ជាតិ
សេដ្ឋកិច្ច
សារ​សំឡេង​«​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ជា​របស់​ឯកជន​»​បញ្ចប់​ត្រឹម​ថ្ងៃទី​២០​មីនា​នេះ​
20, Mar 2017 , 10:28 am         1575
រូបភាព
ដោយ: ថ្មីៗ
​សំឡេង Call Tune «​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន គឺ​មិនមែនជា​របស់​រដ្ឋ​ទេ​» ត្រូវ​បញ្ឈប់​ត្រឹម​ថ្ងៃទី​២០ ខែមីនា​នេះ បន្ទាប់ពី​មានការ​ណែនាំ​ពី​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​។ ការបញ្ឈប់​នេះ ត្រូវបាន​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា​(TRC)   ពន្យល់ថា សាធារណជន​បាន​យល់​ជ្រួតជ្រាប​ពី​អត្ថន័យ​នេះហើយ​។​


​ប្រមុខ​រដ្ឋាភិបាល តាមរយៈ​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា​(TRC) បាន​ណែនាំ​ឲ្យ​ប្រតិបត្តិ​ករ​ទូរ​សព្ទ បញ្ឈប់ Call Tune «​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន គឺ​មិនមែនជា​របស់​រដ្ឋ​ទេ​»​វិញ​ក្រោយ​បើក​យុទ្ធនាការ​មិនទាន់បាន​១ ខែ​ស្រួលបួល​ផង​នោះ​។ បើតាម​លិខិត​ដែល TRC ផ្ញើ​ទៅកាន់​ប្រតិបត្តិ​ករ​ទាំងអស់​ចុះ​ថ្ងៃទី​១៧ ខែមីនា Call Tune នេះ​ត្រូវ​បញ្ឈប់​ចាប់ពី​ថ្ងៃទី​២០ ខែមីនា​នេះ​។​

​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា បាន​ពន្យល់ថា ការបញ្ឈប់​នេះ​ដោយសារ​បងប្អូន​ប្រជាពលរដ្ឋ និង​សាធារណជន​បាន​យល់​ជ្រួតជ្រាប​ពី​អត្ថន័យ​នេះហើយ​។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​២៨ ខែកុម្ភៈ នាយករដ្ឋមន្ត្រី សម្តេច ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ​គ្រប់​បណ្តាញ​ព័ត៌មាន និង​ប្រព័ន្ធ​បច្ចេកវិទ្យា ផ្សព្វផ្សាយ​ថា «​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែនជា​របស់​រដ្ឋ​ទេ​»​។ បើតាម​ប្រមុខ​រដ្ឋាភិបាល នេះ​ជា​យុទ្ធនាការ​ពេញ​មួយឆ្នាំ ក្នុង​បំណង​ជួយ​ដល់​ប្រជាពលរដ្ឋ កុំ​ឲ្យ​លង់​ក្នុង​បំណុល ដោយ​ច្រឡំ​ថា​ខ្លួន​បាន​ខ្ចី​ពីរ​ដ្ឋ​៕

Tag:
 Call Tune
 ​ មីក្រូហិរញ្ញវត្ថុ​
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានចម្រុះ
prev1234next