កីឡាជាតិ
ជាតិ
ជប៉ុន​សន្យា​ជួយ​អត្ត​ព​លិ​ក​ជនពិការ​កម្ពុជា​ឲ្យ​ចូលរួម​កីឡា​អូឡាំពិក​នៅ​តូ​ក្យូ​
19, Mar 2017 , 1:39 pm        
រូបភាព
ដោយ:
​លោក Nishiyama Naoki ប្រធាន​អង្គការ​បេះដូង​មាស​(Heart of Gold) របស់​ជប៉ុន សន្យា​ជួយ​អត្ត​ព​លិ​ក​ជនពិការ​កម្ពុជា​ឲ្យ​បាន​ចូលរួម​ប្រកួត​កីឡា​ប៉ា​រ៉ា​ឡាំ​ពិ​កនៅ​ទីក្រុង​តូ​ក្យូ​ប្រទេស​ជប៉ុន​នៅ​ឆ្នាំ​២០២០​។ លោក នឹង​ស្វែងរក​អ្នក​ឧបត្ថម្ភ​នៅក្នុង​ស្រុក និង​ក្រៅ​ស្រុក​ឲ្យ​ច្រើន ដើម្បី​រៀបចំ​ការប្រកួត ឬ​បញ្ជូន​អត្ត​ព​លិ​ក​ពិការ​កម្ពុជា​ទៅ​ហ្វឹកហាត់​ពង្រឹងសមត្ថភាព​នៅក្រៅ​ប្រទេស​។



​ដើម្បី​ជួយ​លើកទឹកចិត្ត ក៏ដូចជា​ផ្តល់ឱកាស​ដល់​អត្ត​ព​លិ​ក​ជនពិការ​កម្ពុជា អង្គការ​បេះដូង​មាស​(Heart of Gold) សហការ​ជាមួយ​គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា បានរៀបចំ​ការប្រកួត​ជើងឯក​ថ្នាក់ជាតិ​សម្រាប់​ជនពិការ​កម្ពុជា​លើក​ទី​១​កាលពី​សប្តាហ៍​មុន​។ ប្រធាន​អង្គការ​បេះដូង​មាស​បាន​បញ្ជាក់ថា ការរៀបចំ​នេះ​ក្នុង​គោលបំណង​ដើម្បី​វាស់​ស្ទង់​កម្រិត​សមត្ថភាព ក៏ដូចជា​មើល​ពី​សម្ភារ​ប្រើប្រាស់​របស់​អត្ត​ព​លិ​ក​ពិការ​កម្ពុជា​។



«​នេះ​ជាការ​ប្រកួត​លើកដំបូង ដើម្បី​ធ្វើតេស្ត​សមត្ថភាព​អត្ត​ព​លិ​ករ​បស់​យើង ហើយក៏​ចង់ដឹង​ពី​សម្ភារ​កីឡា​ដែល​ពួកគាត់​ប្រើប្រាស់​ផងដែរ ដើម្បី​យើង​ងាយស្រួល​រក​សម្ភារ​ជួយ​ដល់​ពួកគាត់​សម្រាប់​ការប្រកួត​លើក​ទី​២​ដែល​ធំ​ជាង​នេះ​។ យើង នឹង​សហការ​ជាមួយ​គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា ដើម្បី​រក​ជំនួយ​ឲ្យ​បាន​ច្រើនជាង​នេះ ដើម្បី​យកមក​ជួយ​ដល់​ពួកគាត់​»​។ នេះ​ជាស​ម្តី​លោក Nishiyama Naoki ប្រធាន​អង្គការ​បេះដូង​មាស​។ 

