កីឡាជាតិ
ជាតិ
ប្រាក់ មុន្នី​ឧ​ត្ត​ម ជួយ​ស្វាយរៀង​ឈរ​កំពូល​តារាង ខណៈ​គីរីវង់​បាន​១​ពិន្ទុ​លើកដំបូង​
19, Mar 2017 , 8:33 am        
រូបភាព
ដោយ:
​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង​បាន​ឈរ​កំពូល​តារាង​ជា​បណ្តោះអាសន្ន​ក្នុង​សប្តាហ៍​ទី​៥​នៃ​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​ឆ្នាំ​២០១៧ ក្រោយ​យកឈ្នះ​ម្ចាស់ផ្ទះ​ភ្នំពេញ​ក្រោ​ន ១-០​។ ក្រុម​គីរីវង់​សុខ​សែន​ជ័យ​ទទួលបាន​១​ពិន្ទុ​លើកដំបូង​ក្រោយ​ស្មើ ៣-៣ ជាមួយ​មជ្ឈមណ្ឌល​កំចាត់​មីន​កម្ពុជា​។ ចំណែក​បឹងកេត​បាន​យកឈ្នះ​ក្រុម​អាស៊ី​អឺរ៉ុប​ក្នុង​លទ្ធផល ២-១​។



​ខ្សែប្រយុទ្ធ ប្រាក់ មុន្នី​ឧ​ត្ត​ម បាន​ទាត់​បាល់​ពិន័យ​(Free Kick)​ដ៏​អស្ចារ្យ ដើម្បី​សម្រេច​គ្រាប់​បាល់​ឲ្យ​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង​នាំមុខ ១-០ លើ​ក្រុម​ម្ចាស់ផ្ទះ​ភ្នំពេញ​ក្រោ​ន​នៅ​នាទី​៦៦​។ គ្រាប់​បាល់​ពិន័យ​របស់ ប្រាក់ មុន្នី​ឧ​ត្ត​ម កើតឡើង​នៅពេល​ខ្សែការពារ ឆោម ពិសា របស់​ភ្នំពេញ​ក្រោ​ន​ធ្វើ​ឲ្យ​ខ្សែប្រយុទ្ធ​នី​ហ្សេ​រី​យ៉ា     ​Chigozie Nwaokorie ដួល​អំឡុងពេល​ព្យាយាម​ដណ្តើម​បាល់​។

​មួយ​គ្រាប់​របស់​ខ្សែប្រយុទ្ធ​រូបនេះ មិន​ត្រឹមតែ​ជួយ​ឲ្យ​ព្រះខ័ន​រាជ​ស្វាយរៀង​យកឈ្នះ ១-០ លើ​ក្រុម​ភ្នំពេញ​ក្រោ​ន​ប៉ុណ្ណោះ​ទេ ថែមទាំង​ជួយ​ឲ្យ​ក្រុម​នេះ​ឈរ​កំពូល​តារាង​ជា​បណ្តោះអាសន្ន​ក្នុង​សប្តាហ៍​ទី​៥​នៃ​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​ទៀតផង​។ ព្រះខ័ន​រាជ​ស្វាយរៀង​មាន​១៣​ពិន្ទុ ក្រោយ​៥​ប្រកួត​ឈ្នះ​៤ និង​ស្មើ​១​។



​ចំណែក​ការប្រកួត​នៅ​កីឡដ្ឋាន​កងយោធពល​ខេមរភូមិន្ទ​(​ស្តា​ត​ចាស់​) ក្រុម​គីរីវង់​សុខ​សែន​ជ័យ​បាន​រក្សា​លទ្ធផល​ស្មើ ៣-៣ ជាមួយ​ក្រុម​មជ្ឈមណ្ឌល​កំចាត់មីន​ក​ម្ពុ​ជា​(​ស៊ីម៉ាក់​)​។ លទ្ធផល​នេះ នាំ​ឲ្យ​ក្រុម​ឈរ​បាត​តារាង គីរីវង់​សុខ​សែន​ជ័យ​ទទួលបាន​១​ពិន្ទុ​លើកដំបូង ក្រោយ​៤​ប្រកួត​កន្លងមក​មិនដែល​ស្គាល់​ជ័យជម្នះ ឬ​ស្មើ​។ 

​ដោយឡែក ជំនួប​រវាង​ក្រុម​ការពារ​តំណែង​ជើងឯក​បឹងកេត ជាមួយ​ក្រុម​អាស៊ី​អឺរ៉ុប​នៅ​ពហុ​កីឡដ្ឋាន​ជាតិ ខ្សែប្រយុទ្ធ​នី​ហ្សេ​រី​យ៉ា George Bisan សម្រេច​គ្រាប់​បាល់​នាំមុខ ១-០ ឲ្យ​ក្រុម​អាស៊ី​អឺរ៉ុប​នៅ​នាទី​២៦​។ ខ្សែការពារ​អាស៊ី​អឺរ៉ុប​បានធ្វើ​ឲ្យ​ខ្សែបម្រើ Esoh Paul Omogba ដួល​ក្នុង​តំបន់​គ្រោះថ្នាក់​ធ្វើ​ឲ្យ​អាជ្ញាកណ្តាល​ពិន័យ​បាល់​១១​ម៉ែត្រ​ឲ្យ​ក្រុម​បឹងកេត​។

​ការពិន័យ​នេះ វា​ជា​ឱកាស​របស់​ខ្សែប្រយុទ្ធ​ប្រេ​ស៊ី​ល Maycon Calijuri ដើម្បី​វាយបក​តាម​ស្មើ ១-១ សម្រាប់​បឹងកេត​នៅ​នាទី​៣៤  មុន​ខ្សែប្រយុទ្ធ​ប្រធាន​ក្រុម ឃួន ឡា​បូ​រ៉ាវី បន្ថែម​មួយគ្រា​ប់​ទៀត​ឲ្យ​បឹងកេត ដោយ​ការ​តែ​ត​បញ្ចូល​ទី​ក្រោម​ការបញ្ជូន​យ៉ាង​ល្អ​របស់​ខ្សែប្រយុទ្ធ​ជនជាតិ Tomoki នៅ​នាទី​៧៤ ហើយ​វា​ក៏​ជា​គ្រាប់​បាល់​ជ័យជម្នះ ២-១ របស់​បឹងកេត​លើ​ក្រុម​អាស៊ី​អឺរ៉ុប​ផងដែរ​៕


Tag:
 ស្វាយរៀង​
  ភ្នំពេញ​ក្រោ​ន​
  ប្រាក់ មុន្នី​ឧ​ត្ត​ម​
  បឹងកេត​
  ស៊ីម៉ាក់
© រក្សាសិទ្ធិដោយ thmeythmey.com