អន្តរជាតិ
កាដូ​ឆ្នាំ​ថ្មី​! រដ្ឋាភិបាល​ថៃ អត់​យក​ថ្លៃ​ធ្វើដំណើរ​ទៅ​ស្រុក​សម្រាប់​ពលករ​កម្ពុជា​,​ឡាវ​,​មី​យ៉ាន់​ម៉ា​
15, Mar 2017 , 9:12 am        
រូបភាព
ពលករខុសច្បាប់កម្ពុជា-ដែលត្រូវអាជ្ញាធរថៃបញ្ជុនត្រឡប់មកវិញ-(រូបថត-Xinhua)
ពលករខុសច្បាប់កម្ពុជា-ដែលត្រូវអាជ្ញាធរថៃបញ្ជុនត្រឡប់មកវិញ-(រូបថត-Xinhua)
​មកទល់ពេលនេះ នៅសល់​មួយខែ​ទៀត​ប៉ុណ្ណោះ ពិធីបុណ្យ​ចូលឆ្នាំថ្មី ឬ​បុណ្យ​ស​ង្ក្រា​ន នឹង​មកដល់​។ ជា​កាដូ​អបអរ​ឆ្នាំ​ថ្មី រដ្ឋាភិបាល​ថៃ នៅ​ថ្ងៃទី​១៤ ខែមីនា បានអនុម័ត​យល់ព្រម​ក្នុង​ការផ្ដល់សេវា​ធ្វើដំណើរ​មិន​គិតថ្លៃ​សម្រាប់​ការធ្វើដំណើរ​តាមផ្លូវ​ល្បឿន​លឿន​សម្រាប់​យានយន្ត​គ្រប់​ប្រភេទ​។ ក្រៅពី​ប្រជាជន​ថៃ ពលករ​ចំណាកស្រុក​មកពី​ប្រទេសជិតខាង​របស់​ថៃ ក៏​ទទួលបាន​ការផ្ដល់​កាដូ​សម្រាប់​ឆ្នាំ​ថ្មី​ផងដែរ​។​



​រដ្ឋមន្ត្រី​ដឹកជញ្ជូន​ថៃ លោក Arkhom Termpittayapaisith បាន​និយាយថា គណៈរដ្ឋមន្ត្រី បានអនុញ្ញាត​ឲ្យ​នាយកដ្ឋាន​ផ្លូវ Highways លុបចោល​ការបង់ថ្លៃ​ធ្វើដំណើរ​រវាង​រាជធានី​បាងកក និង​ខេត្ត​ប៉ា​តា​យ៉ា និង​ផ្លូវ​ក្រវាត់​ភ្ជាប់​រវាង Bang Pa-in ទៅកាន់ Bang Phli ចាប់ពី​ថ្ងៃទី​១១ ដល់​ថ្ងៃទី​១៨ ខែមេសា​។ នេះ​បើ​យោងតាម​ការផ្សាយ​របស់​កាសែត​បាងកក​ប៉ុស្តិ៍​។​

​បន្ថែម​ពីលើ​នោះ រដ្ឋមន្ត្រី​ដឹកជញ្ជូន​រូបនេះ ក៏​និយាយ​ដែរ​ថា អាជ្ញាធរ​ទទួល​ផ្លូវ Expressway ក៏មាន​គម្រោង​លុបចោល​យក​ថ្លៃ​សម្រាប់​យានយន្ត​ធ្វើដំណើរ​លើផ្លូវ​រវាង Bang Na និង​ខេត្ត Chonburi អំឡុងពេល​បុណ្យចូលឆ្នាំថ្មី​នេះដែរ​។ ការសម្រេចចិត្ត​បែបនេះ ធ្វើឡើង​ដើម្បី​សម្រួលការ​ធ្វើដំណើរ​តាម​ដងផ្លូវ​ក្នុងពេល​ឆ្នាំ​ថ្មី ខណៈ​ការធ្វើដំណើរ​ក្នុង​ពេលនេះ នឹង​កើនឡើង​ខ្លាំង ហើយ​អាច​កកស្ទះ​ជាង​ថ្ងៃ​ធម្មតា​។