​ប្រធាន​អង្គការ​បេះដូង​មាស​រូបនេះ​បាន​សន្យាថា នឹង​ខិតខំ​ស្វែងរក​ជំនួយ​ពី​ក្រុមហ៊ុន​ក្នុងស្រុក និង​ក្រៅ​ស្រុក ដើម្បី​រៀបចំ​ការប្រកួត​ឲ្យ​បាន​ច្រើន ក៏ដូចជា​អញ្ជើញ​គ្រូបង្វឹក​ជនជាតិ​ជប៉ុន​មក​បណ្តុះ​បណ្តុះ​សមត្ថភាព​អត្ត​ព​លិ​ក​កម្ពុជា ដើម្បី​ត្រៀម​ចូលរួម​ល​ប្រកួត​ព្រឹត្តិការណ៍​ប៉ា​រ៉ា​ឡាំ​ពិ​កនៅ​ទីក្រុង​តូ​ក្យូ​ប្រទេស​ជប៉ុន​នៅ​ឆ្នាំ​២០២០​។ ប៉ុន្តែ​លោក​បាន​បញ្ចា​ក់ថា ការចូលរួម​របស់​អត្ត​ព​លិ​កវា​ស្រ័យ​ទៅលើ​ការខិតខំ​របស់​អត្ត​លិ​ក​នីមួយៗ​។​

​លោក Nishiyama Naoki បាន​លើកឡើងថា​៖«​អង្គការ​បេះដូង​មាស នឹង​ខិតខំ​ស្វែងរក​ជំនួយ ដើម្បី​ទិញ​សម្ភារ​ខ្លះៗ​ដល់​អត្ត​ព​លិ​ក​ជនពិការ​កម្ពុជា ហើយ​យើង​ក៏​អាច​នឹង​អញ្ជើញ​គ្រូបង្វឹក​មកពី​ជប៉ុន ឬ​ប្រទេស​ផ្សេងៗ​ទៀត​មកជួយ​បង្ហាត់​ពួកគាត់​ផងដែរ ប៉ុន្តែ​ការទទួលបាន​ឱកាស​ទៅ​ចូលរួម​ការប្រកួត​ប៉ា​រ៉ា​អូឡាំពិក ឬ​យ៉ាងណា​នោះ វា​អាស្រ័យ​លើ​ការខិតខំ​ប្រឹង​របស់​អត្ត​ព​លិ​ក​ផងដែរ តែ​យើង​មាន​ឆន្ទៈ​ក្នុង​ការជួយជ្រោមជ្រែង​»​។​



​ជាមួយគ្នានេះ លោក ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា​បានចាត់ទុក​ការប្រកួត​នេះ​ជាការ​រួមចំណែក​មួយ​ដ៏​សំខាន់​ក្នុងការ​ពង្រឹងសមត្ថភាព​របស់​អត្ត​ព​លិ​ក​ពិការ​កម្ពុជា​ដើម្បី​ត្រៀម​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​នៅ​ម៉ាឡេស៊ី​ក្នុងឆ្នាំនេះ ជាពិសេស​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។

​លោក​បាន​បន្ថែមថា​៖«​ខ្ញុំ​សូម​អរគុណ​ដល់​គណៈកម្មាធិកា​រ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា និង​អង្គការ​បេះដូង​មាស​របស់​ជប៉ុន​ដែល​រៀបចំ​កម្មវិធី Sport For Tomorrow ព្រោះ​កម្មវិធី​នេះ​វា​បាន​ជួយ​អត្ត​ព​លិ​ករ​បស់​យើង ក្នុង​ដំណើរ​ទៅ​ចូលរួម​ការប្រកួត​អូឡាំពិក​ឆ្នាំ​២០២០​នៅ​ទីក្រុង​តូ​ក្យូ ជាពិសេស​បាន​ជួយ​កីឡាករ​ប៉ា​រ៉ា​នៅតាម​គ្រឹះស្ថានសិក្សា​»៕



Tag:
 ប៉ា​រ៉ា​ឡាំ​ពិ​ក​
  Olympic Game 2020
  យី វាសនា
© រក្សាសិទ្ធិដោយ thmeythmey.com