ជាតិ
ពីនេះ ពីនោះ
ពាក្យ«លុយ» ជាពាក្យបារាំង ចំណែក ពាក្យ«ប្រាក់» ទើបជាពាក្យខ្មែរ
× វចនានុក្រមសម្តេចសង្ឃរាជជួន ណាត បានពន្យល់ថា៖
លុយ(ន) លោហៈមានសណ្ឋានមូលតូចសំប៉ែត មានរូបភាព ឬ ត្រា និងអក្សរជាសម្គាល់ សម្រាប់ប្រើចាយជំនួសប្រាក់។ ពាក្យនេះ ក្លាយមកពីពាក្យថា ល្វី (Louis) ដែលជាព្រះនាមនៃមហាក្សត្រីយ៍ប្រទេសបារាំងសម័យដើម។ ពាក្យ សាមញ្ញ ហៅថា ប្រាក់។ ប្រាក់ គឺគេប្រើសម្រាប់ចាយប្រចាំថ្ងៃនៅកម្ពុជាបច្ចុប្បន្ន។ ចាស់ទុំលោកថា កុំឲ្យហៅប្រាក់ពាន់ម៉ឺនថា លុយ ពីព្រោះ វាមានតម្លៃតូចជាងប្រាក់។
តាមពិតទៅ បច្ចុប្បន្ន ពាក្យ«ប្រាក់» ក៏ពលរដ្ឋខ្មែរនិយមប្រើច្រើនផងដែរ។ ឧទាហរណ៍៖ ប្រាក់ខែ គឺសំដៅលើលុយប្រចាំខែ ដែលបុគ្គលិក ឬកូនឈ្មួលទទួលបានពីការងាររបស់ពួកគេ។ គេមិនដែលប្រើពាក្យថា «លុយខែ»នោះទេ ប៉ុន្តែ គេចូលចិត្តប្រើពាក្យថា«បើកលុយ» ជាជាង ប្រើពាក្យថា «បើកប្រាក់»។ មួយវិញទៀត គេច្រើនប្រើពាក្យថា «ប្រាក់ឧបត្ថម្ភ» ដោយមិនសូវប្រើពាក្យថា «លុយឧបត្ថម្ភ»នោះទេ។ ចំណែក នៅតាមផ្សារ ឬតូបនានាវិញ គេច្រើនដាក់ស្លាកថា «ប្តូរប្រាក់ ឬហាងប្តូរប្រាក់» ជាជាងពាក្យថា«ដូរលុយ ឬហាងដូរលុយ»។
មែនទែនទៅ ពាក្យថា«លុយ» ដដែល ប្រសិនបើមានថ្នាក់ជាកិរិយាស័ព្ទវិញ គឺមានន័យផ្សេងទៀត។
វចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត បានពន្យល់ថា៖
លុយ (កិ) ដើរក្នុងទឹករាក់(លុយទឹក), ដើរកាត់ ឬដើរទន្ទ្រានចូល(លុយដំណាំ,ដើរលុយស្បូវ)។ លុយលុក ឬលុកលុយ៕
© រក្សាសិទ្ធិដោយ thmeythmey.com