មានតែក្លិប Leicester City មួយប៉ុណ្ណោះក្នុងចំណោមក្លិបទាំងបួនមកពីក្របខណ្ឌ Premier League របស់អង់គ្លេស ដែលអាចឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយនៃពានរង្វាន់កំពូលអឺរ៉ុប UEFA Champions League (UCL)។
វាជារឿងដែលមិនគួរឲ្យជឿតែវាបានកើតឡើងរួចទៅហើយ គឺក្រុម Leicester City ដែលនៅក្បែរតំបន់ត្រូវកាត់ចោលនៃក្របខណ្ឌ Premier League បានទម្លាក់ក្រុម Sevilla របស់អេស្ប៉ាញក្នុងវគ្គ១៦ក្រុម ដើម្បីឈានទៅវគ្គ៨ក្រុមចុងក្រោយនៃពាន UEFA Champions League បន្តទៀត។
ក្រុមខ្លាំងៗនៃក្រមខណ្ឌកំពូលរបស់អង់គ្លេសបីក្រុមទៀត រួមមាន Manchester City, Arsenal, Tottenham Hotspur សុទ្ធតែធ្លាក់ចេញពីព្រឹត្តិការណ៍កំពូលរបស់អឺរ៉ុបនេះ។ ក្រុមមេឃខៀវ Man City ចាញ់ក្រោមថ្វីជើងក្រុមមកពីប្រទេសបារាំង AS Monaco ក្នុងលទ្ធផលទាំងពីជើង៦ស្មើ តែចាញ់គ្រាប់បាល់ចំណេញក្រៅដី។ ខណៈកាំភ្លើងធំ Arsenal ចាញ់ក្រុមមកពីអាល្លឺម៉ង់ Bayern Munich ទាំងទៅទាំងមក ១០-២។ រីឯ spur ធ្លាក់ចេញពីពាននេះតាំងពីវគ្គសន្សំពិន្ទុឯណោះ។
ចំណែកក្រុមផ្សេងទៀតដែលបានឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយ មានដូចជា Real Madrid បានឈ្នះក្រុម Napoli ទាំងពីរជើងក្នុងលទ្ធផល ៦-២។ Borussia Dortmund ឈ្នះ Benfica ក្នុងលទ្ធផល ៤-១ រីឯ Barcelona វាយបកយកឈ្នះ Paris Saint Germain ទាំងប្រផិតប្រផើយក្នុងលទ្ធផល ៦-៥ ហើយ Juventus ឈ្នះ FC Porto ៣-០ និង Atletico Madrid ឈ្នះ២-០ លើក្រុម Bayer Leverkusen។
ក្នុងចំណោមក្លិបទាំង៨ដែលមានវត្តមាននៅវគ្គ១/៤ផ្តាច់ព្រ័ត្រ Champions League ឆ្នាំនេះ Leicester គឺជាក្លិបដែលស្វែងរកបទពិសោធន៍ដំបូងបំផុត ខណៈក្លិបផ្សេងទៀតធ្លាប់មានការប្រកួតដ៏ជោគជាំក្នុងក្របខណ្ឌលំដាប់កំពូលរបស់អឺរ៉ុប ក្នុងនោះ Real Madrid គ្រងជើងឯក១១សម័យកាល Bayern Munich ៥សម័យកាល Barcelona ៤សម័យកាល Juventus ២សម័យកាល Dortmund ជើងឯកឆ្នាំ១៩៩៧ Atletico Madrid ជើងឯករង៣សម័យកាល និងMonaco ជើងឯករងឆ្នាំ២០០៤។
ការចាប់ឆ្នោតរកគូប្រកួតក្នុងវគ្គ៨ក្រុមចុងក្រោយនៃក្របខណ្ឌ Champions League នឹងត្រូវធ្វើឡើងនៅយប់ថ្ងៃសុក្រទី១៧ ខែមីនា ២០១៧ នាទីក្រុង Nyon ប្រទេសស្វីស។ ក្រុមទាំង៨នេះនឹងចាប់ផ្តើមប្រកួតជម្រុះបន្តនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧៕