ជាតិ
ព្រះមហាក្សត្រ អំពាវនាវឲ្យពលរដ្ឋខ្មែរទៅបោះឆ្នោតតាមសតិសម្បជញ្ញៈរៀងខ្លួន
× ព្រះមហាក្សត្រ បានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរ ទៅបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដោយប្រើសិទ្ធិសេរីភាព និងសតិសម្បជញ្ញៈរៀងៗខ្លួន។ ព្រះករុណា ក៏បានមានព្រះរាជឱង្ការ កុំឲ្យបងប្អូនប្រជាពលរដ្ឋបារម្ភពីការគំរាមកំហែង ឬសម្លុតពីជនណា ឬបក្សណាឡើយ ពីព្រោះការបោះឆ្នោតនេះ ជាការបោះឆ្នោតដោយសំងាត់ តាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។
ព្រះករុណា សម្តេច ព្រះបាទនរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានអំពាវនាវឲ្យប្រជារាស្ត្ររបស់ព្រះអង្គ ទៅបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ ខែមិថុនាខាងមុខ ឲ្យបានគ្រប់ៗគ្នា។
ក្នុងព្រះរាជសារ ចុះថ្ងៃទី២០ ខែកុម្ភៈ និងផ្សាយនៅគេហទំព័រគ.ជ.ប នៅថ្ងៃទី២០មីនានេះ ព្រះករុណា ព្រះបាទនរោត្តម សីហមុនី បានប្រាប់ទៅប្រជារាស្ត្ររបស់ព្រះអង្គ កុំឲ្យព្រួយបារម្ភពីការគំរាមកំហែង ឬសម្លុតពីជនណា ឬបក្សណាឡើយ ពីព្រោះការបោះឆ្នោតនៅថ្ងៃទី៤ ខែមិថុនា គឺជាការបោះឆ្នោតជាទូទៅ ជាសកល ដោយសំងាត់ តាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។
ព្រះមហាក្សត្រ មានព្រះរាជឱង្ការដូច្នេះថា៖«ខ្ញុំសូមឲ្យបងប្អូន កូនក្មួយ មេត្តាប្រើសិទ្ធិសេរីភាពរបស់ខ្លួន បោះឆ្នោតទៅតាមសតិសម្បជញ្ញៈរបស់ខ្លួនម្នាក់ៗ ដែលមានទំនុកចិត្តលើបេក្ខជនណាម្នាក់ ឬគណបក្សនយោបាយណាមួយ»។
សូមបញ្ជាក់ថា មានគណបក្សនយោបាយចំនួន១២ បានចុះបញ្ជីបេក្ខជនសម្រាប់ប្រកួតប្រជែងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អណត្តិទី៤ នឹងប្រព្រឹត្តទៅ នៅថ្ងៃទី៤ ខែមិថុនាខាងមុខ។ គណបក្សទាំង១២ នោះមាន គណបក្សប្រជាជនកម្ពុជា គណបក្សសង្គ្រោះជាតិ គណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គណបក្សខ្មែររួបរួមជាតិ គណបក្សសំបុកសង្គមប្រជាធិបតេយ្យ គណបក្សសញ្ជាតិកម្ពុជា គណបក្សអំណាចខ្មែរ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សយុវជនកម្ពុជា គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា និងគណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ។
យោងតាមរបាយការណ៍បណ្តោះអាសន្នពីគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បានសុំចុះបញ្ជីនៅឃុំ សង្កាត់ទាំង១,៦៤៦ នៅទូទាំងប្រទេស។
គណបក្សហ្វ៊ុនស៊ិនប៉ិច ឈរនៅ៨០៤ឃុំ-សង្កាត់ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ៧៨៧ឃុំ-សង្កាត់ គណបក្សខ្មែររួបរួមជាតិ ៦២២ឃុំ-សង្កាត់ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ២២៣ឃុំ-សង្កាត់។
គណបក្សផ្សេងទៀតរួមមាន គណបក្សសញ្ជាតិកម្ពុជា ៥៣ឃុំ-សង្កាត់ គណបក្សអំណាចខ្មែរ ២៩ឃុំ-សង្កាត់ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន២៧ ឃុំ-សង្កាត់ គណបក្សយុវជនកម្ពុជា ១៩ឃុំ-សង្កាត់ គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា ១៨ឃុំ-សង្កាត់ និងគណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ ១៦ឃុំ-សង្កាត់៕
Tag:
ព្រះមហាក្សត្រ
បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com