ជាតិ
តុលាការនឹងសាកសួរលោក គឹម សុខ ជុំវិញបណ្តឹងសម្តេច ហ៊ុន សែន ម្ដងទៀតនៅសប្តាហ៍ក្រោយ
× ភ្នំពេញ៖ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានកំណត់កាលបរិច្ឆេទជាលើកទីពីរ ដើម្បីសាកសួរលោក គឹម សុខ អ្នកវិភាគនយោបាយ ដែលកំពុងជាប់ពន្ធនាគារ ក្រោមបណ្តឹងរបស់សម្តេច ហ៊ុន សែន។ តាមការកំណត់ លោក គឹម សុខ ត្រូវចូលទៅជួបចៅក្រមស៊ើបសួរ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧។
លោក គឹម សុខ អ្នកវិភាគនយោបាយ ដែលកំពុងជាប់ពន្ធគារ នឹងត្រូវចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ហៅសាកសួរបន្ថែមទៀត ជុំវិញបណ្តឹងរបស់សម្តេ ច ហ៊ុន សែន ។ នេះជាការអះអាងរបស់លោក ជូង ជូងី ដែលជាមេធាវីរបស់លោក គឹម សុខ។
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ លោក ជូង ជូងី អះអាងថា គោលបំណងនៃការកោះហៅលោក គឹម សុខ គឺគ្មានអ្វីក្រៅពីសាកសួរ ជុំវិញបណ្តឹងរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នោះទេ។ លោកមេធាវីរូបនេះ បានបញ្ជាក់ដូច្នេះថា៖«វា ជានីតិវិធីរបស់គាត់ (ចៅក្រមស៊ើបសួរ) ដែលគាត់អាចកោះហៅជនត្រូវចោទ ទៅសួរពេលណាក៏បាន។ ពេលគាត់ចង់សួរ គាត់ក៏ហៅទៅសួរទៅ»។
លោក ជូង ជូងី បានបន្ថែមទៀតថា លោក ទើបតែបានដាក់បណ្តឹងមួយ ទៅកាន់សាលាឧទ្ធរណ៍ ដើម្បីសុំឲ្យដោះលែងលោក គឹម សុខ បានរស់នៅក្រៅពន្ធនាគារ ជាបណ្តោះអាសន្ន ក្នុងដំណាក់កាលនៃការស៊ើបសួរ។ យ៉ាងណាលោក មិនទាន់ទទួលបានការឆ្លើយតបពីសាលាឧទ្ធរណ៍នោះទេ ថាបណ្តឹងសុំនៅក្រៅឃុំនេះ នឹងត្រូវបើកសវនាការនៅពេលណាឡើយ។
ការដាក់សំណើទៅកាន់សាលាឧទ្ធរណ៍ គឺធ្វើឡើងក្រោយពីមេធាវី បរាជ័យក្នុងការស្នើឲ្យចៅក្រមស៊ើសួរនៃសាលាដំបូងរាជធានីភ្នំពេញ ដោះលែងលោក គឹម សុខ។
កាលពីបុន្មានថ្ងៃមុន សាលាឧទ្ធរណ៍ បានបើកសវនាការម្តងរួចទៅហើយ ពាក់ព័ន្ធនឹងបណ្តឹងរបស់លោកមេធាវី ជូង ជូងី ដែលសុំជំទាស់នឹងសេចក្តីសម្រេចរបស់ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ដែលយកលោក គឹម សុខ ទៅឃុំនៅពន្ធនាគារព្រៃស ក្រោមបទចោទ «ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ និងបរិហារកេរ្តិ៍ជាសាធារណៈ»។ ប៉ុន្តែ សាលាឧទ្ធរណ៍ បានតម្កល់សេចក្តីសម្រេចរបស់ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ទុកជាបានការ។
ក្រោយលោក គី តិច មេធាវីរបស់សម្តេច ហ៊ុន សែន ដាក់ពាក្យប្តឹង តុលាការ ក៏កោះហៅលោក គឺម សុខ ទៅសួរនាំ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧។ បន្ទាប់ពីបញ្ចប់ការសាកសួរ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចយកលោក គឹម សុខ ទៅឃុំក្នុងថ្ងៃនោះតែម្តង។
បើតាមលោក គី តិច ការដាក់ពាក្យប្តឹងនេះ គឺដោយសារតែលោក គឹម សុខ និយាយថា គណបក្សប្រជាជនកម្ពុជា នៅពីក្រោយខ្នងនៃអំពើឃាតកម្មលើលោក កែម ឡែ ដែលជាអ្នកសិក្សាស្រាវជ្រាវការអភិវឌ្ឍសង្គម និងជាអ្នកវិភាគនយោបាយដ៏ល្បីល្បាញ។ ក្នុងបណ្តឹងនេះ សម្តេច ហ៊ុន សែន ក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា សុំទារសំណងជំងឺចិត្តពីលោក គឹម សុខ រហូតដល់ទៅ កន្លះលានដុលា្លរឯណោះ។
លោក គឹម សុខ នៅជាប់បណ្តឹងមួយផ្សេងទៀតពី សម្តេច ហ៊ុន សែន។ ការរងនូវបណ្តឹងក្រោយនេះ គឺដោយសារតែលោក គឹម សុខ និយាយថា ប្រព័ន្ធមួយ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលបច្ចុប្បន្ន មានការសម្លាប់មនុស្ស ហើយរកមុខឃាតកមិនឃើញ។ សម្តេច ហ៊ុន សែន សុំទារសំណងជំងឺចិត្តពីលោក គឹម សុខ តែ២៥០០ដុល្លារ ប៉ុណ្ណោះ ក្នុងបណ្តឹងនេះ៕
Tag:
គឹម សុខ
មេធាវី
ហ៊ុន សែន
តុលាការ
© រក្សាសិទ្ធិដោយ thmeythmey.com