ជាតិ
សេដ្ឋកិច្ច
អ្នកសេដ្ឋកិច្ច​៖ បើ​ទោះ​កំណត់​អត្រា​ការប្រាក់​មីក្រូហិរញ្ញវត្ថុ ក៏​គ្មាន​ផលចំណេញ​ដល់​កសិករ​ឡើយ
15, Mar 2017 , 10:19 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ នៅពេល​ថ្មីៗ​នេះ ធនាគារជាតិ​នៃ​កម្ពុជា (NBC) ទើបតែ​បានប្រកាស​ឲ្យ​ធនាគារ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ទាំងអស់ កំណត់​អត្រា​ការប្រាក់​អតិបរមា (​ដាក់​ពិ​ដាន​អត្រា​ការប្រាក់​)ចំពោះ​កិច្ចសន្យាខ្ចី​របស់​ពលរ​ដ្ឋ​ ពី​ជាង​៣០​ភាគរយ​មក​ត្រឹមតែ ១៨​ភាគរយ​ក្នុង​១​ឆ្នាំ​វិញ ចាប់ពី​ថ្ងៃទី​១​ខែមេសា​ឆ្នាំនេះ​តទៅ ដើម្បី​ការពារ​អតិថិជន​ពី​ការគិត​អត្រា​ការប្រាក់​ខ្ពស់​ពេក​។



​ចំពោះ​បញ្ហា​នេះ អ្នកជំនាញ​សេដ្ឋកិច្ច លោក​បណ្ឌិត កង ចន្ទ​តារា​រ័ត្ន យល់ឃើញថា ការកំណត់​អត្រា​ការប្រាក់​អតិបរមា​នេះ នឹងធ្វើ​ឲ្យ​ខាត​បង់​ទាំង​ប្រជាជន​ក្រីក្រ និង​គ្រឹះស្ថាន​ផ្ដល់​កម្ចី​។ ខាង​មីក្រូហិរញ្ញវត្ថុ​ក៏​នឹង​កាត់បន្ថយ​កម្ចី​​ពី​បរទេស ដែល​យកមក​ដាក់ទុន​វិនិយោគ​នៅ​កម្ពុជា ព្រោះ​វា​អត់​មាន​ចំណេញ​។ ចំណែក​ប្រជាជន​ក្រីក្រ ដែលមាន​សមត្ថភាព​អាច​ខ្ចីប្រាក់​ឥណទាន​ទំហំ​តូច មិនអាច​ខ្ចី​បាន​ទៀត​ទេ ព្រោះ​មីក្រូហិរញ្ញវត្ថុ នឹង​កាត់​ចំណាយ​មួយចំនួន ដោយ​លើក​ទំហំ​ឥណទាន​ទៅ​កម្ចី​ខ្ពស់​វិញ ។ បើតាម​លោក កង ចន្ទ​តារា​រ័ត្ន ប្រជាជន​ដែល​អត់​ច្រក​ខ្ចី​ឥណទាន​ខ្នាតតូច នឹង​ងាក​ទៅ​ខ្ចីប្រាក់​ពី​ឯកជន ដែលមាន​ការប្រាក់​ថ្លៃ​វិញ ។ ដូច្នេះ​ទោះបី​មី​ក្រួ​ហិរញ្ញវត្ថុ​មានការ​ប្រាក់​ថោក ក៏​វា​អត់​មាន​ប្រយោជន៍​អ្វី​ដែរ​។​

​សម្រាប់​អ្នកសេដ្ឋកិច្ច​រូបនេះ ប្រសិនជា​រដ្ឋាភិបាល​ច​ង់​សម្រួល​ដល់​ពលរដ្ឋ ដែល​ជំពាក់​បំណុល​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ឯកជន​នេះ មានតែ​ការរក​តម្លៃ​ទីផ្សារ​កសិផល​ខ្ពស់ និង​កាត់បន្ថយ​ការ​នាំចូល​ប្រភេទ​កសិផល​ពី​បរទេស​ចូល​កម្ពុជា​នោះទេ ទើប​អាចជួយ​បង្កើន​ចំណូល​ដល់​ប្រជាកសិករ ហើយ​អាច​ឲ្យ​ពួកគេ​មានលទ្ធភាព​សងបំណុល​ត្រឡប់​ទៅ​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​វិញ​។​

