ជាតិ
សេដ្ឋកិច្ច
រដ្ឋមន្ត្រី​ប្រៃសណីយ៍ បញ្ជា​ឲ្យ​ក្រុមហ៊ុន​ទូរ​សព្ទ​ចល័ត​បញ្ឈប់​«​គម្រោង​ប្ដូរ​លុយ​»​ត្រឹម​ខែមីនា​
18, Mar 2017 , 9:53 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បានដាក់​ឱសានវាទ​ឲ្យក្រុមហ៊ុនទូរសព្ទបញ្ឈប់​«​គម្រោង​ប្ដូរ​លុយ​»​របស់ខ្លួន ត្រឹម​ខែមីនា​នេះ​។  ការបញ្ឈប់​នេះ ត្រូវបាន​ក្រសួង​ពន្យល់​ការ ការប្រកួតប្រជែង​«​គម្រោង​ប្ដូរ​លុយ​»​នេះ បានធ្វើ​ឲ្យ​បាត់​គុណភាព​នៃ​សេវា និង​បាត់​ចំណូល​ពន្ធ​ជូន​រដ្ឋ​។​



​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បានដាក់​ឱសានវាទ ត្រឹម​បំណាច់​ខែមីនា ឆ្នាំនេះ ឲ្យ​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូរ​សព្ទ​ចល័ត បញ្ឈប់​គម្រោង​បញ្ចុះតម្លៃ​ដ៏​សម្បើម ដែល​ក្រុមហ៊ុន​បានដាក់​ចេញ ដើម្បី​ប្រកួត​ជែង​ក្នុងពេល​ថ្មីៗ​នេះ​។ នេះ​បើតាម លោក អ៊ឹម វុត្ថា អ្នកនាំពាក្យ​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា (TRC)​។​

​លោក អ៊ឹម វុត្ថា ឲ្យ​ដឹងថា ការកំណត់​ឲ្យ​បញ្ឈប់​ការប្រកួតប្រជែង​តម្លៃ​បែបនេះ គឺធ្វើឡើង​នៅ​ថ្ងៃទី​១៦​ខែមីនា ក្នុង​កិច្ចប្រជុំ​មួយ រវាង​រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ លោក ត្រាំ អ៊ីវតឹក ជាមួយ​ប្រតិបត្តិ​ករ ទូរ​សព្ទ​ចល័ត​។

​បើតាម​អ្នកនាំពាក្យ​រូបនេះ មូលហេតុ​នៃ​ការតម្រូវ​ឲ្យ​បញ្ឈប់​នេះ ព្រោះ​ក្រសួង​មើលឃើញថា ការប្រកួតប្រជែង​«​គម្រោង​ប្តូរ​លុយ​» បានធ្វើ​ឲ្យ​បាត់បង់​គុណភាព​សេវា និង បាត់​ឱកាស​ប្រមូល​ចំណូល​ពន្ធ​ចូល​រដ្ឋ​។

​លោក អ៊ឹម វុត្ថា ពន្យល់​ដូច្នេះ​ថា​៖«​ទី​១ ការផ្សាយពាណិជ្ជកម្ម ហាក់​មិន​សមស្រប​។ ការដែល​ឲ្យ​រង្វាន់​ច្រើនពេក (​បន្ថែម​តម្លៃ​ច្រើនពេក​) ធ្វើ​ឲ្យ​អតិថិជន​ខំ​តេ (​ហៅ​ចេញ​) ធ្វើ​ឲ្យ​ស្ទះ ធ្វើ​ឲ្យ​គុណភាព​សេវា​មិនល្អ ហើយ​ណាមួយ នៅពេល​១​ដុល្លារ​ថែម​ប៉ុន្មាន​ដុល្លារ​នោះ តែ​ធាតុពិត​ទៅ សុពលភាព​ដែល​គាត់​ឲ្យ ឧទាហរណ៍ ថា​បួនដប់​ថ្ងៃ តែ​ជួនកាល​អត់​បាន​បួនដប់​ថ្ងៃ​ទេ​។ តាមពិតទៅ ចរិត​នៃ​ការ (​ធ្វើ​ប្រូ​ម៉ូ​ស៊ិន​)​នេះ ហាក់ដូច​បោកប្រាស់​អតិថិជន​បន្តិច​»​។

​លោក អ៊ឹម វុត្ថា បន្ថែមថា ការប្រកួតប្រជែង​បែបនេះ នឹង​ប៉ះពាល់​ដល់​ការវិនិយោគ​ពង្រីក​គុណភាព​សេវា​របស់​ក្រុមហ៊ុន នៅពេល​យូរអង្វែង​ខាងមុខ​ផងដែរ​។

