ជាតិ
នយោបាយជាតិ
តើពលរដ្ឋសម្រេចចិត្តបែបណា ចំពោះ«មេឃុំបម្រើបក្ស» និង«មេឃុំពូកែសន្យា»?
×
ភ្នំពេញ៖ មុនការបោះឆ្នោតឃុំ-សង្កាត់ មកដល់នៅថ្ងៃទី៤ មិថុនា ខាងមុខនេះ អ្នកនយោបាយ និងក្រុមសកម្មជននយោបាយ បានបញ្ចេញសារនយោបាយវាយប្រហារគ្នាទៅវិញទៅមក ដើម្បីទទួលបានការគាំទ្រពីប្រជាពលរដ្ឋសម្រាប់កៅអីឃុំ-សង្កាត់។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺសារនយោបាយទាំងនេះ ភាគច្រើនចាក់ចង្កេះមេឃុំ-សង្កាត់ កុំនិយាយហើយមិនអនុវត្ត ឬ អនុវត្តនិងបម្រើពលរដ្ឋច្រើនតែមុនការបោះឆ្នោតនោះទេ។ ពលរដ្ឋរំពឹងថា សន្លឹកឆ្នោតរបស់ពួកគេ នឹងអាចជ្រើសរើសមេឃុំ ឬចៅសង្កាត់មួយរូប ដែលគិតគូរពីបញ្ហាពួកគាត់ពិតប្រាកដ។ តើពលរដ្ឋនឹងជ្រើសរើសមួយណារវាង«មេឃុំបម្រើបក្ស» និង«មេឃុំពូកែសន្យា» សម្រាប់ដឹកនាំមូលដ្ឋានរបស់ពួកគេ?
«សង្គ្រាមសារនយោបាយដូរមេឃុំ» កំពុងរីកសាយភាយយ៉ាងខ្លាំង នៅតាមបណ្ដារាជធានី-ខេត្ត ក្រុង ស្រុក ភូមិ សម្រាប់ការបោះឆ្នោតឃុំ-សង្កាត់ ឆ្នាំ២០១៧ ក្នុងអាណត្តិទី៤នេះ។ សារនយោបាយទាំងនោះ ក៏ជាការពញ្ញាក់ស្មារតីប្រជាពលរដ្ឋឲ្យចេះមានការសម្រេចចិត្តត្រឹមត្រូវ មុននឹងគូសលើសន្លឹកឆ្នោត ដើម្បីជ្រើសរើសមេឃុំ-សង្កាត់ ដឹកនាំមូលដ្ឋានរបស់ពួកគេផងដែរ។ ជាពិសេសវាក៏ជាសញ្ញាមួយ ដែលចាក់ចំកន្លែងរសើបរបស់មេឃុំ-សង្កាត់ ទាំងអស់ ឲ្យមានការភ្ញាក់ខ្លួនថា តើពួកគេត្រូវធ្វើអ្វីខ្លះ នៅពេលដែលពួកគេជាប់ឆ្នោត ដើម្បីបម្រើប្រជាពលរដ្ឋនៅតាមមូលដ្ឋានឲ្យបានល្អ តាមការសន្យាខ្លួននោះ។
ជាក់ស្ដែងដូចជាពាក្យស្លោកថា «ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រ»។ ពាក្យស្លោកនេះត្រូវបានគណបក្សសង្គ្រោះជាតិ បង្កើតឡើងនៅក្នុងគោលនយោបាយចំនួន៥ចំណុចរបស់ខ្លួន ដើម្បីជួយដោះស្រាយបញ្ហាជូនពលរដ្ឋ។ គណបក្សសង្គ្រោះជាតិ អះអាងថា សារនយោបាយនេះ គឺមានអត្ថន័យល្អ ដែលអាចលើកទឹកចិត្តមេឃុំ ឬចៅសង្កាត់ មកពីគ្រប់គណបក្ស ឲ្យខិតខំបំពេញការងារដើម្បីប្រយោជន៍ប្រជាពលរដ្ឋ។
គណបក្សប្រជាជនកម្ពុជា មើលឃើញអវិជ្ជមានចំពោះសារនយោបាយរបស់គណបក្សសង្គ្រោះជាតិនេះ។ គណបក្សប្រជាជនចាត់ទុកពាក្យស្លោករបស់គណបក្សសង្គ្រោះជាតិ គឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរ ដល់មេឃុំ ឬចៅសង្កាត់ រួមទាំងមន្ត្រីនៅតាមមូលដ្ឋាន ដែលប្រឹងប្រែងបម្រើប្រជាពលរដ្ឋអស់រយៈពេលជាច្រើនទសវត្សកន្លងមក។ មេឃុំ និងចៅសង្កាត់ កូតាគណបក្សប្រជាជនមួយចំនួន បានចេញសេចក្ដីថ្លែងការណ៍ឲ្យគណបក្សសង្គ្រោះជាតិ បញ្ឈប់ការប្រើសារនយោបាយនេះ ដែលមានចេតនាចង់ឲ្យពលរដ្ឋមិនគាំទ្រចំពោះការដឹកនាំរបស់ពួកគេកន្លងមក។
