អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
នាយករដ្ឋមន្ត្រី​លី ខឺ​ឈាំ​ង​៖ ចិន មិន​ចង់ឃើញ​អាស៊ាន​ត្រូវ​ជ្រើសរើស​រវាង​អាមេរិក និង​ចិន
16, Mar 2017 , 11:40 am        
រូបភាព
នាយករដ្ឋមន្ត្រីចិន លី ខឺឈាំង នាសន្និសីទកាសែតក្រោយបញ្ចប់កិច្ចប្រជុំសភាប្រជាជនចិន (រូបថត Xinhua)
នាយករដ្ឋមន្ត្រីចិន លី ខឺឈាំង នាសន្និសីទកាសែតក្រោយបញ្ចប់កិច្ចប្រជុំសភាប្រជាជនចិន (រូបថត Xinhua)
ដោយ: ថ្មីៗ
 
 
​នាយករដ្ឋមន្ត្រី​ចិន លី ខឺ​ឈាំ​ង (Li Keqiang) និយាយថា ចិន​មិន​ចង់ឃើញ​សមាជិក​អាស៊ាន​ត្រូវបាន​បង្ខិតបង្ខំ​ឲ្យ​ជ្រើសរើស​រវាង​ក្រុង​ប៉េកាំង និង​ក្រុង​វ៉ាស៊ីនតោន​ឡើយ​។ មិន​ត្រឹមតែ​មិន​ចង់ឃើញ​អាស៊ាន​បែកបាក់​ឡើយ ចិន​ក៏​នៅតែ​ចាត់ទុក​តំបន់​អាស៊ាន​ជា​ចំណុច​សំខាន់​នៃ​គោលនយោបាយ​ការបរទេស​របស់ខ្លួន បើទោះជា​មានគំនិត​ផ្ទុយគ្នា​លើ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ក្តី​។ ហើយ​ចិន ក៏​នឹង​បន្ត​គាំទ្រ​តួនាទី​ស្នូល​របស់​អាស៊ាន​ក្នុងការ​ដឹកនាំ​កិច្ចការ​តំបន់​។

 
​រដ្ឋ​សមាជិក​ទាំង​១០​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ហៅ​កាត់​ថា​អាស៊ាន ហាក់​ដើរមក​ដល់​ផ្លូវបំបែក​ដែល​ត្រូវ​ជ្រើសរើស រវាង​ចិន​ដែលជា​អ្នកជិតខាង និង​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ ឬក៏​ស្រ​វ៉ា​ឱប​អាមេរិក ដែលជា​មហាអំណាច​ពិភពលោក​នោះ​។ អាច​និយាយថា នេះ​ជា​ជម្រើស​ដ៏​លំបាក​សម្រាប់​អាស៊ាន ដែល​ស្ថិតនៅ​ចំ​តំបន់​ប្រទាញប្រទង់​រវាង​មហាអំណាច​ទាំងពីរ​។ ប៉ុន្តែ​ចំពោះ​មហា​យក្ស​ចិន​វិញ ចិន​មិន​ចង់​ឲ្យ​អាស៊ាន​បង្ខំចិត្ត​ជ្រើសរើស​មហាអំណាច​ណាមួយ​ឡើយ​។​
 
«​យើង​មិន​ចង់ឃើញ​រដ្ឋ​សមាជិក​អាស៊ាន​ត្រូវ​ជ្រើសរើស​កាន់ជើង​អ្នកណា​ដូច​សម័យ​សង្គ្រាមត្រជាក់​ឡើយ​»​។ នេះ​ជា​ចម្លើយ​របស់​នាយករដ្ឋមន្ត្រី​ចិន លី ខឺ​ឈាំ​ង តប​នឹង​សំណួរ​របស់​អ្នកកាសែត​ថៃ ជុំវិញ​ការ​បញ្ហា​សម្រេចចិត្ត​របស់​សមាជិក​អាស៊ាន​ទាំង​១០ ដែល​ត្រូវ​ជ្រើសរើស​ថា ត្រូវ​គាំទ្រ​មហា​យក្ស​ចិន ឬក៏​មហាអំណាច​ពិភពលោក​អាមេរិក​។ ចម្លើយ​របស់លោក ក៏​ធ្វើឡើង​ចំពេល​ដែលមាន​របាយការណ៍​ផ្សាយ​ថា ចិន កំពុង​សាងសង់​សំណង់​បន្ថែមទៀត​លើ​កោះ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​។​
 
