ជាតិ
ទើបតែមានសង្គមស៊ីវិលពីរប៉ុណ្ណោះ ដែលចុះឈ្មោះនៅគ.ជ.ប ដើម្បីសង្កេតការបោះឆ្នោត
× ភ្នំពេញ៖ គ.ជ.ប ទើបទទួលបានសំណើរពី អង្គការជាតិតែពីរប៉ុណ្ណោះ ដែលសុំចូលរួមធ្វើជាអ្នកសង្កេការណ៍ ក្នុងការបោះឆ្នោតថ្នាក់ឃុំ-សង្កាត់ នាពេលខាងមុខ។ អ្នកនាំពាក្យរបស់គ.ជ.ប យល់ថា រយៈពេលប៉ុន្មានថ្ងៃទៀត អង្គការជាតិនិងអន្តរជាតិផ្សេងៗ នឹងនាំគ្នាដាក់សំណើរសុំឃ្លាំមើលការបោះឆ្នោត។
រហូតមកដល់ពេលនេះ អង្គការក្រៅរដ្ឋាភិបាលជាតិតែពីរប៉ុណ្ណោះ បានដាក់សំណើទៅកាន់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដើម្បីសុំចូលរួមសង្កេតនិងពិនិត្យមើលដំណើរការនៃការបោះឆ្នោតថ្នាក់ឃុំ-សង្កាត់ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧។ នេះបើតាមសេចក្តីជូនដំណឹងរបស់គ.ជ.ប។
យោងតាមសេចក្តីជូនដំណឹងនោះ អង្គការក្រៅរដ្ឋាភិបាលទាំងពីរ ដែលបានដាក់សំណើរនៅគ.ជ.ប នោះមានគណៈកម្មាធិការ ដើម្បីការបោះឆ្នោត ដោយសេរី និងយុត្តិធម៍ នៅកម្ពុជា (ខុមហ្វ្រេល) មានអ្នកសង្កេតការណ៍ចំនួន ២៥៣នាក់ និងសហភាពសហព័ន្ធយុវជនកម្ពុជា មានអ្នកសង្កេតការណ៍ចំនួន២២៨នាក់។
សេចក្តីជូនដំណឹងដដែល បានឲ្យដឹងទៀតថា កាលបរិច្ឆេទសម្រាប់អង្គការជាតិ ដាក់សំណើរសុំសង្កេតការបោះឆ្នោត នឹងផុតកំណត់នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧។ ចំណែកឯកាលបរិច្ឆេទសម្រាប់អង្គការអន្តរជាតិ នឹងផុតនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យរបស់គ.ជ.ប បានប្រាប់សារព័ត៌មានថ្មីៗថា គ.ជ.ប មិនទាន់ទទួលបានសំណើរសុំចូលរួមសង្កេការណ៍ពីសំណាក់អង្គការអន្តរជាតិណាមួយ នៅឡើយទេ។ លោក បញ្ជាក់ថា ប្រហែលជាមិនយូរទេ អង្គការអន្តរជាតិនានា នឹងដាក់សំណើរមកកាន់គ.ជ.ប ហើយ។ អ្នកនាំពាក្យរបស់គ.ជ.ប រូបនេះ បានបញ្ជាក់ដូច្នេះថា៖«ឥឡូវនេះអង្គការជាតិមានតែពីរទេ។ តែគង់តែមានទៀតទេ។ ចំណែកអង្គការអន្តរជាតិ ក៏ដូចគ្នាដែរ ប្រហែលជាពួកគេ ដាក់ពាក្យមកនៅពេលក្រោយ»។
ចំពោះគណបក្សនយោបាយ លោក ហង្ស ពុទ្ធា អះអាងថា គ.ជ.ប នឹងបើកឱកាសឲ្យដាក់សំណើរសុំចូលរួមសង្កេតការបោះឆ្នោត ចាប់ពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧នេះ។
លោក ហង្ស ពុទ្ធា បានចាត់ទុកអ្នកសង្កេតការណ៍ទាំងអស់ថា ជាសាក្សីដ៏សំខាន់ ក្នុងដំណើរការនៃការបោះឆ្នោត។ ម្យ៉ាងទៀត លោក ក៏យល់ថា ក្រុមអ្នកសង្កេតការណ៍ គឺជាកញ្ចក់ឆ្លុះបញ្ចាំងពីទិដ្ឋភាពនៃការបោះឆ្នោតផងដែរ។ លោក សង្កត់ធ្ងន់ថា នៅពេលដែលក្រុមអ្នកសង្កេតការណ៍ បានចូលរួមឃ្លាំមើលការបោះឆ្នោត ពួកគេនឹងអាចមើលឃើញពីចំណុចវិជ្ជមាននិងអវិជ្ជមាន ហើយថែមទាំងអាចស្នើឲ្យគ.ជ.ប កែប្រែត្រង់ចំណុចណាមួយ ដើម្បីឲ្យការបោះឆ្នោតលើកក្រោយៗទៀត កាន់តែមានលក្ខណៈល្អប្រសើរ៕
Tag:
គជប
ហង្ស ពុទ្ធា
បោះឆ្នោត
អ្នកសង្កេតការណ៍
© រក្សាសិទ្ធិដោយ thmeythmey.com