​មិន​ត្រឹមតែ​ជនជាតិ​ថៃ​ឡើយ​ដែល​ទទួល​កាដូ​សម្រាប់​ឆ្នាំ​ថ្មី រដ្ឋាភិបាល​ថៃ ក៏បាន​លុបចោល​ថ្លៃ​ធ្វើដំណើរ​របស់​ពលករ​រាប់លាន​នាក់ ដែល​កំពុងធ្វើការ​នៅលើ​ទឹកដី​ថៃ​ង​ផងដែរ​។ អ្នកនាំពាក្យ​រដ្ឋាភិបាល​ថៃ Athisit Chaiyanuwat បញ្ជាក់ថា គណៈរដ្ឋមន្ត្រី បាន​បញ្ជា​ឲ្យ​ក្រសួងមហាផ្ទៃ លុបចោល​ថ្លៃ​ធ្វើដំណើរ​ទៅលេង​ស្រុកកំណើត​សម្រាប់​ពលករ​មកពី​ប្រទេសជិតខាង​ចំនួន​៣ គឺ​កម្ពុជា​, ឡាវ និង​មី​យ៉ាន់​ម៉ា​។  

​ការលុបចោល​ថ្លៃ​ធ្វើដំណើរ​នេះ នឹង​ចាប់ផ្ដើម​ពីថ្ងៃ​ទី​៥ ដល់​ថ្ងៃទី​៣០ ខែមេសា ដើម្បី​អនុញ្ញាត​ឲ្យ​ពលករ​ទាំង​៣​ប្រទេស អាច​អបអរ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​នៅ​ស្រុកកំណើត​របស់​ពួក​ដោយ​សប្បាយរីករាយ​។ ជាមួយគ្នា​នោះ ប៉ូលិសអន្តោប្រវេសន៍ ក៏​ទទួលបាន​ការណែនាំ​មិន​ឲ្យ​យក​ថ្លៃ​ធ្វើដំណើរ​សម្រាប់​ពលករ​ទាំងអស់​ផងដែរ​។ ចំណែក​ក្រសួងមហាផ្ទៃ ក៏​នឹង​សម្រួលការ​ធ្វើដំណើរ​រប​ស់ព​លករ ក៏ដូចជា​សមាជិកគ្រួសា​រ​ពួកគេ​ដែរ​។​

​សូមបញ្ជាក់ថា ពិធីបុណ្យ​ចូលឆ្នាំថ្មី គឺជា​បុណ្យ​ដ៏​ធំ​មួយ​របស់​កម្ពុជា​, ថៃ​, ឡាវ និង​មី​យ៉ាន់​ម៉ា ដែល​កាន់​ពុទ្ធសាសនា​ដូចគ្នា​។ ប្រទេស​ទាំង​៤ ប្រារព្ធ​ពិធីបុណ្យ​នេះ អំឡុង​ខែមេសា តែ​ខុសគ្នា​ត្រង់​រយៈពេល​នៃ​ការ​ប្រារព្ធ និង​ឈ្មោះ​ប៉ុណ្ណោះ​។ នៅ​កម្ពុជា ប្រជាជន​ខ្មែរ​និយម​ហៅថា ពិធីបុណ្យ​ចូលឆ្នាំថ្មី ឯ​ថៃ​ហៅថា​បុណ្យ​សង្ក្រាន្ត ហើយ​ឡាវ​ហៅថា​សង្ក្រាន្ត និង​មី​យ៉ាន់​ម៉ា​ហៅថា​បុណ្យ Thingyan ។ ដោយសារ​ពិធីបុណ្យ​នេះ​ប្រារព្ធ​ក្នុងពេល​ដំណាលគ្នា ទើប​រដ្ឋាភិបាល​ថៃ​សម្រួលការ​ធ្វើដំណើរ​រប​ស់​ពលករ​ប្រទេសជិតខាង​ខ្លួន​៕


Tag:
 ថៃ​
  កម្ពុជា​
  ឡាវ​
  មី​យ៉ាន់​ម៉ា​
© រក្សាសិទ្ធិដោយ thmeythmey.com