កីឡាជាតិ
ជាតិ
សម្តេច សុខ អាន បានរួម​ចំណែក​ជួយ​ឲ្យ​កីឡា​ប៉េតង់​កម្ពុជា​ជោគជ័យ​លើ​ឆាក​អន្តរជាតិ
18, Mar 2017 , 8:19 pm         2044
រូបភាព
​សម្តេច សុខ អាន បាន​ចូលរួមចំណែក​ច្រើន ក្នុងការ​ធ្វើ​ឲ្យ​កីឡា​ប៉េតង់​កម្ពុជា​ជោគជ័យ​លើ​ឆាក​អន្តរជាតិ​។ ចាប់តាំងពី​បង្កើត​នៅ​ឆ្នាំ​១៩៩២​មក សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា បាន​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ​ចំនួន ៦៦​លើក និង​ធ្វើជា​ម្ចាស់ផ្ទះ​ចំនួន​៣​លើក និង​ទទួលបាន​មេដាយ​សរុប​ចំនួន​២៤៧ ក្នុងនោះ​មាស​៧២ មេដាយប្រាក់​៨៣ និង​សំរឹទ្ធ​ចំនួន​៩២ ។ លទ្ធផល​នេះ បានធ្វើ​ឲ្យ​កីឡា​ប៉េតង់ ល្បីល្បាញ ទាំង​នៅក្នុង​តំបន់​អាស៊ាន និង​នៅក្នុង​ពិភពលោក​។


​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា បង្កើតឡើង​នៅ​ឆ្នាំ​១៩៩២ ក្រោម​ការផ្តួចផ្តើម​ពីស​ម្តេច សុខ អាន ។  រយៈពេល​២៤​ឆ្នាំ សហព័ន្ធ​នេះ បាន​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ​ចំនួន ៦៦​លើក និង​ធ្វើជា​ម្ចាស់ផ្ទះ​ចំនួន​៣​លើក​។ នេះ​បើតាម លោក សូ​ម៉ៃ សុខ​គា អគ្គលេខាធិការរង​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់    កម្ពុជា ដែល​បន្តទៀតថា​ការចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ និង​ធ្វើ​ម្ចាស់ផ្ទះ សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា ទទួលបាន​មេដាយ​សរុប​ចំនួន​២៤៧ ក្នុងនោះ​មាស​៧២ មេដាយប្រាក់​៨៣ និង​សំរឹទ្ធ​ចំនួន​៩២ ។



​លទ្ធផល​នេះ បានធ្វើ​ឲ្យ​កីឡា​ប៉េតង់ មាន​ភាពល្បីល្បាញ ទាំង​នៅក្នុង​តំបន់​អាស៊ាន និង​នៅ​ទ្វីបអាស៊ី និង​ល្បី​រន្ទឺ​ទូទាំង​ពិភពលោក តាមរយៈ​មេដាយមាស​ពិភពលោក​របស់​កីឡាការិនី កែ ឡេង នៅ​ឆ្នាំ​២០១៣ និង​ឆ្នាំ​២០១៥ ព្រមទាំង​មេដាយមាស​របស់​កីឡាករ សុខ ចាន់​មាន ដែល​ដណ្តើមបាន​ពី​ប្រទេស​ម៉ា​ដា​ហ្គា​ស្កា​នៅ​ឆ្នាំ​២០១៦ កន្លងទៅ​។​

​ស្ថាបនិក​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា បានទទួល​មរណភាព នៅ​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៧ នៅ​មន្ទីរពេទ្យ​ក្នុង​ក្រុង​ប៉េកាំង ប្រទេស​ចិន​។ ការបាត់បង់​ស្ថាបនិក ស​មេ្ត​ច សុខ អាន នេះ បានធ្វើ​មន្ត្រី​សហព័ន្ធ និង​កីឡាករ កីឡាការិនី​ប៉េតង់​កម្ពុជា សោកស្តាយ​យ៉ាងខ្លាំង​។ មរណភាព​នេះ ជា​កត្តា​ជំរុញ​ឲ្យ​មន្ត្រី និង​កីឡាករ ដែលមាន​បំណង​អភិរក្ស កាន់តែ​ខិតខំ​ប្រឹងប្រែង​ទ្វេដង​ផងដែរ​។

​លោក សូ​ម៉ៃ សុខ​គា បាន​រៀបរាប់​ពី​គុណបំណាច់ និង​ប្តេជ្ញា​យ៉ាង​ដូច្នេះ​ថា​៖«​រាល់​ការ​ចេញទៅ​ប្រកួត​នៅក្រៅ​ប្រទេស​ម្តងៗ សម្តេច តែងតែ​យកចិត្តទុកដាក់ និង​ចំណាយ​ថវិកា​ឧបត្ថម្ភ​ដល់​កីឡាករ កីឡាការិនី​។ យុទ្ធសាស្ត្រ​កន្លងមក យើង​ទទួលបាន​លទ្ធផល​ល្អ​ណាស់ ហើយ​អ្វីដែល​យោគ​ជ័យ​យើង​នឹង​ចងចាំ​។ យើង​នឹង​យក​យុទ្ធសាស្ត្រ​ទាំងនេះ រួមបញ្ចូល​ជាមួយ​យុទ្ធសាស្ត្រ​ថ្មី ដើម្បី​រៀបចំ​ផែនការអភិវឌ្ឍន៍​កីឡា​ប៉េតង់​បន្តទៀត​»​។

​តែ​យ៉ាងណា លោក សូ​ម៉ៃ សុខ​គា មិនទាន់​បង្ហើប​ពី​សមាសភាព​ប្រធាន​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​ថ្មី​នៅឡើយ​៕   




Tag:
 ប៉េតង់​
  សូ​ម៉ៃ សុខ​គា​
  សុខ អាន
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានចម្រុះ