អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អាសាដ ថា​ល្មម​ដល់ពេល​ប្រជាជន​ស៊ី​រី​កំណត់​ជោគវាសនា​របស់ខ្លួន​តា​ម​ប្រជាមតិ​ហើយ​
16, Mar 2017 , 2:10 pm        
រូបភាព
 
 
​ប្រធានាធិបតី​ស៊ី​រី​លោក បា​សា អាល់​អាសាដ បាន​ថ្លែងថា​រដ្ឋាភិបាល​លោក​ត្រៀមខ្លួន​រួចរាល់​ហើយ​ដើម្បី​រៀបចំ​ប្រជាមតិ​មួយ​ដើម្បី​កំណត់​ជោគវាសនា​ប្រទេសជាតិ​។ គេ​មិនទាន់​អាច​ដឹង​ច្បាស់​ថា ប្រជាមតិ​នឹងត្រូវ​រៀបចំ​នៅពេលណា​ឡើយ ព្រោះ​ការចរចា​សន្តិភាព​នៅ​មិនទាន់មាន​ផ្លែផ្កា​នៅឡើយ​មកទល់ពេលនេះ​។​

 
​ក្នុង​បទ​សម្ភាស ជាមួយ​សារព័ត៌មាន​អ៊ីតាលី Il Fatto Quotidiano ប្រធានាធិបតី​ស៊ី​រី លោក បា​សា អាល់​អាសាដ បាន​ប្រាប់ថា​លោក​ត្រៀមលក្ខណៈ​អស់ហើយ​ដើម្បី​រៀបចំ​ប្រជាមតិ​មួយ​ដើម្បី​កំណត់​ពី​អនាគត​នៃ​ប្រទេស​ស៊ិ​រី​។ លោក​បាន​សង្កត់ធ្ងន់ថា វា​ជា​ពេលដែល​ប្រជាជន​ស៊ី​រី​ត្រូវ​កំណត់​ជោគវាសនា​របស់ខ្លួន​ហើយ​។​
 
​លោក​និយាយ​យ៉ាង​ដូច្នេះ​«​សង្គ្រាម​ជា​មេរៀន​ដ៏​លំបាក​មួយ​សម្រាប់​សង្គម​ទាំងអស់​លើ​ពិភពលោក​។​ចុងក្រោយ​អ្នក​ត្រូវ​ក្រឡេកមើល​ខ្លួនឯង ហើយ​និយាយថា​តើ​វា​មានរឿង​អី​ចំពោះ​ប្រទេស​របស់ខ្ញុំ​។ គោលដៅ​របស់ខ្ញុំ​គឺ​បើកចំហ​និង​ជួយ​សម្រួល​ដល់​ការជជែក​ពិភាក្សា​រវាង​ប្រជាជន​ស៊ី​រី ព្រោះ​វា​ជាការ​ពិភាក្សា​ថ្នាក់ជាតិ​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​នយោបាយ​ដែល អ្នក​ចង់បាន​»​។ 
 
​លោក អាសាដ បន្ត​៖«​ដូ​ច្នះ​យើង​ត្រូវការ​កិច្ចពិភាក្សា​មួយ​រវាង​ប្រជាជន​ស៊ី​រី​នៅក្នុង​សង្គម​ទាំងមូល​។ ព្រោះថា​ចុងក្រោយ​អ្នកនឹង​ត្រូវមាន​ការរៀប​ចំ​ប្រជាមតិ​មួយ​ដើម្បី​កំណត់​អ្វីដែល​យើង​ចង់បាន​»​។​
 
​ថ្វីបើ​មានការ​ជជែក​ពី​ការរៀបចំ​ប្រជាមតិ​ក្តី មកដល់​ពេលបច្ចុប្បន្ន​នេះ​ការចរចា​ស្វែងរក​សន្តិភាព​នៅ​ស៊ី​រី​ស្ថិតនៅក្នុង​ស្ថាន​ភាពមិន​ច្បាស់លាស់​។ កិច្ចចរចា​ក្រុង​ហ្សឺ​ណែ​កាលពីដើម​ខែមីនា​កន្លង​ទៅបាន​ត្រឹម​កំណត់​កម្មវត្ថុ​និង​របៀបវារៈ​នៃ​ការចរចា​សន្តិភាព​ប៉ុណ្ណោះ ហើយ​ក្រុមប្រឆាំង​នៅតែ​បន្ត​បែកខ្ញែក​គ្នា​និង​មិន​ចង់​បន្ត​ចូល​តុ​ចរចា​ថែមទៀត​។ ដូច្នេះ វា​មានន័យថា ការស្វែងរក​សន្តិភាព​នៅតែ​ស្ថិតនៅ​លើផ្លូវ​វែងឆ្ងាយ​និងរ​ប៉ាក់រ​ប៉ើ​ក​ខ្លាំង​។ 
 
​ក្នុង​បទ​សម្ភាស​ដដែល​នោះ គេ​ក៏​ចោទសួរ​លោក អាសាដ ថា តើ​លោក​ត្រៀមខ្លួន​ចាកចេញ​ពី​តំណែង​ឬ​អត់​ដើម្បី​ធានា​ដល់​ការបង្កើត​សន្តិភាព​នៅក្នុង​ប្រទេស​ឬ​អត់​ដែរ​។  ប្រធានាធិបតី​អាសាដ ដែល​តែង​ចោទ​អាមេរិក​និង​លោកខាងលិច​ថា​តាម​ទម្លាក់ខ្លួន​ពី​តំណែង​នោះ បាន​តប​វិញ​ថា គ្រប់យ៉ាង​គួរតែ​ឲ្យ​ប្រជាជន​ស៊ី​រី​សម្រេច​ចុះ​។​
 
«​ប្រជាជន​ស៊ី​រី​គួរតែ​ជ្រើសរើស​ប្រធានាធិបតី​របស់ខ្លួន ហើយ​ពួកគេ​ក៏​គួរ​ជា​អ្នក​ដែល​តែ​កំណត់​ឲ្យ​បាន​អ្នក​ដែល​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​បញ្ហា​និង​ជម្លោះ​ដែល​កើតឡើង​នេះ​។ កិច្ចការ​នេះ​មិនមែនជា​កាតព្វកិច្ច​រប​ស់​អង្គការសហប្រជាជាតិ​ឡើយ អង្គការ​នេះ​គ្មាន​តួនាទី​អ្វី​ទេ​»​។​
 
​សូមបញ្ជាក់ថា ជម្លោះ​ស៊ី​រី​ផ្ទុះឡើង​នៅ​ខែមីនា​ឆ្នាំ ២០១១ ហើយ​យោងតាម​របាយការណ៍​អង្គការសហប្រជាជាតិ​ចំនួន​មនុស្ស​ស្លាប់​កើនឡើង​ដល់ ៤៧​ម៉ឺន​នាក់​ហើយ​គិត​ត្រឹម​ឆ្នាំ ២០១៦​។ មនុស្ស​រាប់លាន​ផ្សេងទៀត​បាត់បង់​ជម្រក និង​ត្រូវ​រត់​ភៀសខ្លួន​យ៉ាង​លំបាក​វេទនា​បំផុត​៕
 

Tag:
 ​បា​សា អាល់ អាសាដ​
 ​ ស៊ី​រី​
© រក្សាសិទ្ធិដោយ thmeythmey.com