​លោកនាយក​រដ្ឋមន្ត្រី​ចិន លី ក៏បាន​បញ្ជាក់​ជំហរ​របស់​ចិន ដែល​នៅតែ​ចាត់ទុក​អាស៊ាន​ជា​អាទិភាព​នៃ​នយោបាយ​ការទូត​របស់ខ្លួន ទោះ​មាន​ជម្លោះ​អធិបតេយ្យ​ជាមួយ​រដ្ឋ​សមាជិក​អាស៊ាន​ខ្លះ​ក៏ដោយ​។ លើសពីនោះ ចិន​ក៏​នៅតែ​បន្ត​ការប្ដេជ្ញាចិត្ត​របស់ខ្លួន​ក្នុង​ដោះស្រាយ​បញ្ហា​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង ក៏ដូចជា​បន្ត​ចរចា​ជាមួយ​ភាគី​ពាក់ព័ន្ធ ដើម្បី​សម្រេច​ឲ្យ​បាន​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង (COC) ជា​មូលដ្ឋាន​ច្បាប់​ដ៏​សំខាន់​។​
 
​ជាមួយនឹង​ការបង្ហាញ​ជំហរ​មិន​ចង់ឃើញ​អាស៊ាន​បែកបាក់​ដោយសារ​ខ្លួន និង​អាមេរិក ប្រមុខ​រដ្ឋាភិបាល​ចិន​រូបនេះ ក៏​ទទូច​ឲ្យ​ក្រុង​វ៉ា​ស៊ីន​តា​បន្ត​សហការ​ជាមួយ​ប៉េកាំង ដើម្បី​រក្សា​ស្ថិរភាព​តំបន់ និង​បង្កើត​ឱកាស​សម្រាប់​ការអភិវឌ្ឍ ជាជាង​បង្កើត​បញ្ហា​ដោយសារ​រឿង​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង​ដែរ​។ នេះ​ប្រហែលជា​លោក​ចង់​និយាយ​សំដៅ​សកម្មភាព​យោធា​អាមេរិក​នៅ​តំបន់​នេះ តាមរយៈ​ការបញ្ជូន​នាវា​ល្បាត និង​ការហោះហើរ​ជា​ញឹកញយ​នោះ​។ 
 
​លោក លី ខឺ​ឈាំ​ង មេដឹកនាំ​កំពូល​លំដាប់​ទី​២​របស់​ចិន និយាយ​ដែរ​ថា ក្រុង​ប៉េកាំង និង​វ៉ាស៊ីនតោន មាន​ផលប្រយោជន៍​រួមគ្នា​ច្រើន​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ព្រោះ​មាន​ក្រុមហ៊ុន​អាមេរិក​ជាច្រើន​មករក​ស៊ី និង​បើក​ស្នាក់ការ​នៅ​ចិន​។ ក្រុង​ប៉េកាំង​សង្ឃឹមថា ទំនាក់ទំនង​រវាង​មហាអំណាច​ទាំង​២ នឹង​មិនមែនជា​ប្រភព​នៃ​បញ្ហា​ឡើយ​។ សព្វថ្ងៃនេះ នៅ​អាស៊ាន​ទាំងមូល វា​មានការ​បែងចែក​គ្នា​ស្រេច​ទៅហើយ ដោយ​រដ្ឋ​ខ្លះ​មាន​និន្នាការ​ងាក​ទៅរក​ចិន និង​ខ្លះទៀត​ចងសម្ព័ន្ធ​មិត្ត​ជាមួយ​អាមេរិក​តែម្ដង​៕   

Tag:
 ចិន​
  អាស៊ាន​
  អាមេរិក​
  Li Keqiang
© រក្សាសិទ្ធិដោយ thmeythmey.com