ជាតិ
តុលាការ​នឹង​សាកសួរ​លោក គឹម សុខ ជុំវិញ​បណ្តឹង​សម្តេច ហ៊ុន សែន ម្ដងទៀត​នៅ​សប្តាហ៍​ក្រោយ​
15, Mar 2017 , 5:09 pm        
រូបភាព
​ភ្នំពេញ​៖ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បានកំណត់​កាលបរិច្ឆេទ​ជា​លើក​ទី​ពីរ ដើម្បី​សាកសួរ​លោក គឹម សុខ អ្នកវិភាគ​នយោបាយ ដែល​កំពុង​ជាប់ពន្ធនាគារ ក្រោម​បណ្តឹង​របស់​សម្តេច ហ៊ុន សែន​។ តាម​ការកំណត់ លោក គឹម សុខ ត្រូវ​ចូលទៅ​ជួប​ចៅក្រម​ស៊ើបសួរ នៅ​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៧​។


 
​លោក គឹម សុខ អ្នកវិភាគ​នយោបាយ ដែល​កំពុង​ជាប់ពន្ធ​គារ នឹងត្រូវ​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ហៅ​សាកសួរ​បន្ថែមទៀត ជុំវិញ​បណ្តឹង​របស់​ស​ម្តេ ច ហ៊ុន សែន ។ នេះ​ជាការ​អះអាង​របស់លោក ជូ​ង ជូ​ងី ដែលជា​មេធាវី​របស់លោក គឹម សុខ​។

​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោក ជូ​ង ជូ​ងី អះអាងថា គោលបំណង​នៃ​ការកោះហៅ​លោក គឹម សុខ គឺ​គ្មានអ្វី​ក្រៅពី​សាកសួរ ជុំវិញ​បណ្តឹង​របស់​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា នោះទេ​។ លោក​មេធាវី​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​វា ជា​នីតិវិធី​របស់គាត់ (​ចៅក្រម​ស៊ើបសួរ​) ដែល​គាត់​អាច​កោះហៅ​ជន​ត្រូវ​ចោទ ទៅ​សួរ​ពេលណា​ក៏បាន​។ ពេល​គាត់​ចង់​សួរ គាត់​ក៏​ហៅ​ទៅ​សួរ​ទៅ​»​។​

​លោក ជូ​ង ជូ​ងី បាន​បន្ថែមទៀតថា លោក ទើបតែ​បានដាក់​បណ្តឹង​មួយ ទៅកាន់​សាលាឧទ្ធរណ៍ ដើម្បី​សុំ​ឲ្យ​ដោះលែង​លោក គឹម សុខ បានរស់នៅ​ក្រៅ​ពន្ធនាគារ ជា​បណ្តោះអាសន្ន ក្នុងដំណាក់កាល​នៃ​ការ​ស៊ើបសួរ​។ យ៉ាងណា​លោក មិនទាន់​ទទួលបាន​ការឆ្លើយតប​ពី​សាលាឧទ្ធរណ៍​នោះទេ ថា​បណ្តឹងសុំ​នៅក្រៅ​ឃុំ​នេះ នឹងត្រូវ​បើកសវនាការ​នៅពេលណា​ឡើយ​។
​ការដាក់សំណើ​ទៅកាន់​សាលាឧទ្ធរណ៍ គឺធ្វើឡើង​ក្រោយពី​មេធាវី បរាជ័យ​ក្នុង​ការស្នើ​ឲ្យ​ចៅក្រម​ស៊ើ​សួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ដោះលែង​លោក គឹម សុខ​។

​កាលពី​បុ​ន្មា​ន​ថ្ងៃមុន សាលាឧទ្ធរណ៍ បាន​បើកសវនាការ​ម្តង​រួចទៅហើយ ពាក់ព័ន្ធ​នឹង​បណ្តឹង​របស់លោក​មេធាវី ជូ​ង ជូ​ងី ដែល​សុំ​ជំទាស់​នឹង​សេចក្តីសម្រេច​របស់​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​យក​លោក គឹម សុខ ទៅ​ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស ក្រោម​បទ​ចោទ «​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ និង​បរិហារកេរ្តិ៍​ជា​សាធារណៈ​»​។ ប៉ុន្តែ សាលាឧទ្ធរណ៍ បាន​តម្កល់​សេចក្តីសម្រេច​របស់​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ទុកជាបានការ​។

​ក្រោយ​លោក គី តិច មេធាវី​របស់​សម្តេច ហ៊ុន សែន ដាក់ពាក្យ​ប្តឹង តុលាការ ក៏​កោះហៅ​លោក គឺ​ម សុខ ទៅ​សួរនាំ កាលពី​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៧​។ បន្ទាប់ពី​បញ្ចប់​ការសាកសួរ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​យក​លោក គឹម សុខ ទៅ​ឃុំ​ក្នុង​ថ្ងៃនោះ​តែម្តង​។

​បើតាម​លោក គី តិច ការដាក់​ពាក្យ​ប្តឹង​នេះ គឺ​ដោយសារតែ​លោក គឹម សុខ និយាយថា គណបក្ស​ប្រជាជន​កម្ពុជា នៅ​ពី​ក្រោយខ្នង​នៃ​អំពើ​ឃាតកម្ម​លើ​លោក កែម ឡែ ដែលជា​អ្នកសិក្សា​ស្រាវជ្រាវ​ការអភិវឌ្ឍ​សង្គម និង​ជា​អ្នកវិភាគ​នយោបាយ​ដ៏​ល្បីល្បាញ​។ ក្នុង​បណ្តឹង​នេះ សម្តេច ហ៊ុន សែន ក្នុងនាម​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា សុំ​ទារ​សំណង​ជំងឺ​ចិត្ត​ពី​លោក គឹម សុខ រហូតដល់​ទៅ កន្លះ​លាន​ដុ​លា្ល​រ​ឯណោះ​។

​លោក គឹម សុខ នៅជាប់​បណ្តឹង​មួយ​ផ្សេងទៀត​ពី សម្តេច ហ៊ុន សែន​។ ការរង​នូវ​បណ្តឹង​ក្រោយនេះ គឺ​ដោយសារតែ​លោក គឹម សុខ និយាយថា ប្រព័ន្ធ​មួយ ដែល​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​រដ្ឋាភិបាល​បច្ចុប្បន្ន មានការ​សម្លាប់​មនុស្ស ហើយ​រកមុខ​ឃាតក​មិនឃើញ​។ សម្តេច ហ៊ុន សែន សុំ​ទារ​សំណង​ជំងឺ​ចិត្ត​ពី​លោក គឹម សុខ តែ​២៥០០​ដុល្លារ ប៉ុណ្ណោះ ក្នុង​បណ្តឹង​នេះ​៕   


Tag:
 គឹម សុខ​
  មេធាវី​
  ហ៊ុន សែន​
  តុលាការ
© រក្សាសិទ្ធិដោយ thmeythmey.com