ជាតិ
តំណាងរាស្ត្របក្សប្រឆាំង នឹងចូលរួមគោរពវិញ្ញាណក្ខន្ធ សម្តេច សុខ អាន
× ភ្នំពេញ៖ ដោយមិនប្រកាន់និន្នាការនយោបាយ តំណាងរាស្ត្រមួយចំនួនពីគណបក្សសង្គ្រោះជាតិ នឹងទៅចូលរួមគោរពវិញ្ញាណក្ខន្ធ សម្តេច សុខ អាន។ តំណាងរាស្ត្រពីគណបក្សសង្គ្រោះជាតិ បានសម្តែងការសោកស្តាយចំពោះមរណភាពរបស់សម្តេច សុខ អាន។
តំណាងរាស្ត្រពីគណបក្សសង្គ្រោះជាតិ នឹងចូលរួមគោរពវិញ្ញាណខន្ធ សម្តេចវិបុលបញ្ញា សុខ អាន អតីតរដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ដែលទើបតែទទួលមរណភាព កាលពីល្ងាចថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ នៅទីក្រុងប៉េកាំង នៃប្រទេសចិន។ នេះជាការលើកឡើងរបស់លោក សុន ឆ័យ ដែលមានតួនាទីជាអភិបាលនៃក្រុមតំណាងរាស្ត្ររបស់គណបក្សសង្គ្រោះជាតិ។
យ៉ាងណា លោក សុន ឆ័យ នៅមិនទាន់អាចបញ្ជាក់បានទេថា តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ នឹងចូលរួមគោរពវិញ្ញាណក្ខន្ធ សម្តេច សុខ អាន នៅពេលណា។ បើតាមលោក សុន ឆ័យ ដដែល ក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ អាចនឹងជួបពិភាក្សាគ្នាជាមុនសិន ដើម្បីរៀបចំប្រតិភូ ទៅគោរពវិញ្ញាណក្ខន្ធសម្តេច សុខ អាន។
បើទោះបីជា សម្តេច សុខ អាន ជាតំណាងរាស្ត្រ និងជាមន្ត្រីជាន់ខ្ពស់របស់បក្សកាន់អំណាចក៏ពិតមែន ប៉ុន្តែលោក សុន ឆ័យ នៅតែសម្តែងការសោកស្តាយចំពោះមរណភាពរបស់សម្តេច សុខ អាន។ មន្ត្រីជាន់ខ្ពស់បក្សប្រឆាំងរូបនេះ បានប្រាប់សារព័ត៌មានថ្មីៗដូច្នេះថា៖«ក្នុងនាមយើងជាតំណាងរាស្ត្រដូចគ្នា យើងពិតជាសោកស្តាយ ដែលយើងបាត់បង់ធនធានរបស់ប្រទេសជាតិ។ ពេលមានមរណភាពបែបនេះ យើងមិនគិតពីបក្ស ឬក៏ទង្វើរបស់គាត់ដែលបានប្រព្រឹត្តកាលពីមុនទេ គឺយើងនៅតែចូលរួមរំលែកទុក្ខ»។
សូមបញ្ជាក់ថា នៅម៉ោងប្រហែល៦ព្រឹក នាថ្ងៃព្រហស្បតិ៍នេះ សពរបស់សម្តេច សុខ អាន ត្រូវបានបញ្ជូនមកដល់គេហដ្ឋាន ដែលស្ថិតនៅក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ សម្តេច សុខ អាន បានទទួលមរណភាពក្នុងជន្មាយុ ៦៦ឆ្នាំ ដោយរោគាពាធ៕
© រក្សាសិទ្ធិដោយ thmeythmey.com