ជាតិ
មេធាវី ប្តឹងទៅតុលាការកំពូលម្តងទៀត ដើម្បីសុំឲ្យដោះលែងមន្ត្រីអាដហុក និងគ.ជ.ប
× ភ្នំពេញ៖ ទោះបរាជ័យមិនតិចដងក្តី ក្រុមមេធាវី នៅតែព្យាយាមសុំឲ្យដោះលែងមន្ត្រីអាដហុកទាំងបួនរូប និងមន្ត្រីគ.ជ.ប មួយរូប ដែលកំពុងជាប់ពន្ធនាគារ ព្រោះរឿងអាស្រូវរបស់ស្រីមុំ។ ថ្មីៗនេះ ក្រុមមេធាវី បានដាក់សំណើម្តងទៀត ទៅកាន់តុលាការកំពូល ដើម្បីសុំឲ្យដោះលែងអ្នកទាំង៥ខាងលើ។
ក្រុមមេធាវី ទើបតែបានដាក់បណ្តឹងសាទុក្ខម្តងទៀត ទៅកាន់តុលាការកំពូល ដើម្បីសុំឲ្យមន្ត្រីអាដហុកទាំងបួនរូប និងមន្ត្រីគ.ជ.ប មួយរូប ដែលកំពុងជាពន្ធនាគារ ដោយសារតែរឿងអាស្រូវរបស់ស្រីមុំ បានរស់នៅក្រៅឃុំជាបណ្តោះអាសន្ន។ នេះជាការអះអាងរបស់លោក ឡោ ជុនធី មេធាវីមួយរូប ការពារក្តីឲ្យមន្ត្រីអាដហុក និងមន្ត្រីគ.ជ.ប ដែលបានប្រាប់សារព័ត៌មានថ្មីៗ។
យ៉ាងណា លោក ឡោ ជុនធី មិនទាន់ដឹងថា តុលាការកំពូល នឹងបើកសវនាការ លើសំណើសុំនៅក្រៅឃុំនេះ នៅពេលណាឡើយ។ បើតាមលោក ឡោ ជុនធី ដដែល ក្រុមមេធាវី បានបរាជ័យប្រហែលជា ៦លើកមកហើយ ក្នុងការដាក់សំណើទៅកាន់តុលាការជាន់ទាប រហូតដល់តុលាការជាន់ខ្ពស់ ដើម្បីសុំឲ្យកូនក្តីរបស់ពួកគេ បាននៅក្រៅឃុំ។
លោក បានលើកឡើងថា ច្បាប់ អនុញាតឲ្យមេធាវី មានសិទ្ធិដាក់សំណើបានជាច្រើនលើក ដើម្បីសុំឲ្យតុលាការ ដោះលែងកូនក្តីរបស់ខ្លួន ជាបណ្តោះអាសន្ន។ លោកមេធាវីរូបនេះ និយាយដូច្នេះថា៖«ជានីតិវិធី យើងអាចសុំបានច្រើនដង។ បើគេមិនឲ្យ យើងដាក់សំណើទៀតទៅ។ ច្បាប់អនុញ្ញាតតើ»។
ហេតុផលទាំង៦លើក ដែលតុលាការ មិនអនុញ្ញាតឲ្យមន្ត្រីអាដហុកនិងមន្ត្រីគ.ជ.ប រស់នៅក្រៅឃុំ មិនខុសគ្នាប៉ុន្មានទេ។ ហេតុផលទាំងនោះ មានដូចជា សំណុំរឿងរបស់មន្ត្រីអាដហុកនិងមន្ត្រីគ.ជ.ប កំពុងតែស្ថិតក្នុងដំណាក់ការនៃការស៊ើបសួររបស់សាលាដំបូងរាជធានីភ្នំពេញ ដូច្នេះការឃុំខ្លួនពួកគេ អាចធានាដល់ការអនុវត្តនីតិវិធី។ ម្យ៉ាងទៀតតុលាការ ខ្លាចក្រែងលោ មន្ត្រីអាដហុក និងមន្ត្រីគ.ជ.ប បង្កបទល្មើសផ្សេងទៀត ប្រសិនបើពួកគេ រស់នៅក្រៅឃុំ។
រហូតមកដល់ពេលនេះ មន្ត្រីអាដហុក និងមន្ត្រីគ.ជ.ប បានជាប់ឃុំអស់រយៈពេលជាង១០ខែហើយ។ បច្ចុប្បន្នសំណុំរឿងរបស់ពួកគេ កំពុងតែស្ថិតនៅក្នុងដៃចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ។
មន្ត្រីអាដហុកទាំងបួនរូប ដែលរួមមាន លោក នី សុខា លោក ណៃ វង់ដា លោក យី សុខសាន្ត និងលោកស្រី លឹម មុន្នី ត្រូវបានចោទពីបទ «សូកប៉ាន់សាក្សី» ពាក់ព័ន្ធនឹងរឿងអាស្រូវរបស់ស្រីមុំ ជាមួយនឹងឯកឧត្តម កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ។ ចំណែកឯ លោក នី ចរិយា អគ្គលេខាធិការរងរបស់គ.ជ.ប ក៏ជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវខាងលើដែរ ដោយរងបទចោទ «សមគំនិតក្នុងអំពើសូកប៉ាន់សាក្សី»៕
Tag:
តុលាការ
មេធាវី
អាដហុក
គជប
© រក្សាសិទ្ធិដោយ thmeythmey.com