ដើម្បី​ជ្រាប​ច្បាស់ សូម​អាន​បទសម្ភាសន៍​រវាង លោក ញ៉ុ​ង ហេង នៃ​សារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ និង លោក កង ចន្ទ​តារា​រ័ត្ន ខាងក្រោម​នេះ​៖




​លោក ញ៉ុ​ង ហេង ៖ តើ​លោក​បណ្ឌិត​យល់ឃើញ​ដូចម្ដេច ចំពោះ​ការកម្រិត​អត្រា​ការប្រាក់​របស់ NBC ?

​លោក កង ចន្ទ​តារា​រ័ត្ន ៖ ខ្ញុំ​និយាយ​ឲ្យ​ខ្លី ការដាក់​ពិ​ដាន​នេះ​នឹងមិន​ធ្វើ​ឲ្យ​អ្នកណា​ចំណេញ​ទាំងអស់​។ វា​មានតែ​ធ្វើ​ឲ្យ​ខាត​ទាំងសងខាង​។ ខាត​ទី​១៖ គឺ​ខាង​មីក្រូហិរញ្ញវត្ថុ​ក៏​នឹង​កាត់បន្ថយ​កម្ចី​ពី​បរទេស ព្រោះ​វា​អត់​មាន​ចំណេញ​។ ហើយការដាក់ពិដាននេះ​ក៏បាន​បញ្ជាក់ថា បរិយាកាស​ក្នុង​របរ​រកស៊ី​ស្រុក​យើង វា​មិន​អាស្រ័យ​ហេតុផល​សេដ្ឋកិច្ច តែវា​អាស្រ័យ​ហេតុផល​មិនមែន​សេដ្ឋកិច្ច​ទៅវិញ ដែល​ធ្វើ​ឲ្យ​អ្នករកស៊ី​ពិបាក​នឹង​ប៉ាន់ស្មាន​។ និយាយ​ឲ្យ​ខ្លី​ភាពមិនប្រាកដប្រជា ហានិភ័យ​វា​ខ្ពស់​ពេក ដែល​ធ្វើ​ឲ្យ​តម្លៃ​លុយ​មកពី​ខាងក្រៅ ក៏​ថ្លៃ​សម្រាប់​យើង​រកស៊ី​ដែរ​។​ ខាត​ទី​២៖ ខាតប្រជាជន​ក្រីក្រ។ ព្រោះ​មីក្រូហិរញ្ញវត្ថុ នឹង​កាត់​ចំណាយ​មួយចំនួន និង​លើក​ទំហំ​ឥណទាន ទៅរក​ឥណទាន​ខ្ពស់ ដូច្នេះ​អ្នក​ខ្ចី​តូចៗ មិនអាច​ខ្ចី​បាន​ទៀត​ទេ​។ ពួកគាត់​នឹង​ទៅ​ខ្ចី​អ្នក​ចងការ​ប្រាក់​ក្រៅផ្លូវការ ដែល​ធ្វើ​ឲ្យ​ពួកគាត់​កាន់តែ​យ៉ាប់យ៉ឺន​ទៀត ដូចជា​ផ្ដាច់​ច្រក​សម្រាប់​អ្នកក្រ​ទៅវិញ ក្នុងការ​ដាក់​ពិ​ដាន​អត្រា​ការប្រាក់​របៀបនេះ​។ ការដាក់​ពិ​ដាន​នេះ មិនបាន​ធ្វើ​ឲ្យ​ចំណូល​របស់​ប្រជាជន​កើនឡើង និង​មិនបាន​កាត់​ចំណាយ​ពិតប្រាកដ​នោះទេ​។ បើ​ប្រជាជន​អត់​មាន​ច្រក​ទៅ​ខ្ចី​ហើយ​ទោះបី​ថោក ក៏​វា​អត់​មាន​ប្រយោជន៍​អ្វី​ដែរ​។​

​លោក ញ៉ុ​ង ហេង៖ តើ​ការកម្រិត​អត្រា​ការប្រាក់ ដែល​ធ្វើ​ឲ្យ​ការប្រាក់​កាន់តែ​ទាប នឹងធ្វើ​ឲ្យ​ពលរដ្ឋ​ដែល​យក​កម្ចី​នោះ​ទៅ​ប្រកប​របរ​ផ្សេងៗ ចំណេញ​កាន់តែច្រើន​ដែរ ឬទេ​?