​មុន​ឱសានវាទ​របស់​ក្រសួង TRC ធ្លាប់បាន​ព្យាយាម​បញ្ឈប់​ម្ដង​ហើយ ការធ្វើ​ប្រូ​ម៉ូ​ស៊ិន​ទាំងនោះ តែ​គ្មាន​ប្រសិទ្ធភាព ដោយសារ​គ្មាន​ការស្រុះស្រួល​រវាង​ក្រុមហ៊ុន​ទូរ​សព្ទ​ចល័ត​។ លោក អ៊ឹម វុត្ថា បញ្ជាក់​ដូច្នេះ រួច​បន្តថា​៖«​ក្រុមហ៊ុន​ទាំងបី (Smart Cellcard និង Metfone) មាន​ជំហរ​មិន​សប្បាយចិត្ត​រវាង​គ្នា ដោយ​ថា​ម្នាក់​ធ្វើ ម្នាក់​មិន​ព្រម​ឈប់ ហើយ​អ្នក​ដ៏​ទៃ​មិន​សប្បាយចិត្ត ខ្លាច​ថា​វា​អត់​ស្មើភាព​គ្នា ដែល​គាត់​បង្ខំចិត្ត​នាំគ្នា​ធ្វើបែបនេះ​»​។

​ការប្រកួតប្រជែង​តម្លៃ​បានចាប់ផ្ដើម​ដោយ​ក្រុមហ៊ុន Cellcard ដោយ​ក្រុមហ៊ុន​នេះ​បាន​ដាក់ចេញ​គម្រោង​១​ដុល្លារ​ប្ដូរ​បាន ១០០​ដុល្លារ​។ ជាការ​ឆ្លើយតប​ក្រុមហ៊ុន Smart បាន​ដាក់ចេញ​កញ្ចប់​១​ដុល្លារ​ប្ដូរ​បាន ១២៥​ដុល្លារ និង​បន្ទាប់មក​ក្រុមហ៊ុន Metfone ១​ដុល្លារ​ប្ដូរ​បាន ១៥០​ដុល្លារ​។​

​ប៉ុន្តែ​វិធានការ ចំពោះ​ក្រុមហ៊ុន​ដែល​នៅ​បន្តធ្វើ​ប្រូ​ម៉ូ​ស៊ិន​បែប​នោះ​ទៀត ហាក់​មិន​ច្បាស់លាស់​នោះទេ​។ លោក អ៊ឹម វុត្ថា លើកឡើងថា​៖ «​បើតាម​ច្បាប់ទម្លាប់ កាលណា​ប្រកួតប្រជែង​មិន​ស្មោះត្រង់ អាចដាក់​ទោសទណ្ឌ​បាន មានដូចជា​ព្យួរ​អាជ្ញា​បណ្ណ ដកហូត​អាជ្ញា​បណ្ណ​ជាដើម​។ ប៉ុន្តែ​ក្រុមហ៊ុន​បី​នេះ​បានធ្វើ​ឲ្យ​មាន​កំណើន​វិស័យ​សេវា​នេះ ចូលរួម​បង្កើន​សេដ្ឋកិច្ច ហើយ​ធ្វើ​ឲ្យ​បាន​ប្រើប្រាស់​ដល់ទី​ជនបទ ដែល​ធ្វើ​គម្លាត​ឌី​ជី​ថយ​កាន់តែ​ជិត​។ ដូច្នេះ​យើង​ត្រូវ​ប្រយ័ត្ន​ប្រ័​យែង​បន្តិច លើ​ការចាត់វិធានការ​ខ្លាំង ព្រោះ​ទីផ្សារ​មិនទាន​ឈានដល់​រលំ​ភ្លាមៗ​នោះទេ​»​។​

​ជាមួយគ្នានេះ ថ្លៃដើម​នៃ​ការផ្គត់ផ្គង់​សេវា​ទូរ​សព្ទ (Cost base) ដែលជា​មូលដ្ឋាន​បញ្ជាក់​ពី​ការប្រកួតប្រជែង​មិន​ស្មោះត្រង់ នៅ​មិនទាន់មាន​ស្ដង់ដារ​រួម​នៅឡើយ​។ អ្នកនាំពាក្យ​រូបនេះ​បន្តថា ថា​រដ្ឋាភិបាល នឹង​ទុកពេល​ច្រើន ធ្វើការ​ជាមួយ​ក្រុមហ៊ុន​លើ​ការកំណត់ Cost base រួមមួយ​។ ទន្ទឹមនឹងនេះ រដ្ឋាភិបាល​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ទូរ​សព្ទ​ចល័ត​ទាំង​៦ បង្កើតជា​សមាគម​មួយ ដើម្បី​ងាយស្រួល​ធ្វើការ​ជាមួយ​រដ្ឋាភិបាល ជុំវិញ​បញ្ហា​ផ្សេងៗ រួមទាំង​ការកំណត់ Cost base នេះដែរ​។​

​តាម​តួលេខ​ពី TRC គិត​ត្រឹម​ឆ្នាំ ២០១៦ កម្ពុជា​មានការ​ប្រើប្រាស់​ប្រព័ន្ធ​ទូរ​សព្ទ​ចល័ត​ជាង ១៩​លាន​ស៊ីម​កាត​។ ក្រុមហ៊ុន Metfone កាន់កាប់​ចំណែក​ទីផ្សារ​ធំជាងគេ ក្នុងចំណោម​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូរ​សព្ទ​ចល័ត​ទាំង​៦ នៅ​កម្ពុជា​៕


Tag:
 អ៊ឹម វុត្ថា​
 ​ ទូរ​សព្ទ​ចល័ត​
  ​ប្តូរ​លុយ
© រក្សាសិទ្ធិដោយ thmeythmey.com