បន្ថែមពីនេះអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា បានចេញសារនយោបាយជាបន្តបន្ទាប់ថា «កុំយកមេឃុំប្រូ មកដូរមេឃុំពិត», «មេឃុំប្រូពូកែសន្យា មេឃុំទេវតាពូកែធ្វើការ» ,«បដិសេធន៍មេឃុំថា ថែរក្សាមេឃុំធ្វើ»,«មេឃុំស្រមោលអ្នកថា មេឃុំទេវតាអ្នកធ្វើ» និង«មេឃុំខ្យល់ចេះតែខាងថា មេឃុំ៧មករាចេះខាងធ្វើ» ជាដើម។ ពាក្យស្លោកទាំងនេះក្រុមអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា បង្កើតឡើងក្នុងគោលបំណងការពារគោលនយោបាយបក្ស និងក្រុមអាជ្ញាធរដឹកនាំមូលដ្ឋានរបស់គណបក្ស។ ហើយទំនងជាចង់ឆ្លើយឆ្លងចំអកមកសារនយោបាយរបស់គណបក្សសង្គ្រោះជាតិវិញ។
ចំពោះសារនយោបាយចំអកគ្នាទៅវិញទៅមករបស់គណបក្សនយោបាយនេះ ក៏មិនទាន់អាចវាយតម្លៃថា ជាការញុះញង់ និងប្រមាថខុសច្បាប់នោះដែរ។ គណកម្មាធិការរៀបចំការបោះឆ្នោត នឹងត្រួតពិនិត្យមើលលើសារនយោបាយខាងលើនេះ នៅពេលការឃោសនាបោះឆ្នោតឃុំ-សង្កាត់ មកដល់ខាងមុខនេះ។
នៅសល់មិនដល់៣ខែទៀតនោះទេ ការបោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៤ ដែលប្រព្រឹត្តិទៅនៅថ្ងៃទី០៤ មិថុនាខាងមុខនេះ សម្រាប់កៅអីមេឃុំ និងចៅសង្កាត់ ចំនួន១៦៤៦ ។ ពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតភាគច្រើនកំពុងតាមដាន និងពិចារណាលើសកម្មភាពដឹកនាំមូលដ្ឋាន របស់មេឃុំ និងចៅសង្កាត់ ថាតើពួកគាត់មានសមត្ថភាពដឹកនាំបែបណា? តើពួកគាត់អាចធ្វើអ្វីខ្លះសម្រាប់បម្រើតម្រូវការពលរដ្ឋ?
ចំណែកមេឃុំ ឬចៅសង្កាត់ ដែលពុករលួយ និងកៀបសង្កត់ពលរដ្ឋនោះ ក៏ពលរដ្ឋមិនត្រូវដែរ។ ពលរដ្ឋត្រូវការមេឃុំ ឬចៅសង្កាត់ណា ដែលចេះដោះស្រាយតាំងពីបញ្ហាសំរាម ចោរកម្ម ទឹកលិចផ្លូវ និងបញ្ហាប្រឈមជាច្រើនទៀតនៅក្នុងមូលដ្ឋានរបស់ពួកគេ។ ទាំងនេះជាការលើកឡើងរបស់ប្រជាពលរដ្ឋមានសិទ្ធិបោះឆ្នោត ដែលបានប្រាប់សារព័ត៌មានថ្មីៗកន្លងមក។
សរុបមកវិញ ការវាយតម្លៃលើបុគ្គលណាម្នាក់បាន វាអាស្រ័យមើលទៅលើសមត្ថភាពរបស់បុគ្គលម្នាក់នោះ ព្រោះយើងមិនអាចវាយតម្លៃមនុស្សម្នាក់ តែសំបកក្រៅបាននោះទេ។ ដូច្នេះតើការបោះឆ្នោតឃុំ-សង្កាត់ខាងមុខនេះ ពលរដ្ឋនឹងសម្រេចចិត្តបែបណា ចំពោះ«មេឃុំបម្រើបក្ស» និង«មេឃុំពូកែសន្យា» សម្រាប់ដឹកនាំមូលដ្ឋានរបស់ពួកគេ?
Tag:
មេឃុំ
សង្កាត់
បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com