៅចំពោះមុខមន្ត្រី និងសកម្មជនរបស់ខ្លួន។ ជាពិសេស ក្នុងកាលៈទេសៈដែលគណបក្សសង្គ្រោះជាតិ កំពុងតែប្រឈមនឹងបញ្ហាមួយចំនួន ការបញ្ជាក់ពីភាពរឹងមាំបែបនេះ តែងតែត្រូវបង្ហាញជាញឹកញាប់ នៅតាមវេទិកានានា។
ជាក់ស្តែង ក្នុងពិធីផ្សព្វផ្សាយ ពីគោលនយោបាយ ដើម្បីប្រកួតប្រជែងការបោះឆ្នោតថ្នាក់ឃុំ-សង្កាត់ ដែលរៀបចំឡើងនៅទីស្នាក់ការកណ្តាល នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧នេះ ឯកឧត្តម កឹម សុខា ក្នុងនាមជាប្រធានគណបក្សសង្គ្រោះជាតិ បានថ្លែងថា គណបក្សសង្គ្រោះជាតិ នៅតែមានសាមគ្គីភាព បើទោះបីជាមានការរុកកួនពីខាងក្រៅយ៉ាងណាក៏ដោយ។
នៅចំពោះមុខបេក្ខជនឈរឈ្មោះបោះឆ្នោតថ្នាក់ឃុំ-សង្កាត់ រួមទាំងមន្ត្រីជាន់ខ្ពស់ជាច្រើនរូប ឯកឧត្តម កឹម សុខា បានបញ្ជាក់ថា គណបក្សសង្គ្រោះជាតិ នៅតែរក្សាភាពខ្លាំងរបស់ខ្លួន ហើយបន្តដំណើរឆ្ពោះទៅកាន់ការបោះឆ្នោត ដើម្បីនាំមកនូវការផ្លាស់ប្តូរដោយសន្តិភាព។
មេបក្សប្រឆាំងរូបនេះ បាននិយាយដូច្នេះថា៖«យើងជឿជាក់លើខ្លួនយើង។ យើងជឿជាក់លើគណបក្សយើង។ យើងជឿជាក់លើគោលនយោបាយយើង។ យើងជឿជាក់លើគោលជំហរថ្នាក់ដឹកនាំយើង។ ទោះបីជាគេឆ្កឹះឆ្កៀល បំបែកបំបាក់យ៉ាងណា ក៏យើងនៅតែរឹងមាំជានិច្ច។ នេះហើយ ជាភាពអស្ចារ្យរបស់គណបក្សសង្គ្រោះជាតិ»។
យ៉ាងណា ក្នុងរយៈកាលចុងក្រោយនេះ គេសង្កេតឃើញថា គណបក្សសង្គ្រោះជាតិ បានជួបបញ្ហាជាហូរហែ។ មន្ត្រីជាន់ខ្ពស់ និងសកម្មជនមួយចំនួន ដែលកំពុងជាប់ពន្ធនាគារ និងជាប់បណ្តឹងនៅក្នុងតុលាការ គឺជាបញ្ហាស្មុគស្មាញមួយ ដែលគណបក្សសង្គ្រោះជាតិ នៅតែខ្វល់ខ្វាយ។ ជាងនេះទៀត រឿងអាស្រូវរបស់មន្ត្រីជាន់ខ្ពស់មួយចំនួន បានលេចឡើងជាបន្តបន្ទាប់ ដោយសារតែការលួចថតសំឡេងរបស់ពួកគេ ដែលនិយាយគ្នាតាមទូរសព្ទ ដោយអនាមិកជន ហើយយកទៅបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក យ៉ាងព្រោងព្រាត។ អ្វីដែលគួរឲ្យគត់សម្គាល់នោះ គឺការផ្លាស់ប្តូររចនាសម្ព័ន្ធថ្មីនៃថ្នាក់ដឹកនាំ របស់គណបក្សសង្គ្រោះជាតិ។
ការលើកឡើងរបស់ឯកឧត្តម កឹម សុខា ធ្វើឡើងក្នុងកាលៈទេសៈដែលសាធារណជនមួយចំនួន បានសន្និដ្ឋានថា បក្សប្រឆាំងកំពុងតែបែកបាក់ផ្ទៃក្នុង បន្ទាប់ពីលោករងការរិះគន់ ទាក់ទងនឹងការរៀបចំក្បួនឡើងកាន់តំណែងជាប្រធានបក្ស ជំនួសលោក សម រង្ស៊ី។
លោក សួស យ៉ារ៉ា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា យល់ថា ការបែកបាក់ឬមិនបែកបាក់គឺជារឿងផ្ទៃក្នុងរបស់គណបក្សសង្គ្រោះជាតិ ដូច្នេះលោក សុំមិននិយាយអ្វីច្រើនឡើយ។ យ៉ាងណា លោក សួស យ៉ារ៉ា នៅតែនិយាយថា សារនយោបាយរបស់ឯកឧត្តម កឹម សុខា ដែលចង់បង្ហាញពីការមិនបែកបាក់ផ្ទៃក្នុង គ្រាន់តែជាការដោះសា ប៉ុណ្ណោះ។
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ អ្នកនាំពាក្យបក្សកាន់អំណាចរូបនេះ បញ្ជាក់ដូច្នេះថា៖«បែកបាក់ មិនបែកបាក់ យើងមើលទៅ។ ជាពិសេស ការផ្តាស់ប្តូរមេដឹកនាំរបស់បក្សប្រឆាំង។ ហើយការបែកបាក់ មិនបែកបាក់ មិនពាក់ព័ន្ធអ្វីជាមួយយើង (គណបក្សប្រជាជន) ទេ។ គាត់និយាយអ្វី ក៏និយាយទៅ កុំឲ្យតែប៉ះពាល់ដល់យើង។ យើង មានតម្លៃរបស់យើង»៕
Tag:
កឹម សុខា
សួស យ៉ារ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com