ជាតិ
CPP ទម្លាក់​ថវិកា​ជាង​១​លាន​ដុល្លារ​ទៀត ដើម្បី​ឧបត្ថម្ភ​ការ​ចំណាយពេល​បោះឆ្នោត​ឃុំ​សង្កាត់​
15, Mar 2017 , 1:37 pm        
រូបភាព
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា
​ភ្នំពេញ​៖ គណបក្សកាន់អំណាច​បា​ន​ទម្លាក់​ថវិកា​ជាង ១​លាន​២​សែន​ដុល្លារ​ទៅដល់​ថ្នាក់ឃុំ​សង្កាត់​របស់ខ្លួន​ដើម្បី​ឧបត្ថម្ភ​ការចំណាយ​ផ្សេងៗ​នៅក្នុង​ការបោះឆ្នោត​ឃុំ​សង្កាត់​ខាងមុខនេះ​។​



​ប្រធាន​គណបក្ស​ប្រជា​ជា​ជនកម្ពុជា សម្តេច ហ៊ុន សែន បានសម្រេច​ឧបត្ថម្ភ​ថវិកា​៣​លាន​រៀល​បន្ថែមទៀត​ទៅ​ថ្នាក់ឃុំ​សង្កាត់​នីមួយៗ​ទាំង​១៦៤៦​ឃុំ​សង្កាត់ ដែល​គណបក្ស​នេះ​បាន​ឈរឈ្មោះ​នៅក្នុង​ការបោះឆ្នោត​ខាងមុខ​។​

​ដំណឹង​នេះ​ត្រូវបាន​បញ្ជាក់​នៅក្នុង​លិខិតផ្លូវការ​មួយ​របស់​ខុទ្ទកាល័យ​គណៈកម្មាធិការ​កណ្តាល​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ផ្ញើ​ទៅ​ប្រធាន​គណៈកម្មាធិការ​គណបក្ស​រាជធានី និង​ខេត្ត​នៃ​គណបក្ស​នេះ​។ លិខិត​ជូនដំណឹង​ដែល​ចុះហត្ថលេខា​នៅ​ថ្ងៃទី​១១​ខែមីនា​ដោយ​លោក​ម៉ម សារិន ជា​ប្រធាន​ខុទ្ទកាល័យ បាន​សរសេរ​យ៉ាង​ដូច្នេះ​៖«​យោង​មតិ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ប្រធាន​គណបក្ស ខុទ្ទកាល័យ​គណៈកម្មាធិកា​រ​កណ្តាល​សូម​ជម្រាបជូន​ឯកឧត្តម​ប្រធាន​ជ្រាបថា ថ្នាក់កណ្តាល​សម្រេច​ឧបត្ថម្ភ​ថវិកា​ចំនួន បី​លាន​រៀល បន្ថែមទៀត​ក្នុង​មួយ​ឃុំ​សង្កាត់​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់​អាណត្តិ​ទី​៤​ឆ្នាំ​២០១៧»​។ លិខិត​ដដែល​បញ្ជាក់ថា ការបើក​យក​ថវិកា​ឧបត្ថម្ភ​នេះ ត្រូវធ្វើឡើង​ពីថ្ងៃ​ទី​១៣ ដល់​ថ្ងៃទី​១៧​ខែមីនា​នេះ​នៅ​ទីស្នាក់ការ​កណ្តាល​របស់​គណបក្ស (​គ​៨៥)​។​

​យោងតាម​សេចក្តីសម្រេច​ខាងលើនេះ គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវ​ចំណាយ​ជាង​១​លាន​២​សែន​ដុល្លារ​សម្រាប់​ការឧបត្ថម្ភ​បន្ថែម​ទៅលើ​ការចាត់ចែង​នៅ​ថ្នាក់ឃុំ​សង្កាត់​ទាំង​១៦៤៦​នៅ​ទូទាំងប្រទេស​។

​បន្ថែម​ពីលើ​ខ្លឹមសារ​នៃ​លិខិត​នេះ លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ថវិកា​ទាំងនេះ គឺជា​ការឧបត្ថម្ភ​ដល់​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​បំពេញតម្រូវការ ក្នុងពេល​បោះឆ្នោត​។ លោក បន្តថា គណបក្ស​ប្រជាជន​កម្ពុជា ប្រុងប្រយ័ត្ន​ខ្លាំងណាស់ ចំពោះ​ការចំណាយ​ថវិកា​ទៅ​ផ្នែក​អ្វីមួយ ដើម្បី​កុំ​ឲ្យ​ផ្ទុយ​នឹង​ច្បាប់​។​

​អ្នកនាំពាក្យ​បក្ស​កាន់អំណាច​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​វា​មិន​ខុសច្បាប់​អ្វី​ទេ ព្រោះនេះ​គឺជា​ការងារ​របស់​បក្ស ដែល​ត្រូវ​គិតគូរ​។ គេ​ដូច​យើង យើង​ក៏​ដូច​គេ​ដែរ​។ គណបក្ស​ណា ក៏​គេ​ធ្វើ​អ៊ីចឹង​ដែរ​»៕


Tag:
 CPP
  បោះឆ្នោត​
© រក្សាសិទ្ធិដោយ thmeythmey.com