ជាតិ
សេដ្ឋកិច្ច
កម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំតុមូលចិនលើកទី៥ ស្តីពីការចូលជាសមាជិក WTO
× សៀមរាប៖ កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំតុមូលចិនលើកទី៥ ស្តីពីការចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO)»។ កិច្ចប្រជុំនេះ មានរយៈពេល៣ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែមីនា នៅសណ្ឋាគារសុខាសៀមរាប។
ផ្អែកតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម កិច្ចប្រជុំនេះ នឹងរៀបចំឡើងក្រោមប្រធានបទ«ឧត្តមានុវត្តន៍ស្តីពីការចូលជាសមាជិកនៃប្រទេសអភិវឌ្ឍន៍តិចតួច(LDCs)» ដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍ល្អៗ ជូនដល់ក្រុមប្រទេស (LDCs)ដទៃទៀត ដែលសុំចូលជាសមាជិក WTO ឲ្យជោគជ័យដូចកម្ពុជា និងប្រទេស LDCs ចំនួន៨ ផ្សេងទៀត។
នាយករដ្ឋមន្ត្រីកម្ពុជា សម្តេច ហ៊ុន សែន ប្រតិភូមន្ត្រីជាន់ខ្ពស់នៃប្រទេសចិន និងប្រទេសអភិវឌ្ឍន៍តិចតួចជាង២០ទៀត នឹងចូលរួមក្នុងកិច្ចប្រជុំនេះ។ នេះបើតាមក្រសួងពាណិជ្ជកម្មដដែល ដែលបន្តបញ្ជាក់ពីប្រធានបទដែលនឹងត្រូវលើកយកមកជជែកនោះ រួមមានប្រធានបទដែលពាក់ព័ន្ធនឹងបទពិសោធន៍នៃការត្រៀមខ្លួនចូលជាសមាជិក និងក្រោយពេលក្លាយជាសមាជិក WTO ដូចជាលក្ខខណ្ឌតម្រូវ បញ្ហាប្រឈម និងកាលានុវត្តភាព និងកាតព្វកិច្ចដែលត្រូវបំពេញចំពោះមុខ៕
© រក្សាសិទ្ធិដោយ thmeythmey.com