ជាតិ
លោក អ៊ឹម សុខ​រិទ្ធី ពន្យល់​ពី​ខ្នាត​គន្លឹះ​សំណង់​អង្គរ​ដែល​ធ្វើ​ឲ្យ​មាន​ទំនាក់ទំនង​នឹង​តារាសាស្ត្រ​
18, Mar 2017 , 8:59 pm        
រូបភាព
«រូបភាព៖ លោក អ៊ឹម សុខរិទ្ធី»
«រូបភាព៖ លោក អ៊ឹម សុខរិទ្ធី»
​សៀមរាប​៖ ព្រឹត្តិការណ៍​ព្រះអាទិត្យ​រះ​ចំ​ប្រាង្គ​កណ្តាល​នៃ​ប្រាសាទអង្គរវត្ត នឹង​ប្រព្រឹត្តិ​ទៅ​ចំ​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៧​។ យោងតាម​វិស័យ​តារាសាស្ត្រ បាតុភូតធម្មជាតិ​នេះ បាន​កើតឡើង​រយៈពេល​២​ដង​ក្នុង​មួយឆ្នាំ គឺ​លើក​ទី​១ ចំ​ថ្ងៃទី​២១ ខែមីនា និង​លើក​ទី​២ កើតឡើង​ចំ​ថ្ងៃទី​២១ ខែកញ្ញា ដែល​អំឡុង​ពេលនេះ គឺ​ពេលវេលា​ថ្ងៃ​និង​យប់​មាន​រយៈពេល​ស្មើគ្នា​។ តើ​ជាការ​ចៃដន្យ​ទេ ដែល​ធ្វើ​ឲ្យ​មាន​បាតុភូត​នេះ​កើតឡើង​នៅ​ប្រាសាទ​អង្គរ ដែល​ព្រះអាទិត្យ​បាន​រះ​ចំ ឫ​ស្ទើរ​ចំ​កំពូល​កណ្តាល​ប្រាសាទ​ដ៏​អច្ឆរិយ​មួយ​នេះ​?



​លោក អ៊ឹម សុខ​រិទ្ធី បុរាណ​វិទូ និង​អ្នកស្រាវជ្រាវ​បាន​ពន្យល់ថា ហេតុការណ៍​ខាងលើនេះ​បាន​បង្ហាញថា បុព្វបុរស​ខ្មែរ ពិតជា​មានចំណេះដឹង​ជ្រៅជ្រះ​លើ​វិស័យ​តារាសាស្ត្រ​។ ភស្តុតាង​នេះ ក៏បាន​បញ្ជាក់ទៀតថា មនុស្ស​ក្នុងសម័យ​នោះ​ជឿជាក់ និង​មាន​ជំនឿ​យ៉ាង​មុតមាំ​ទៅលើ​វិស័យ​តារាសាស្ត្រ​នេះ​។​

​មែនទែនទៅ ជំនឿ​លើ​តារាសាស្ត្រ​នេះ​មាន​ឥទ្ធិពល​រហូតមកដល់​បច្ចុប្បន្ននេះ​។ លោក សុខ​រិទ្ធី បាន​បញ្ជាក់ថា ស្ទើរ​គ្រប់​ជាតិ​សាសន៍ ពួកគេ​តែង​ស្វែងរក និង​ជ្រើស​រើសយក​ថ្ងៃ​ល្អ​សម្រាប់ធ្វើ​កិច្ច​ពិធី​អ្វីមួយ ដោយ​ពួកគេ​ពឹងពាក់​លើ​អ្នក​ដែលមាន​ចំណេះដឹង​ផ្នែក​តារាសាស្ត្រ​ឲ្យ​គុណគូរ​។