​លោក កង ចន្ទ​តារា​រ័ត្ន ៖ លុះ​ណា​គេ​មាន​លុយ​ឲ្យ​គាត់​ខ្ចី តែ​ដល់ពេល​តម្លៃ​អ៊ីចឹងទៅ លុយ​សម្រាប់​ឲ្យ​គាត់​ខ្ចី​វា​អត់​មាន​ទៅវិញ​។ ហើយ​ចំនួន​ដែល​គាត់​ធ្លាប់​ខ្ចី​បាន ពេលខ្លះ​គាត់​ធ្លាប់​ខ្ចី ៥០០​ដុល្លារ ឬក៏​ក្រោម​១០០០​ដុល្លារ គេ​អាច​ឲ្យ​ខ្ចី​បាន តែ​ឥឡូវ​គេ​អត់​អាច​ឲ្យ​ខ្ចី​បាន​។ គាត់​អត់​កន្លែង​ខ្ចី គាត់​មានតែ​ទៅ​ខ្ចី​អ្នក​ចងការ​ប្រាក់​ឯកជ​ន​ទៅវិញ​ទេ​។ ពីមុន​វា​ថ្លៃ គេ​អាច​ផ្គត់ផ្គង់​ឲ្យ​បាន តែ​ឥឡូវ​វា​ថោក​គេ​អត់​មាន​របស់​ផ្គត់ផ្គង់​ឲ្យ​ទៀត​។ ដូចនេះ​វា​អត់​មាន​ចំណេញ​អ្វី​ដល់​ប្រជាជន​ក្រីក្រ តែ​ផ្ទុយទៅវិញ​បែរ​រុញច្រាន​ពួកគាត់​ឲ្យ​ធ្លាក់​ក្នុង​រណ្ដៅ​អ្នក​ចងការ​ប្រាក់​ឯកជ​ន​ទៅវិញ​។​

​លោក ញ៉ុ​ង ហេង ៖ ហេតុអ្វី​ដូច​នៅ​ប្រទេស​ថៃ​ជាដើម គេ​អាចធ្វើ​ឲ្យ​អត្រា​ការប្រាក់​ទាប ដែល​ទាប​ជាង​នៅ​កម្ពុជា​?

​លោក កង ចន្ទ​តារា​រ័ត្ន ៖ ដោយសារ​ថ្លៃដើម​គេ​ថោក។ ខ្ញុំ​ចង់​និយាយថា លុយ​នៅ​ជប៉ុន​ក៏​ថោក​ដែរ ២​ភាគរយ ៣​ភាគរយ តែ​ពេល​យកមក​កម្ពុជា​វា​ថ្លៃ ព្រោះ​រដ្ឋាភិបាល​យកពន្ធ ១០​ភាគរយ​សម្រាប់​លុយ​នាំចូល​។ ហានិភ័យ​សេដ្ឋកិច្ច​ប្រទេស​យើង វា​ខ្ពស់​។ ហានិភ័យ​គឺ​ក្នុង​រូបភាព​បែបនេះ គឺថា​ការប្រែប្រួល​សេដ្ឋកិច្ច មិនបាន​ចេញពី​កម្លាំង​ទីផ្សារ​សេដ្ឋកិច្ច​ទេ តែ​ចេញពី​អន្តរាគមន៍​នៃ​ប្រព័ន្ធ​នយោបាយ​ទៅវិញ​។ ហើយ​ត្រង់នេះ គេ​ថា​ជាការ​ប្រថុយប្រថាន​សុទ្ធសាធ ដែល​យកលុយ​មក​ដាក់​នៅ​ប្រទេស​មាន​ហានិភ័យ​ដូចនេះ​។ ដូចនេះ​គេ​នឹង​ទារ​ថ្លៃ​ហានិភ័យ​បន្ថែមទៀត ហើយ​ទម្រាំ​ដល់ដៃ​ប្រជាជន​ក៏​ថ្លៃ​ទៅតាម​នេះ​។​

​លោក ញ៉ុ​ង ហេង ៖ តើ​លោក​មាន​អនុសាសន៍​អ្វី ដើម្បី​ឲ្យ​ចំណេញ​ទាំងសងខាង គឺ​ទាំង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ និង​ប្រជាជន​ក្រីក្រ​?

