ជាតិ
មេធាវី ប្តឹងទៅ​តុលាការ​កំពូល​ម្តងទៀត ដើម្បី​សុំ​ឲ្យ​ដោះលែង​មន្ត្រី​អាដហុក និង​គ​.​ជ​.​ប
14, Mar 2017 , 10:59 pm        
រូបភាព
 ​ភ្នំពេញ​៖ ទោះ​បរាជ័យ​មិនតិច​ដង​ក្តី ក្រុម​មេធាវី នៅតែ​ព្យាយាម​សុំ​ឲ្យ​ដោះលែង​មន្ត្រី​អាដហុក​ទាំង​បួនរូប និង​មន្ត្រី​គ​.​ជ​.​ប មួយរូប ដែល​កំពុង​ជាប់ពន្ធនាគារ ព្រោះ​រឿងអាស្រូវ​របស់​ស្រីមុំ​។ ថ្មីៗ​នេះ ក្រុម​មេធាវី បានដាក់​សំណើ​ម្តងទៀត ទៅកាន់​តុលាការ​កំពូល ដើម្បី​សុំ​ឲ្យ​ដោះលែង​អ្នក​ទាំង​៥​ខាងលើ​។



​ក្រុម​មេធាវី ទើបតែ​បានដាក់​បណ្តឹង​សាទុក្ខ​ម្តងទៀត ទៅកាន់​តុលាការ​កំពូល ដើម្បី​សុំ​ឲ្យ​មន្ត្រី​អាដហុក​ទាំង​បួនរូប និង​មន្ត្រី​គ​.​ជ​.​ប មួយរូប ដែល​កំពុង​ជា​ពន្ធនាគារ ដោយសារតែ​រឿងអាស្រូវ​របស់​ស្រីមុំ បានរស់នៅ​ក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន​។ នេះ​ជាការ​អះអាង​របស់លោក ឡោ ជុន​ធី មេធាវី​មួយរូប ការពារ​ក្តី​ឲ្យ​មន្ត្រី​អាដហុក និង​មន្ត្រី​គ​.​ជ​.​ប ដែល​បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​។

​យ៉ាងណា លោក ឡោ ជុន​ធី មិនទាន់​ដឹងថា តុលាការ​កំពូល នឹង​បើកសវនាការ លើ​សំណើសុំ​នៅក្រៅ​ឃុំ​នេះ នៅពេលណា​ឡើយ​។ បើតាម​លោក ឡោ ជុន​ធី ដដែល ក្រុម​មេធាវី បាន​បរាជ័យ​ប្រហែលជា ៦​លើក​មកហើយ ក្នុងការ​ដាក់សំណើ​ទៅកាន់​តុលាការ​ជាន់​ទាប រហូតដល់​តុលាការ​ជាន់ខ្ពស់ ដើម្បី​សុំ​ឲ្យ​កូនក្តី​របស់​ពួកគេ បាន​នៅក្រៅ​ឃុំ​។​

​លោក បាន​លើកឡើងថា ច្បាប់ អនុញាត​ឲ្យ​មេធាវី មាន​សិទ្ធិ​ដាក់សំណើ​បានជា​ច្រើនលើក ដើម្បី​សុំ​ឲ្យ​តុលាការ ដោះលែង​កូនក្តី​របស់ខ្លួន ជា​បណ្តោះអាសន្ន​។ លោក​មេធាវី​រូបនេះ និយាយ​ដូច្នេះ​ថា​៖«​ជា​នីតិវិធី យើង​អាច​សុំ​បាន​ច្រើនដង​។ បើ​គេ​មិន​ឲ្យ យើង​ដាក់សំណើ​ទៀត​ទៅ​។ ច្បាប់​អនុញ្ញាត​តើ​»​។

​ហេតុផល​ទាំង​៦​លើក ដែល​តុលាការ មិន​អនុញ្ញាត​ឲ្យ​មន្ត្រី​អាដហុក​និង​មន្ត្រី​គ​.​ជ​.​ប រស់នៅ​ក្រៅ​ឃុំ មិន​ខុសគ្នា​ប៉ុន្មាន​ទេ​។ ហេតុផល​ទាំងនោះ មានដូចជា សំណុំរឿង​របស់​មន្ត្រី​អាដហុក​និង​មន្ត្រី​គ​.​ជ​.​ប កំពុងតែ​ស្ថិតក្នុង​ដំណាក់​ការ​នៃ​ការ​ស៊ើបសួរ​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ដូច្នេះ​ការឃុំខ្លួន​ពួកគេ អាច​ធានា​ដល់​ការអនុវត្ត​នីតិវិធី​។ ម្យ៉ាងទៀត​តុលាការ ខ្លាច​ក្រែងលោ មន្ត្រី​អាដហុក និង​មន្ត្រី​គ​.​ជ​.​ប បង្ក​បទល្មើស​ផ្សេងទៀត ប្រសិនបើ​ពួកគេ រស់នៅ​ក្រៅ​ឃុំ​។

​រហូតមកដល់​ពេលនេះ មន្ត្រី​អាដហុក និង​មន្ត្រី​គ​.​ជ​.​ប បាន​ជាប់ឃុំ​អស់​រយៈពេល​ជាង​១០​ខែ​ហើយ​។ បច្ចុប្បន្ន​សំណុំរឿង​រប​ស់​ពួកគេ កំពុងតែ​ស្ថិតនៅក្នុង​ដៃ​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

​មន្ត្រី​អាដហុក​ទាំង​បួនរូប ដែល​រួមមាន លោក នី សុខា លោក ណៃ វង់​ដា លោក យី សុខសាន្ត និង​លោកស្រី លឹម មុន្នី ត្រូវបាន​ចោទ​ពីបទ «​សូកប៉ាន់​សាក្សី​» ពាក់ព័ន្ធ​នឹង​រឿងអាស្រូវ​របស់​ស្រីមុំ ជាមួយនឹង​ឯកឧត្តម កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​។ ចំណែកឯ លោក នី ចរិយា អគ្គលេខាធិការរងរ​ប​ស់គ​.​ជ​.​ប ក៏​ជាប់​ពាក់ព័ន្ធ​នឹង​រឿងអាស្រូវ​ខាងលើ​ដែរ ដោយ​រង​បទ​ចោទ «​សមគំនិត​ក្នុង​អំពើ​សូកប៉ាន់​សាក្សី​»៕


Tag:
 តុលាការ​
  មេធាវី​
  អាដហុក​
  គជប
© រក្សាសិទ្ធិដោយ thmeythmey.com