​សម្រាប់​ព្រឹត្តិការណ៍​ធំៗ​ចំនួន​ពីរ​ដែល​បានកើត​ឡើង រវាង​តារាសាស្ត្រ និង​សំណង់​ប្រាសាទអង្គរវត្ត​។ ព្រឹត្តិការណ៍​ទីមួយ គឺ​ថ្ងៃ​និង​យប់​មាន​រយៈពេល​ស្មើគ្នា ហើយ​វា​តែង​កើតឡើង​រាល់​២​លើក​ក្នុង​មួយឆ្នាំ គឺ​អំឡុង​ខែមីនា និង​ខែកញ្ញា​។ ដំណើរ​គោចរ​របស់​ព្រះអាទិត្យ​នឹង​រះ​ចំ​កំពូល​កណ្តាល​នៃ​ប្រាសាទអង្គរវត្ត ហើយ​រយៈ​ពេលនេះ គឺ​ពេល​ថ្ងៃ​និង​យប់​មាន​រយៈពេល​១២​ម៉ោង​ស្មើគ្នា​។ ចំណែក​ព្រឹត្តិការណ៍​ទី​ពីរ គឺ​យប់​វែង​ជាង​ថ្ងៃ និង​ថ្ងៃ​វែង​ជាង​យប់​។ ពេលវេលា​យប់​វែង​ជាង​ថ្ងៃ តែង​កើតឡើង​នៅ​ថ្ងៃទី​២១ ធ្នូ ហើយ​ថ្ងៃ​វែង​ជាង​យប់​កើតឡើង​នៅ​ថ្ងៃទី​២១ មិថុនា​។​
​    ​
​ព្រឹត្តិការណ៍​ដ៏​អច្ឆរិយៈ​នេះ អាចធ្វើ​ឲ្យ​គេ​ទាញ​សេចក្តី​សន្និដ្ឋានបាន​យ៉ាងច្បាស់​ថា ការសាងសង់​សំណង់​អង្គរវត្ត ពិតជា​បាន​សិក្សា​ស៊ីជម្រៅ​នឹង​វិស័យ​តារាសាស្ត្រ ឫ​អាច​ថា ដូនតា​អ្នក​សង់​អង្គរ ពិតជា​មានចំណេះដឹង​ខាង​តារាសាស្ត្រ​ជ្រៅជ្រះ​បំផុត​។ លោក  សុខ​រិទ្ធី សង្កត់ធ្ងន់ថា​៖« ភស្តុតាង​នៃ​សិលា​ចារិក​អ្វី​ក៏ដោយ យើង​សង្កេត​ដំបូង​បំផុត គឺ​ទាក់ទង​នឹង​តារាសាស្ត្រ គេ​គិត​គួរ​ពេលវេលា ពេលវេលា​ណា​មានជ័យ ពេលវេលា​ណា​ល្អ​ឫ​អាក្រក់ ទើបបាន​គេ​សាងសង់ ចឹ​ង​តារាសាស្ត្រ​ពី​បុរាណ​បាន​យល់ច្បាស់​ពី​រឿង​ហ្នឹង ចឹ​ង​បាន​យល់ច្បាស់​ថា ពេល​មួយ កាល​មួយ និង​កាល​មួយ​នោះ គន្លង​មួយ​ហ្នឹង​ត្រូវចំ​នឹង​កន្លែង​ហ្នឹង (​កំ​ពូ​ង​កណ្តាល​អង្គរវត្ត​) ហើយ​វា​ពាក់ព័ន្ធ​នឹង​ដំណើរ​រះ​គោចរ​របស់​ព្រះអាទិត្យ​...»​។​

​នេះ​ជា​ភស្តុតាង​មួយទៀត​ដែល​យកមក​បញ្ជាក់​ពី​មួល​ហេតុដែល​ប្រាសាទអង្គរវត្ត​សង់​បែរមុខ​ទៅ​ទិស​ខាងលិច​។ លោក សុខ​រិទ្ធី ពន្យល់ថា គេ​មិនអាច​ឃើញ​ព្រឹត្តិការណ៍​ខាងលើ​នោះទេ ប្រសិនបើ​អង្គរវត្ត​សង់​បែរ​ទៅ​ទិសខាងកើត​។ អ្វីដែល​សំខាន់​នោះ គឺថា តើ​គេ​ប្រើ​ខ្នាត​គន្លឹះ​អ្វីដែល​បាន​ប្រើ​សម្រាប់​សាង​ប្រាសាទអង្គរវត្ត ឲ្យ​មាន​ទំនាក់ទំនង​នឹង​តារាសាស្ត្រ​?

​ដើម្បី​ជ្រាប​ពី​ព័ត៌មាន​នេះ សូម​ស្តាប់​បទ​សម្ភាស​រវាង​សារព័ត៌មាន​ថ្មីៗ និង​លោក អ៊ឹម សុខ​រិទ្ធី ដូចតទៅ​









Tag:
 តារាសាស្ត្រ​
  អង្គរ​
  អ៊ឹម សុខ​រិទ្ធី
© រក្សាសិទ្ធិដោយ thmeythmey.com