ជាតិ
តំណាងរាស្ត្រ​បក្សប្រឆាំង នឹងចូលរួម​គោរព​វិញ្ញាណក្ខន្ធ សម្តេច សុខ អាន​
16, Mar 2017 , 11:22 am        
រូបភាព
​ភ្នំពេញ​៖ ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ តំណាងរាស្ត្រ​មួយចំនួន​ពី​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ទៅ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ សម្តេច សុខ អាន​។ តំណាងរាស្ត្រ​ពី​គណបក្ស​សង្គ្រោះ​ជាតិ បាន​សម្តែង​ការសោកស្តាយ​ចំពោះ​មរណភាព​របស់​សម្តេច សុខ អាន​។​



​តំណាងរាស្ត្រ​ពី​គណបក្ស​សង្គ្រោះ​ជាតិ នឹងចូលរួម​គោរព​វិញ្ញាណ​ខន្ធ សម្តេច​វិបុល​បញ្ញា សុខ អាន អតីតរដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី ដែល​ទើបតែ​ទទួលមរណភាព កាលពី​ល្ងាច​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៧ នៅ​ទីក្រុង​ប៉េកាំង នៃ​ប្រទេស​ចិន​។ នេះ​ជាការ​លើកឡើង​របស់លោក សុន ឆ័យ ដែលមាន​តួនាទី​ជា​អភិបាល​នៃ​ក្រុមតំណាងរាស្ត្រ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​។

​យ៉ាងណា លោក សុន ឆ័យ នៅ​មិនទាន់​អាច​បញ្ជាក់​បានទេ​ថា តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ នឹងចូលរួម​គោរព​វិញ្ញាណក្ខន្ធ សម្តេច សុខ អាន នៅពេលណា​។ បើតាម​លោក សុន ឆ័យ ដដែល ក្រុមតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ អាច​នឹង​ជួប​ពិភាក្សាគ្នា​ជាមុនសិន ដើម្បី​រៀបចំ​ប្រតិភូ ទៅ​គោរព​វិញ្ញាណក្ខន្ធ​សម្តេច សុខ អាន​។

​បើទោះបីជា សម្តេច សុខ អាន ជា​តំណាងរាស្ត្រ និង​ជា​មន្ត្រីជាន់ខ្ពស់​របស់​ប​ក្ស​កាន់អំណាច​ក៏ពិតមែន ប៉ុន្តែ​លោក សុន ឆ័យ នៅតែ​សម្តែង​ការសោកស្តាយ​ចំពោះ​មរណភាព​របស់​សម្តេច សុខ អាន​។ មន្ត្រីជាន់ខ្ពស់​បក្សប្រឆាំង​រូបនេះ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ដូច្នេះ​ថា​៖«​ក្នុងនាម​យើង​ជា​តំណាងរាស្ត្រ​ដូចគ្នា យើង​ពិតជា​សោកស្តាយ ដែល​យើង​បាត់បង់​ធនធាន​របស់​ប្រទេសជាតិ​។ ពេល​មាន​មរណភាព​បែបនេះ យើង​មិន​គិតពី​បក្ស ឬក៏​ទង្វើ​របស់គាត់​ដែល​បាន​ប្រព្រឹត្ត​កាលពីមុន​ទេ គឺ​យើង​នៅតែ​ចូលរួម​រំលែក​ទុក្ខ​»​។

​សូមបញ្ជាក់ថា នៅ​ម៉ោង​ប្រហែល​៦​ព្រឹក នា​ថ្ងៃ​ព្រហស្បតិ៍​នេះ សព​របស់​សម្តេច សុខ អាន ត្រូវបាន​បញ្ជូន​មកដល់​គេហដ្ឋាន ដែល​ស្ថិតនៅក្នុង​សង្កាត់​បឹងរាំង ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។ សម្តេច សុខ អាន បានទទួល​មរណភាព​ក្នុង​ជន្មាយុ ៦៦​ឆ្នាំ ដោយ​រោគាពាធ​៕


Tag:
 ​សុខ អាន​
  សុន ឆ័យ
© រក្សាសិទ្ធិដោយ thmeythmey.com