ជាតិ
ទើប​តែមាន​សង្គម​ស៊ីវិល​ពីរ​ប៉ុណ្ណោះ ដែល​ចុះឈ្មោះ​នៅ​គ​.​ជ​.​ប ដើម្បី​សង្កេត​ការបោះឆ្នោត
16, Mar 2017 , 9:39 pm        
រូបភាព
​ភ្នំពេញ​៖ គ​.​ជ​.​ប ទើប​ទទួលបាន​សំណើរ​ពី អង្គការ​ជាតិ​តែ​ពីរ​ប៉ុណ្ណោះ ដែល​សុំ​ចូលរួម​ធ្វើជា​អ្នក​ស​ង្កេ​ការណ៍ ក្នុងការ​បោះឆ្នោត​ថ្នាក់ឃុំ​-​សង្កាត់ នាពេលខាងមុខ​។ អ្នកនាំពាក្យ​របស់​គ​.​ជ​.​ប យល់ថា រយៈពេល​ប៉ុន្មាន​ថ្ងៃ​ទៀត អង្គការ​ជាតិ​និង​អន្តរជាតិ​ផ្សេងៗ នឹង​នាំគ្នា​ដាក់សំណើរ​សុំ​ឃ្លាំមើល​ការបោះឆ្នោត​។


 
​រហូតមកដល់​ពេលនេះ អង្គការក្រៅរដ្ឋាភិបាល​ជាតិ​តែ​ពីរ​ប៉ុណ្ណោះ បានដាក់​សំណើ​ទៅកាន់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ដើម្បី​សុំចូល​រួម​សង្កេត​និង​ពិនិត្យមើល​ដំណើរការ​នៃ​ការបោះឆ្នោត​ថ្នាក់ឃុំ​-​សង្កាត់ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០១៧​។ នេះ​បើតាម​សេចក្តីជូនដំណឹង​របស់​គ​.​ជ​.​ប​។

​យោងតាម​សេចក្តីជូនដំណឹង​នោះ អង្គការក្រៅរដ្ឋាភិបាល​ទាំងពីរ ដែល​បានដាក់​សំណើរ​នៅ​គ​.​ជ​.​ប នោះ​មាន​គណៈកម្មាធិការ ដើម្បី​ការបោះឆ្នោត ដោយ​សេរី និង​យុ​ត្តិ​ធ​ម៍ នៅ​កម្ពុជា (​ខុម​ហ្វ្រេ​ល​) មាន​អ្នកសង្កេតការណ៍​ចំនួន ២៥៣​នាក់ និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា មាន​អ្នកសង្កេតការណ៍​ចំនួន​២២៨​នាក់​។

​សេចក្តីជូនដំណឹង​ដដែល បាន​ឲ្យ​ដឹង​ទៀតថា កាលបរិច្ឆេទ​សម្រាប់​អង្គការ​ជាតិ ដាក់សំណើរ​សុំ​សង្កេត​ការបោះឆ្នោត នឹង​ផុតកំណត់​នៅ​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០១៧​។ ចំណែកឯ​កាលបរិច្ឆេទ​សម្រាប់​អង្គការ​អន្តរជាតិ នឹង​ផុត​នៅ​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៧​។

​លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​របស់​គ​.​ជ​.​ប បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា គ​.​ជ​.​ប មិនទាន់​ទទួលបាន​សំណើរ​សុំចូល​រួម​ស​ង្កេ​ការណ៍​ពី​សំណាក់​អង្គការ​អន្តរជាតិ​ណាមួយ នៅឡើយ​ទេ​។ លោក បញ្ជាក់ថា ប្រហែលជា​មិនយូរ​ទេ អង្គការ​អន្តរជាតិ​នានា នឹងដាក់​សំណើរ​មកកាន់​គ​.​ជ​.​ប ហើយ​។  អ្នកនាំពាក្យ​របស់​គ​.​ជ​.​ប រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​ឥឡូវនេះ​អង្គការ​ជាតិ​មានតែ​ពីរ​ទេ​។ តែ​គង់​តែមាន​ទៀត​ទេ​។ ចំណែក​អង្គការ​អន្តរជាតិ ក៏​ដូចគ្នា​ដែរ ប្រហែលជា​ពួកគេ ដាក់ពាក្យ​មក​នៅពេល​ក្រោយ​»​។

​ចំពោះ​គណបក្សនយោបាយ លោក ហង្ស ពុទ្ធា អះអាងថា គ​.​ជ​.​ប នឹង​បើកឱកាស​ឲ្យ​ដាក់សំណើរ​សុំ​ចូលរួម​សង្កេត​ការបោះឆ្នោត ចាប់ពី​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០១៧​នេះ​។

​លោក ហង្ស ពុទ្ធា បានចាត់ទុក​អ្នកសង្កេតការណ៍​ទាំងអស់​ថា ជា​សាក្សី​ដ៏​សំខាន់ ក្នុង​ដំណើរការ​នៃ​ការបោះឆ្នោត​។ ម្យ៉ាងទៀត លោក ក៏​យល់ថា ក្រុម​អ្នកសង្កេតការណ៍ គឺជា​កញ្ចក់​ឆ្លុះបញ្ចាំង​ពី​ទិដ្ឋភាព​នៃ​ការបោះឆ្នោត​ផងដែរ​។  លោក សង្កត់ធ្ងន់ថា នៅពេលដែល​ក្រុម​អ្នកសង្កេតការណ៍ បាន​ចូលរួម​ឃ្លាំមើល​ការបោះឆ្នោត ពួកគេ​នឹង​អាច​មើលឃើញ​ពី​ចំណុច​វិជ្ជមាន​និង​អវិជ្ជមាន ហើយ​ថែមទាំង​អាច​ស្នើ​ឲ្យ​គ​.​ជ​.​ប កែប្រែ​ត្រង់ចំណុច​ណាមួយ ដើម្បី​ឲ្យ​ការបោះឆ្នោត​លើក​ក្រោយៗ​ទៀត កាន់​តែមាន​លក្ខណៈ​ល្អប្រសើរ​៕



Tag:
 គជប​
  ហង្ស ពុទ្ធា​
  បោះឆ្នោត​
  អ្នកសង្កេតការណ៍
© រក្សាសិទ្ធិដោយ thmeythmey.com