កីឡាជាតិ
ជាតិ
ប្រាក់ មុន្នីឧត្តម ជួយស្វាយរៀងឈរកំពូលតារាង ខណៈគីរីវង់បាន១ពិន្ទុលើកដំបូង
× ក្រុមព្រះខ័នរាជស្វាយរៀងបានឈរកំពូលតារាងជាបណ្តោះអាសន្នក្នុងសប្តាហ៍ទី៥នៃពានរង្វាន់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីកឆ្នាំ២០១៧ ក្រោយយកឈ្នះម្ចាស់ផ្ទះភ្នំពេញក្រោន ១-០។ ក្រុមគីរីវង់សុខសែនជ័យទទួលបាន១ពិន្ទុលើកដំបូងក្រោយស្មើ ៣-៣ ជាមួយមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា។ ចំណែកបឹងកេតបានយកឈ្នះក្រុមអាស៊ីអឺរ៉ុបក្នុងលទ្ធផល ២-១។
ខ្សែប្រយុទ្ធ ប្រាក់ មុន្នីឧត្តម បានទាត់បាល់ពិន័យ(Free Kick)ដ៏អស្ចារ្យ ដើម្បីសម្រេចគ្រាប់បាល់ឲ្យក្រុមព្រះខ័នរាជស្វាយរៀងនាំមុខ ១-០ លើក្រុមម្ចាស់ផ្ទះភ្នំពេញក្រោននៅនាទី៦៦។ គ្រាប់បាល់ពិន័យរបស់ ប្រាក់ មុន្នីឧត្តម កើតឡើងនៅពេលខ្សែការពារ ឆោម ពិសា របស់ភ្នំពេញក្រោនធ្វើឲ្យខ្សែប្រយុទ្ធនីហ្សេរីយ៉ា Chigozie Nwaokorie ដួលអំឡុងពេលព្យាយាមដណ្តើមបាល់។
មួយគ្រាប់របស់ខ្សែប្រយុទ្ធរូបនេះ មិនត្រឹមតែជួយឲ្យព្រះខ័នរាជស្វាយរៀងយកឈ្នះ ១-០ លើក្រុមភ្នំពេញក្រោនប៉ុណ្ណោះទេ ថែមទាំងជួយឲ្យក្រុមនេះឈរកំពូលតារាងជាបណ្តោះអាសន្នក្នុងសប្តាហ៍ទី៥នៃពានរង្វាន់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីកទៀតផង។ ព្រះខ័នរាជស្វាយរៀងមាន១៣ពិន្ទុ ក្រោយ៥ប្រកួតឈ្នះ៤ និងស្មើ១។
ចំណែកការប្រកួតនៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ(ស្តាតចាស់) ក្រុមគីរីវង់សុខសែនជ័យបានរក្សាលទ្ធផលស្មើ ៣-៣ ជាមួយក្រុមមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា(ស៊ីម៉ាក់)។ លទ្ធផលនេះ នាំឲ្យក្រុមឈរបាតតារាង គីរីវង់សុខសែនជ័យទទួលបាន១ពិន្ទុលើកដំបូង ក្រោយ៤ប្រកួតកន្លងមកមិនដែលស្គាល់ជ័យជម្នះ ឬស្មើ។
ដោយឡែក ជំនួបរវាងក្រុមការពារតំណែងជើងឯកបឹងកេត ជាមួយក្រុមអាស៊ីអឺរ៉ុបនៅពហុកីឡដ្ឋានជាតិ ខ្សែប្រយុទ្ធនីហ្សេរីយ៉ា George Bisan សម្រេចគ្រាប់បាល់នាំមុខ ១-០ ឲ្យក្រុមអាស៊ីអឺរ៉ុបនៅនាទី២៦។ ខ្សែការពារអាស៊ីអឺរ៉ុបបានធ្វើឲ្យខ្សែបម្រើ Esoh Paul Omogba ដួលក្នុងតំបន់គ្រោះថ្នាក់ធ្វើឲ្យអាជ្ញាកណ្តាលពិន័យបាល់១១ម៉ែត្រឲ្យក្រុមបឹងកេត។
ការពិន័យនេះ វាជាឱកាសរបស់ខ្សែប្រយុទ្ធប្រេស៊ីល Maycon Calijuri ដើម្បីវាយបកតាមស្មើ ១-១ សម្រាប់បឹងកេតនៅនាទី៣៤ មុនខ្សែប្រយុទ្ធប្រធានក្រុម ឃួន ឡាបូរ៉ាវី បន្ថែមមួយគ្រាប់ទៀតឲ្យបឹងកេត ដោយការតែតបញ្ចូលទីក្រោមការបញ្ជូនយ៉ាងល្អរបស់ខ្សែប្រយុទ្ធជនជាតិ Tomoki នៅនាទី៧៤ ហើយវាក៏ជាគ្រាប់បាល់ជ័យជម្នះ ២-១ របស់បឹងកេតលើក្រុមអាស៊ីអឺរ៉ុបផងដែរ៕
Tag:
ស្វាយរៀង
ភ្នំពេញក្រោន
ប្រាក់ មុន្នីឧត្តម
បឹងកេត
ស៊ីម៉ាក់
© រក្សាសិទ្ធិដោយ thmeythmey.com