ពីនេះ ពីនោះ
នយោបាយ១៣ចំណុចរបស់ តេង ស៊ាវពីង ជំរុញចិនឲ្យក្លាយជាមហាអំណាចពិភពលោក
× ភ្នំពេញ៖ លោក តេង ស៊ាវពីង( Deng Xiaoping) គឺអ្នកកំណែទម្រង់ប្រទេសចិនដ៏ល្បីល្បាញម្នាក់នៅសតវត្សទី២០។ លោក តេង ស៊ាវពីង គឺជាបិតាស្ថាបនិកដំណើរការបើកទ្វារទំនើបកម្មប្រទេសចិន។ លោកជាអ្នករំដោះប្រទេសចេញពីភាពឯកោឈានចូលដំណាក់កាលអភិវឌ្ឍន៍ត្រចេះត្រចង់។ បច្ចុប្បន្ន ចិនក្លាយមហាយក្សសេដ្ឋកិច្ចទី១នៅអាស៊ី និងទី២លើពិភពលោក។ តើគំនិតនយោបាយសំខាន់អ្វីខ្លះ ដែលតេង ស៊ាវពីង យកទៅអនុវត្តន៍ដើម្បីរៀបចំប្រទេសចិន?
១) លោក តេង ស៊ាងពីង បានលើកឡើងនូវសុភាសិតមួយឃ្លារបស់កសិករនៅខេត្តស៊ីជួនថា«មិនថាឆ្មាស ឬឆ្មាខ្មៅទេ ឲ្យតែចាប់កណ្តុរបាន គឺជាឆ្មាល្អ»។ ទ្រឹស្តីឆ្មា ជាទ្រឹស្តីមូលដ្ឋានសម្រាប់ដំណើរការកសាងលទ្ធិសង្គមនិយម តាមលក្ខណៈពិសេសដោយឡែករបស់ប្រទេសចិន ហើយក៏ជាចំណុចដំបូងនៃយុទ្ធសាស្ត្ររបស់តេង ស៊ាវពីង។
២) ចង់បានស្ថេរភាពយូរអង្វេង ត្រូវតែពឹងផ្អែកលើការអភិវឌ្ឍសេដ្ឋកិច្ច។
៣) សង្គ្រាមក្នុងសម័យទំនើប គេត្រូវការកងទ័ពដែលមានគុណភាព មិនមែនបរិមាណទេ។
៤) ដោះស្រាយបញ្ហាសង្គម តាមរយៈវិធានការសេដ្ឋកិច្ច។
៥) បើគេមិនហ្វឹកហ្វឺនកងទ័ពឲ្យបានល្អក្នុងពេលមានសន្តិភាពទេ គេក៏មិនអាចប្រើប្រាស់កងទ័ពបានល្អក្នុងពេលមានសង្គ្រាមដែរ។
៦) សុខចិត្តបាត់បង់កិត្តិយសលើឆាកអន្តរជាតិ ដោយមិនទុកឲ្យភាពចលាចលធ្វើឲ្យខូចដំណើរការទំនើបកម្មបានឡើយ។
៧) ជំនឿជាកត្តាសំខាន់បំផុត។ មានជំនឿហើយ ប្រការជាគន្លឹះ គឺត្រូវចេះរង់ចាំឱកាសល្អ។ ពុំមានហេតុការណ៍ណាមួយ ដែលគ្មានទីបញ្ចប់នោះទេ ហើយទីបំផុតឱកាសក៏បានមកដល់។
៨) ការដែលវិនិយោគិនបរទេសបានចំណេញ ជារឿងមិនសំខាន់ទេ បញ្ហាគន្លឹះ គឺយើងបានចំណេញ ឬមិនចំណេញ ហើយចំណេញតិចឬច្រើន។
៩) បើមិនកែទម្រង់ស្ថាប័ននយោបាយទេ ក៏ដំណើរការកែទម្រង់សេដ្ឋកិច្ចមិនអាចបោះជំហានទៅមុខបានដែរ។
១០) ពេលដែលយើងនៅរស់ យើងត្រូវតែជ្រើសរើសអ្នកបន្តវេនឲ្យបានត្រឹមត្រូវ។
១១) ក្រឹត្យក្រមនៃការតស៊ូនយោបាយ គឺនៅពេលគូប្រកួតទាំងពីរកំពុងជាប់ដៃប្រយុទ្ធ ជោគជ័យច្រើនធ្លាក់ទៅក្នុងដៃជនទី៣។
១២) បុគ្គលមិនអាចចៀសផុតពីកំហុសឆ្គង និងបរាជ័យបានជាដាច់ខាត ប៉ុន្តែ គេអាចជ្រើសយករូបភាពបរាជ័យ និងខុសឆ្គងបែបណាមួយបាន។
១៣) បដិបក្ខនឹងធ្វើឲ្យបាត់បង់មិត្ត សម្ព័ន្ធភាពនឹងធ្វើឲ្យបាត់បង់ឯករាជ្យ។
ប្រភព៖«វិទ្យាសាស្ត្រនយោបាយ» រៀបរៀងដោយសាស្ត្រាចារ្យ នួន សុធិមន្ត
© រក្សាសិទ្ធិដោយ thmeythmey.com