​លោក កង ចន្ទ​តារា​រ័ត្ន ៖ ដើម្បី​ជួយ​កសិករ គឺ​ត្រូវ​ជួយ​អ្វី​ទាក់ទង​នឹង​ប្រាក់ចំណូល​របស់​ប្រជាជន។ ការដាក់​ពិ​ដាន​គឺ​គ្រាន់តែ​អាច​កាត់បន្ថយ​ចំណាយ​តែ​ប៉ុណ្ណឹង តែបើ​គាត់​អត់​អាច​ខ្ចី​បាន​ផង ការកាត់បន្ថយ​ចំណាយ​ក៏​អត់​ន័យ​ដែរ​។ ដូចនេះ​យើង​ផ្ដោតទៅលើ​ចំណូល​របស់​អតិថិជន​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ពិសេស​កសិករ​។ កសិផល​របស់គាត់​ឲ្យ​តែ​ប្រមូល​ផល គឺ​ធ្លាក់​ថ្លៃ​រហូត ពេលខ្លះ​អត់​ទាំង​មាន​ទីផ្សារ​ផង រឿង​ដដែល​នៅតែ​ដដែល​។ ដូច្នេះ​គាត់​អត់​ដោះស្រាយ​អ្វី​ខ្លួន​គាត់​បានទេ បើទោះបី​ឲ្យ​ខ្ចី​ដើម​សុទ្ធ​ការប្រាក់​ស្មើ​សូន្យ ក៏​អតិថិជន​មានការ​ពិបាក​ខ្លាំង​ក្នុង​ការសង​ប្រាក់​វិញ​ដែរ​។ ការអនុញ្ញាត​ឲ្យ​មាន​លំហូរ​ចូល​បន្លែ ឬ​ដំណាំ​កសិកម្ម​ដោយ​សេរី បានកម្ទេច​ទីផ្សារ​របស់គាត់​។ មានការ​រួច​ពន្ធ ហើយ​ប្រជែង​ទីផ្សារ​របស់គាត់ ដែល​ធ្វើ​ឲ្យ​គាត់​ពិបាក​រកស៊ី​។​ រដ្ឋាភិបាល​គួរតែ​លើកទឹកចិត្ត​ដល់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ទៅវិញ​ទេ ដែល​ផ្គត់ផ្គង់​ឥណទាន​ដល់​អតិថិជន​នៅ​ទីជនបទ ដែល​ប្រឈម​ហានិភ័យ​ខ្ពស់​។ រដ្ឋាភិបាល​មិនគួរ​ដាក់​សម្ពាធ​លើ​គ្រឹះស្ថាន​ហិរញ្ញវត្ថុនោះទេ។ ផ្ទុយទៅវិញ​ រដ្ឋគួរ​លើកលែង​ពន្ធ ដើម្បី​ធ្វើ​យ៉ាងម៉េច​ឲ្យ​គ្រឹះស្ថាន​អាច​កាត់បន្ថយ​អត្រា​ការប្រាក់​របស់ខ្លួន​។​

​អត្រា​ការប្រាក់​ឥណទាន​នឹង​ចុះថោក ជា​ស្វ័យប្រវត្តិ​នៅពេលដែល​មានការ​ប្រកួត​ប្រជែង​ច្បាស់លាស់​។ ហើយ​នៅពេល​កសិផល​មាន​ទីផ្សារ គ្រឹះស្ថាន​ផ្ដល់​កម្ចី​នឹង​ប្រជែង​គ្នា បន្ធូរ​តម្លៃ​ដើម្បី​ឲ្យ​គាត់​ខ្ចី​៕


Tag:
 ការប្រាក់​
  ឥណទាន​
  កង ចន្ទ​តារា​រ័ត្ន​
© រក្សាសិទ្ធិដោយ thmeythmey.com