ជាតិ
​​​ន​យោ​បាយ​ជាតិ​
ការបាត់បង់​សម្តេច សុខ អាន​...!
16, Mar 2017 , 10:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ការងារ​ដ៏​យូរអង្វែង​ក្នុង​រដ្ឋាភិបាល  ជាពិសេស​ស្នាដៃ​លេចធ្លោ​មួយចំនួន ដូចជា​ការជំរុញ​មានដំណើរ​ការកាត់ទោស​ខ្មែរក្រហម ការប្រឹងប្រែង​រហូតដល់​មានការ​ដាក់បញ្ចូល​ប្រាសាទព្រះវិហារ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក ជាដើម​នោះ បានធ្វើ​ឲ្យ​អ្នកនយោបាយ​កំពូល និង​មន្ត្រីក្រោមឱវាទ មានការ​សោកស្តាយ​យ៉ាងខ្លាំង​ចំពោះ​មរណភាព​សម្តេច សុខ អាន ​។​



​សម្តេច ហេង សំរិន ប្រធានរដ្ឋសភា​៖ «​សម្តេច​វិបុល​បញ្ញា សុខ អាន ជា​បញ្ញាជន​ប្រកបដោយ​ថាមពល​ដែល​បាន​ចូលរួមចំណែក​យ៉ាងសកម្ម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងទិសដៅ​បម្រើ​ឧ​ត្ត​ម​ប្រយោជន៍​ជូន​ជាតិ មាតុភូមិ​»​។​

​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​៖ «​សម្តេច​វិបុល​បញ្ញា សុខ អាន បាន​ចូលរួម​តស៊ូ​លះបង់​បម្រើ​ប្រទេសជាតិ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ ដែល​បានធ្វើ​ឲ្យ​កម្ពុជា​មានការ​រីកចម្រើន​មកទល់​សព្វថ្ងៃ​។ នេះ គឺជា​ការបាត់បង់​ធនធានមនុស្ស​ដ៏​សំខាន់បំផុត​ម្នាក់​របស់​កម្ពុជា ដែល​យើងទាំងអស់គ្នា​ចងចាំ​ជានិច្ច​»​។​



​សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ៖«​សម្តេច​វិបុល​បញ្ញា បានរួម​ចំណែក​យ៉ាងសកម្ម ក្នុង​បុព្វហេតុ​បម្រើ​ប្រជាពលរដ្ឋ និង​សង្គមជាតិ​ដោយ​ស្មោះស ព្រមទាំង​បាន​បូជា​កម្លាំងកាយ និង​ប្រាជ្ញា​ស្មារតី ចូលរួម​ក្នុង​ដំណើរការ​ស្វែងរក​សន្តិ​ភាព ការពារ​អធិបតេយ្យ​ជាតិ និង​បូរណភាព​ទឹកដី លើកកម្ពស់​កិត្យានុភាព​ជាតិ លើ​ឆាក​អន្តរជាតិ និង​នាំមក​នូវ​អភិវឌ្ឍន៍​សេដ្ឋកិច្ច សង្គម​នៅ​កម្ពុជា​»​។​

​លោក នៃ ប៉េ​ណា ប្រធានស្តីទី​ព្រឹទ្ធសភា​៖ «​ការបាត់បង់​រូប​សម្តេច​វិបុល​បញ្ញា សុខ អាន គឺជា​ការបាត់​ឥស្សរជន​ដ៏​ឧត្តុង្គឧត្តម​របស់​ជាតិ​មួយរូប​ដែល​បាន​បូជា​អស់កម្លាំង​កាយ​ចិត្ត បញ្ញា និង​ស្មារតី​ប្រកបដោយ​ស្នាដៃ​សំខាន់ៗ​ដើម្បី​បម្រើ​ជាតិ មាតុភូមិ និង​បាន​ចូលរួម​ក្នុង​បេសកកម្ម​ដ៏​ថ្លៃថ្លា​ដើម្បី​បុព្វហេតុ​សន្តិភាព ការអភិវឌ្ឍ និង​លើកកម្ពស់​កិត្យានុភាព​ជាតិ​ទាំង​ក្នុង​តំបន់ និង​លើ​ឆាក​អន្តរជាតិ​»​។​



​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​៖ «​ក្នុងសម័យ​សាលា​រដ្ឋបាល (ENA) សិស្ស​ថ្នាក់​ការទូត​ជំនា​ន់ទី​ពីរ មាន​ចំនួន​ដប់​ពីរ​នាក់ ។ ក្រោយ ១៩៧៩ យើង​បាន​ជួបគ្នា​តែ​ពីរ​នាក់​គត់ គឺ សម្តេច សុខ​អាន និង រូបខ្ញុំ ។ ពេលនេះ គាត់​ទៅមុន​ហើយ ។ សូម​វិញ្ញាណក្ខន្ធ​មិត្ត​បាន​ទៅ​សោយសុខ​ចុះ​» ។​

​លោក ហ៊ុន ម៉ា​ណែ​ត​៖ «​យើងទាំងអស់គ្នា​បាន​បាត់​នូវ​វីរជន​មួយរូប ដែល​បាន​លះបង់​កម្លាំងកាយ​ចិត្ត​ដើម្បី​សម្រេច​នូវ​ការងារ​ធំៗ​ជាច្រើន​ក្នុង​បុព្វហេតុ​ជាតិ​និង​ប្រជាជន​យើង​»​។​



