ជាតិ
​​​ន​យោ​បាយ​ជាតិ​
អាមេរិក ,​ជប៉ុន និង​ថៃ ចូលរួម​រំលែក​ទុក្ខ​ចំពោះ​មរណភាព​សម្ដេច សុខ អាន​
16, Mar 2017 , 6:09 pm        
រូបភាព
ដោយ: ថ្មីៗ
រដ្ឋាភិបាល និង​ស្ថានទូត​បរទេស​ប្រចាំ​ប្រទេស​កម្ពុជា បានចេញ​សេចក្ដីថ្លែងការណ៍​រំលែក​ដល់​រដ្ឋាភិបាល និង​គ្រួសារ​សព​សម្ដេច សុខ អាន​។ ប្រទេស​ជា​មិត្ត​ទាំងនេះ ចាត់ទុក​មរណភាព​ស​ម្ដេច សុខ អាន គឺជា​ការបាត់បង់​ធនធានមនុស្ស​ដ៏​ល្អ​មួយរូប សម្រាប់​ប្រទេស​កម្ពុជា​។​


 
​ស្ថានទូត​អាមេរិក បាន​ចូ​ម​រួម​រំលែក​ទុក្ខ​ដល់​ក្រុមគ្រួសារ​សព​សម្ដេច សុខ អាន ។ ស្ថានទូតអាមេរិក ចាត់ទុកមរណភាពសម្ដេច សុខ អាន គឺជាការបាត់បង់ធនធានសំខាន់ម្នាក់ ក្នុងកិច្ចសហការរវាងប្រទេសទាំងពីរ។ 

ស្ថានទូត​អាមេរិក បានសរសេរលើហ្វេសប៊ុកជាភាសាអង់គ្លេសដែលមានន័យថា៖«សម្ដេច សុខ អាន  គឺជា​ដៃគូរ​យូ​អង្វែង​របស់​ស្ថានទូត​អាមេរិក​នៃ​ការងារ​វប្បធម៌ តាមរយៈ​តួនាទី​ជា​ប្រធាន​អាជ្ញាធរ​អប្សរា​។ បន្ថែម​ពីនេះ​សម្ដេច សុខ អាន ក៏បាន​ចូលរួម​យ៉ាងសកម្ម ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​រដ្ឋាភិបាល ក្នុងការ​បង្កើត​តុលាការ​ខ្មែរក្រហម ព្រោះ​សម្ដេច សុខ អាន ជា​ប្រធាន​ក្រុមការងារ​តុលាការ​កាត់ក្តី​ខ្មែរក្រហម​»។​
 
​ទន្ទឹមនឹង​នេះដែរ ភារៈធារី​ស្តីទី​នៃ​ស្ថានទូត​ជប៉ុន បានបង្ហាញ​អារម្មណ៍​រន្ធត់ចិត្ត នៅពេល​ទទួលដំណឹង​ដ៏​ក្រៀមក្រំ​បំផុត​អំពី​មរណភាព​របស់​សម្តេច សុខ អាន ដែរ។ ភារៈធារី​ស្តីទី​នៃ​ស្ថានទូត​ជប៉ុន បាន​សម្ដែង​ការចូលរួម​រំលែក​ទុក្ខ​ជាមួយ​ក្រុមគ្រួសារ​សព​ស​ម្ដេច សុខ អាន ។ ស្ថានទូត​បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​ខ្លួន​ដូច្នេះ​ថា​៖«​ក្នុង​តំណែង​ជា​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី សម្តេច​សុខ អាន បាន​ដើរតួនាទី​ដ៏​សំខាន់​ក្នុង​ការកសាង​ប្រទេស​កម្ពុជា​ឡើងវិញ និង​ដំណើរការ​ប្រព្រឹត្តទៅ​នៃ​អង្គជំនុំជម្រះ​វិសាមញ្ញ​នៃ​តុលាការ​កម្ពុជា ព្រមទាំង​ការអភិរក្ស​ប្រាង្គ​ប្រាសាទ​អង្គរ អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​។ សម្តេច បាន​ផ្លាស់ប្តូរ​ទំនាក់ទំនង​ជាមួយ​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ជប៉ុន​យ៉ាង​ល្អប្រសើរ ចាប់តាំងពី​ដំណើរការ​ស្វែងរក​សន្តិ​ភាព​រហូតមក​ដល់ពេល​បច្ចុប្បន្ន ហើយ​សម្តេច​ក៏បាន​ចូលរួមចំណែក​ក្នុងការ​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​ផងដែរ​»​។​
 
​រដ្ឋាភិបាល​ថៃ បានចេញ​សេចក្ដីថ្លែងការណ៍​រំលែក​ទុក្ខ​មក​រដ្ឋាភិបាល​កម្ពុជា ដែល​បាត់បង់​សម្ដេច សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី​។ នេះ​បើតាម​ការផ្សាយ​ចុះ​របស់​បាងកក​ប៉ុស្តិ៍​។​
 
​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ថៃ​លោក Don Pramudwinai បាន​ឲ្យ​ដឹងថា រដ្ឋាភិបាល​ថៃ​នឹង​បញ្ជូន​អ្នកតំណាង​មក​ចូលរួម​ពិធី​បុណ្យសព​សម្ដេច សុខ អាន ។ 
 
សម្តេច សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី បានទទួល​មរណភាព​នៅ​ថ្ងៃទី​១៥ មីនា​នេះ ដោយ​រោគាពាធ នៅ​មន្ទី​ពេទ្យ​ក្រុង​ប៉េកាំង ប្រទេស​ចិន ក្នុង​ជន្មាយុ​៦៦​ឆ្នាំ​៕
 
 
 

Tag:
 ​សុខ អាន​
 ​ថៃ​
 ​អាមេរិក
 ​ជប៉ុន​
© រក្សាសិទ្ធិដោយ thmeythmey.com