ជាតិ
នយោបាយជាតិ
តុលាការ ពន្យារពេលប្រកាសសាលក្រមលើរឿងក្តីលោកសម រង្ស៊ី ដែលប្តឹងដោយសម្តេច ហ៊ុន សែន
×
ភ្នំពេញ៖ ក្រោយបញ្ចប់សវនាការអស់រយៈពេលជាង២ម៉ោង នៅថ្ងៃសុក្រនេះ ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចប្រកាសសាលក្រម នៅថ្ងៃទី៣០ មីនា ឆ្នាំ២០១៧ ពាក់ព័ន្ធសំណុំរឿងរបស់លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលបានសរសេរលើទំព័រហ្វេសប៊ុកថា រដ្ឋាភិបាលកម្ពុជា នៅពីក្រោយខ្នងនៃអំពើឃាតកម្មលើលោក កែម ឡី។
សវនាការនាព្រឹកនេះ ដំណើរការទៅដោយគ្មានវត្តមានលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ នោះទេ។ បច្ចុប្បន្ន លោក សម រង្ស៊ី កំពុងតែរស់នៅឯបរទេស ក្រោមការហាមឃាត់ពីសំណាក់រដ្ឋាភិបាល មិនឲ្យវិលមកកម្ពុជាវិញ។
នៅក្នុងសំណុំរឿងខាងលើ លោក សម រង្ស៊ី បានរងបទចោទ «បរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឲ្យប្រព្រឹត្តអំពើបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។ សំណុំរឿងនេះ គឺប្តឹងដោយសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្រោយពីលោក សម រង្ស៊ី ចោទរដ្ឋាភិបាល នៅតាមបណ្តាញសង្គមហ្វេសប៊ុក ថាជាប់ពាក់ព័ន្ធនឹងឃាតកម្មលើលោក កែម ឡី ដែលជាអ្នកសិក្សាស្រាវជ្រាវការអភិវឌ្ឍសង្គម និងជាអ្នកវិភាគនយោបាយ។
ជុំវិញឃាតកម្មលើលោក កែម ឡី សមាជិកាព្រឹទ្ធសភាមួយរូប ពីគណបក្ស សម រង្ស៊ី គឺលោកស្រី ថាក់ ឡានី ក៏ត្រូវបានសម្តេច ហ៊ុន សែន ប្តឹងផងដែរ។ លោកស្រី ថាក់ ឡានី ត្រូវបានតុលាការកាត់ទោសរួចហើយ ដោយឲ្យលោកស្រី ជាប់ពន្ធនាគាររយៈពេល១ឆ្នាំកន្លះ។ លោកស្រី បានចាកចេញពីប្រទេសកម្ពុជា ចាប់តាំងពីមានក្តីក្តាំនេះកើតឡើង។
ដោយឡែក លោក
គឹម សុខ ដែលជាអ្នកវិភាគនយោបាយ ក៏បានរងបណ្តឹងពីសម្តេច ហ៊ុន សែន ដែរ។ ការរងបណ្តឹងនេះ គឺដោយសារតែលោក គឹម សុខ បាននិយាយស្រដៀងនឹងលោក សម រង្ស៊ី និងលោកស្រី ថាក់ ឡានី ដែរ ពាក់ព័ន្ធនឹងអំពើឃាតកម្មលើលោក កែម ឡី។ លោក គឺម សុខ ត្រូវបាននាំទៅឃុំបណ្តោះអាសន្ន កាលពីពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០១៧ ក្រោយពីមេធាវីរបស់សម្តេច ហ៊ុន សែន ដាក់បណ្តឹងទៅកាន់តុលាការ៕
Tag:
សម រង្ស៊ី
ហ៊ុន សែន
មេធាវី
តុលាការ
© រក្សាសិទ្ធិដោយ thmeythmey.com