ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ចេះតែហើម និងឈឺជង្គង់ក្រោយពីដួល គួរគិតដល់ការរហែកទ្រនាប់ក្នុងជង្គង់!!
× ការរហែកទ្រនាប់ទ្រក្នុងសន្លាក់ជង្គង់គឺជារបួសកើតមានជាញឹកញាប់លើការគ្រោះថ្នាក់នៅតំបន់ជង្គង់។ ទ្រនាប់ក្នុងសន្លាក់ជង្គង់មានលក្ខណៈដូចកៅស៊ូ រាងជាអក្សរ C ដែលអាចជួយសម្រាលទម្ងន់របស់រាងកាយមកលើជើង។ ជង្គង់ម្ខាងៗតែងមានទ្រនាប់ជង្គង់នេះចំនួនពីរដែលស្ថិតនៅគែមខាងក្រៅនៃសន្លាក់។ យ៉ាងណាមិញ ការរហែករបស់ទ្រនាប់នេះវានឹងធ្វើឲ្យសន្លាក់ជង្គង់ធ្វើការមិនបានល្អឡើយ។
ការរហែកទ្រនាប់ទ្រក្នុងសន្លាក់ជង្គង់ជាធម្មតាបង្កឡើងដោយការរមួលជង្គង់ ឬងាក់ខ្លួនលឿនពេក។ ការរហែកនេះក៏អាចកើតឡើងដោយសារការលើករបស់ធ្ងន់ៗ ឬលេងកីឡាដែរ។ នៅពេលអាយុកាន់តែច្រើន ទ្រនាប់នេះក៏អាចនឹងរហែកបានដែរ។
ការរហែករបស់ទ្រនាប់ទ្រក្នុងសន្លាក់ជង្គង់ត្រូវបានបែកចែកជាបីប្រភេទដូចជា៖
រហែកតិចតួច
ករណីបែបនេះ អ្នកអាចនឹងមានអាការៈឈឺចាប់ និងហើមតិចតួចក្នុងសន្លាក់ជង្គង់ ប៉ុន្តែវានឹងបាត់ទៅវិញក្នុងរយៈពេល ២ ទៅ៣សប្តាហ៍។
រហែកម្រិតមធ្យម
ករណីនេះធ្វើឲ្យមានការឈឺចាប់នៅត្រង់ចំហៀង ឬកណ្តាលជង្គង់តែម្តង។ ការហើមនឹងកាន់តែធ្ងន់ទៅៗរយៈពេលពីរទៅបីថ្ងៃក្រោយ។ អ្នកអាចមានអារម្មណ៍ថា ជង្គង់កំពុងតែគាំង និងមិនអាចបត់បានដូចធម្មតាទេ គ្រាន់តែអាចដើរបានប៉ុណ្ណោះ។ អ្នកទំនងជាមានអាការៈឈឺដូចគេចាក់នៅពេលរមួលជង្គង់ ឬងាកខ្លួនដោយបង្វិលជើង។ អាការៈនេះអាចនឹងបាត់ទៅវិញក្នុងរយៈពេល ១ ទៅ២សប្តាហ៍ ប៉ុន្តែអាចកើតឡើងវិញបើសិនជាអ្នករមួលជង្គង់ ឬប្រើប្រាស់ជង្គង់ច្រើនពេក។ ការឈឺចាប់អាចមានបាត់ៗរយៈពេលច្រើនឆ្នាំបើសិនជាមិនមានការព្យាបាលទេ។
រហែកធ្ងន់ធ្ងរ
បំណែកទ្រនាប់ក្នុងសន្លាក់ជង្គង់ដែលរហែកអាចនឹងដាច់ចូលក្នុងសន្លាក់លើករណីរហែកធ្ងន់ធ្ងរ។ ដូច្នេះអ្នកអាចនឹងលឺសម្លេងពេលធ្វើចលនាសន្លាក់ ឬអាចគាំងសន្លាក់តែម្តង។ អ្នកប្រហែលជាមិនអាចលាជើងឲ្យត្រង់បានផង។ ជង្គង់នៅពេលនេះអាចនឹងហើម និងគាំងភ្លាមៗក្រោយពីមានរបួសរួច ឬ២ ទៅ៣ថ្ងៃក្រោយ។
បើសិនជាអ្នកអាយុកាន់តែច្រើន ហើយទ្រនាប់ជង្គង់រហែកទៀត អ្នកប្រហែលជាមិនដឹងថាអ្នកធ្វើឲ្យវារហែកផង។ ឧទាហរណ៍ រឿងមួយដែលចងចាំនោះគឺថា អ្នកគ្រាន់តែមានអារម្មណ៍ឈឺក្រោយពីអង្គុយចោងហោង។ ការឈឺចាប់ និងហើមតិចតួចច្រើនតែជាអាការៈតែមួយគត់ដែលអ្នកដឹងប៉ុណ្ណោះ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com