ជាតិ
តារាល្បីបើករថយន្តបណ្តើរ និយាយវីដេអូខលបណ្តើរ រងការរិះគន់ តែនាងបានសុំទោស!
× តារាសម្តែង គួរតែធ្វើជាគម្រូក្នុងការអប់រំប្រជាពលរដ្ឋ ជាពិសេសសុវត្ថិភាពចរាចរណ៍ដែលកំពុងប្រឈមធ្ងន់ធ្ងរក្នុងសង្គមកម្ពុជា។ កញ្ញា ម៉ាក់ សែនសូនីតា ហៅ តូតា ទទួលរងនូវការរិះគន់យ៉ាងខ្លាំង បន្ទាប់ពីតារាសម្តែងស្រស់ស្អាត និងពោរពេញដោយប្រជាប្រិយភាពរូបនេះ បានបង្ហោះឃ្លីបមួយដែលមានរយៈពេលជិត១នាទី ដែលនិយាយវីដេអូខល នៅពេលកំពុងបើករថយន្ត។
កញ្ញា ម៉ាក់ សែនសូនីតា ហៅ តូតា បានទទួលការហៅចូលដ៏រំភើបពីមិត្តភក្តិម្នាក់ដើម្បីជូនពរខួបកំណើតរបស់នាង នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧ ។ តូតាបានសរសេរនៅលើហ្វេសប៊ុកដែលមានថា ការជូនពរខួបកំណើតពីចម្ងាយពីអ្នកដែលយកចិត្តទុកដាក់ មិនថានៅទីណានោះឡើយ ពួកគេតែងតែធ្វើឲ្យអ្នកភ្ញាក់ផ្អើលជានិច្ច។
តាមរយៈឃ្លីបវីដេអូ កញ្ញា តូតា បង្ហាញការសប្បាយរីករាយយ៉ាងខ្លាំង ខណៈខ្លួនកំពុងបើករថយន្ត។ អ្នកដែលជូនពរនោះ ត្រូវបានគេស្គាល់ថា ជាលោក រតនៈ ពិសិដ្ឋ ដែលជាតារាសម្តែងដ៏ពេញនិយមម្នាក់ផងដែរ។ វីដេអូដែលបង្ហោះចេញពីគណនី Mak Sensonita - ToTa កាលពីវេលាម៉ោង១០ និង៣៤នាទីព្រឹកថ្ងៃទី១៦ ខែមីនា មានការទស្សនាជាង២ម៉ឺន (21K Views) ការចុច Like ជិត១.៥ពាន់ (1.5k) និងចែករំលែកជាង៤០ បើគិតត្រឹមរសៀលថ្ងៃទី១៧ ខែមីនា នេះ។
ដោយសារតែកញ្ញា តូតា ជាតារាដែលរួសរាយរាក់ទាក់ មនុស្សតិចណាស់ដែលបានចូលបញ្ចេញមតិក្នុងន័យជេប្រមាថ ដោយភាគច្រើនបានធ្វើការណែនាំដល់តារាម្នាក់នេះ។ ការណែនាំទាំងនោះ មានដូចជា «គ្មានកាគោរពច្បាប់ចរាចរណ៍ មើលងាយជីវិតអ្នកដទៃ», «បើកឡានចឹងមិនគួរយាយទូរសព្ទ ទេអូន ព្រោះវា គ្រោះថ្នាក់ណាស់ បំណងល្អទេ មកពីស្រឡាញ់», «ភ័យជំនួស ប្រហោងពោះធ្លុង សូមឲ្យសំណាងល្អតាមផ្លូវណា តែកុំនិយាយទូរសព្ទ ពេលកំពុងបើកបរ ណាស្រីស្អាត», «Nita ខ្ញុំគិតថាអ្នកកំពុងធ្វើគំរូមិនល្អហើយព្រោះវាអាចមានគ្រោះថ្នាក់ដល់អ្នកដទៃដោយសារតែការធ្វេសប្រហែសតែ១នាទី»។
ទោះបីជាយ៉ាងណាក៏ដោយ កញ្ញា តូតា ហាក់មិនមានការខឹងសម្បារអ្វីនោះឡើយ ដោយនាងទទួលស្គាល់កំហុស នាងសុំទោស។ នាងបានសរសេរតបថា៖ «អរគុណទាំងអស់គ្នាសំរាប់ដំបូន្មាន....ហើយក៏សុំទោសដែលព្រោះអីគាត់ call មកគឺចៃដន្យស្របពេលខុំ្ញកំពុងបើកឡាន តែយ៉ាងណាមុខពេលដែលខុំ្ញលើក ខុំ្ញដឹងខ្លួនច្បាស់ ហើយខ្ញុំការទទួលខុសត្រូវ សង្ឃឹមថាកុំប្រកាន់ណា»៕
Tag:
តារាសម្តែង
ម៉ាក់ សែនសូនីតា
© រក្សាសិទ្ធិដោយ thmeythmey.com