​លោក ហ៊ុន ម៉ា​នី តំណាងរាស្ត្រ​មណ្ឌល​កំពង់ស្ពឺ និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​៖ «​យើង​ចងចាំ​មិន​ភ្លេច​នូវ​តួនាទី​ដ៏​ចម្បង​របស់​សម្តេច​វិបុល​បញ្ញា សុខ អាន ក្នុងការ​ដឹកនាំ​កិច្ច​ការតស៊ូ​ផ្លូវច្បាប់​លើ​ករណី​តំបន់​ជុំវិញ​ប្រាសាទព្រះវិហារ​ក្នុងដំណាក់កាល​ថ្មីៗ​នេះ​»​។​

​លោក ក្រាញ់ តូ​នី ប្រធានការិយាល័យ​រដ្ឋ​បាល​ស្តីទី នៃ​អង្គជំនុំជម្រះ​វិសាមញ្ញ ក្នុង​តុលាការ​កម្ពុជា ៖ «​សម្តេច​វិបុល​បញ្ញា សុខ អាន បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ចរចា និង​ការបង្កើត​សាលាក្តី​ខ្មែរក្រហម ដើម្បី​ស្វែងរក​ការពិត និង​ផ្តល់​យុត្តិធម៌​ជូន​ដល់​ជនរងគ្រោះ​នៃ​របប​ខ្មែរក្រហម​»​។​

​លោក ចាន់ សំណព្វ ប្រធាន​ក្រុម​ប្រឹក្សាជាតិ​ភាសា​ខ្មែរ​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​៖ «​ប្រជាជាតិ​ខ្មែរ​បាន​បាត់បង់​សម្ដេច​វិបុល​បញ្ញា សុខ អាន មហា​វីរបុរស​ខ្មែរ អ្នកឯកទេស​ចរចា​វ​ប្ប​ធម៌​»​។



​លោក ឡុង ឌី​ម៉​ង់ ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​កូរ៉េខាងត្បូង​៖ «​យើងទាំងអស់គ្នា​បាន​បាត់បង់​ឥស្សរជន បញ្ញាជន អ្នកនយោបាយ អ្នកការទូត​ដ៏​ឈ្លាសវៃ​ម្នាក់​និង​មាន​ថ្វីដៃ​សម្រាប់​យើង​»​។​

​លោក នេត្រ ភ​ត្រា មន្ត្រី​នាំពាក្យ​នៃ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ៖ «​សម្តេច​វិបុល​បញ្ញា សុខ អាន ចូលរួម​យ៉ាងសកម្ម​នៅក្នុង​ការស្តារ​និង​កសាង​ជាតិ​ឡើងវិញ​ចាប់តាំងពី​កម្ពុជា​បាន​ចាក ផុតពី​របប​ប្រល័យពូជសាសន៍​ខ្មែរក្រហម ប៉ុល ពត រហូតដល់​កម្ពុ​ជាមាន​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ គួរ​ជាទី​មោទនៈ​រហូតមកទល់​សព្វថ្ងៃ​នេះ​»​។​



​ខាងក្រោម​នេះ​ជា​សារ​ដែល​ចែករំលែក​តៗ​គ្នា​នៅលើ​បណ្តាញ​សង្គម​ទាក់ទង​នឹង​គុណសម្បត្តិ​ប្រាំពីរ​យ៉ាង និង​តម្លៃ​នៃ​ស្នាដៃ​របស់​សម្តេច​សុខ អាន​៖

១- ជា​វរជន​នៃ​បេតិកភណ្ឌ​ជាតិខ្មែរ និង​បេតិកភណ្ឌ​ពិភពលោក ប្រាសាទ​អង្គរ និង​ប្រាសាទព្រះវិហារ​
២- ជា​បណ្ឌិតសភា​ចា​រ្យ និង​ជាម​រតក​នៃ​បញ្ញាញាណ​
៣- ជា​អ្នកការទូត​ដ៍​ចំណាន​និង​កិច្ចសហប្រតិបត្តិការ​
៤- ជា​សាក្សី​និង​ជា​អ្នកតំណាង​នៃ​យុត្តិធម៌​អន្តរជាតិ និង​សម្រាប់​ប្រជាជន​ខ្មែរ​ក្នុង​ដំណេ​ី​រការ សាលាក្តី​ខ្មែរក្រហម​
៥- ជា​ប្រតិបត្តិ​ករ​នៃ​សន្តិភាព និង​ជា​អ្នក​ឈានមុខ​នៃ​ដំណេ​ី​រ​ការកែទម្រង់​រដ្ឋ​
៦- ជា​មន្ត្រី​អធិបតេយ្យ​ក្នុងការ​បំ​រេ​ី ជាតិ សាសនា ព្រះមហាក្សត្រ ដោយស្មោះ​ត្រង់​បំផុត​អស់​មួយជីវិត​
៧- ជា​ជីតា ជា​ស្វា​ម៉ី ជា​ឪពុក និង​ជា​រៀមច្បង​គ្រួសារ ក្នុងតម្លៃ​នៃ​ក្តី​ស្រឡាញ់​៕


Tag:
 សុខ អាន
© រក្សាសិទ្ធិដោយ thmeythmey.com