អន្តរជាតិ
សហរដ្ឋអាមេរិក​គាំទ្រ​ពាណិជ្ជកម្ម​ត្រឹមត្រូវ​ក៏ប៉ុន្តែ​ច្រានចោល​ការហាមឃាត់​ការ​គាំពារ​ទំនិញ​ក្នុងប្រទេស
20, Mar 2017 , 7:39 pm        
រូបភាព
ដោយ: VOA
​លោក Steven Mnuchin រដ្ឋមន្ត្រីក្រសួង​រតនា​គារ​សហរដ្ឋអាមេរិក​មានប្រសាសន៍ថា ជំនួប​របស់​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​នៃ​ប្រទេស G-20 បានទទួល​ជោគជ័យ​កាលពី​ថ្ងៃ​សៅរ៍​ម្សិលមិញ ថ្វីបើ​អស់លោក​រដ្ឋមន្ត្រី មិនបាន​ឈោង​ដល់​កិច្ចព្រមព្រៀង​ដើម្បី​ជំទាស់​ប្រឆាំងនឹង​កិច្ច​គាំពា​ទំនិញ​ក្នុងប្រទេស​ក៏ដោយ​។​



​លោក​រដ្ឋមន្ត្រី​រតនាគា​រ​សហរដ្ឋអាមេរិក​បាន​មានប្រសាសន៍ថា​៖ «​ខ្ញុំ​នឹង​ចាក​ចេញពី​ទីនេះ​ដោយមាន​ទំនុកចិត្ត​ថា សហការី​របស់ខ្ញុំ​ហើយ​និង​ខ្ញុំ​អាចធ្វើ​ការ​ក្នុង​ភាពជា​ដៃគូ​ដើម្បី​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​សាកលលោក​មានការ​រីក​ចម្រើន ហើយ​និង​មាន​ស្ថិរភាព​ខាង​ហិរញ្ញ​វ​ត្ថ‍ុ​»​។​

​ដោយនិយាយ​យោង​ដល់​ការតាំង​ចិត្ត​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក ដូ​ណា​ល់ ត្រាំ ចំពោះ​ក្រុមហ៊ុន​និង​ពួកកម្មករ​អាមេរិកាំង លោក Mnuchin បាន​លប់ចោល​កិច្ចការពារ​ទំនិញ​ក្នុងប្រទេស​ចេញពី​សេចក្តីថ្លែងការណ៍​រួម​ដែល​បានចេញ​ផ្សាយ​នៅពេល​បញ្ចប់​សន្និសីទ​កំ​ពូ​ល​។​

​ទោះយ៉ាងណា​ក៏ដោយ លោក​រដ្ឋមន្ត្រី​រតនាគា​រ​អាមេរិកាំង បាន​មានប្រសាសន៍ថា សហរដ្ឋអាមេរិក​នៅតែ​ជឿជាក់​ពាណិជ្ជកម្ម​សេរី​។​

​លោក Mnuchin មានប្រសាសន៍ថា​៖ «​យើង​ជឿជាក់​ពាណិជ្ជកម្ម​សេរី យើង​ជាទី​ផ្សារ​ដ៏​ធំ​បង្អស់​មួយ​របស់​ពិភពលោក​។ យើង​ចង់​និយាយថា យើង​ចង់​ពិនិត្យមើល​ឡើងវិញ​នូវ​កិច្ចព្រមព្រៀង​មួយ​ចំ​នួ​ន‍​»​។ លោក​បាន​និយាយ​បន្តទៀត​ដោយ​សំដៅលើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម NAFT​។​

​មហាអំណាច​ពិភពលោក​ផ្សេងទៀត​ដែលមាន​វត្ត​មានបាន​និយាយ​សម្រាល​ពី​ការខ្វែងគំនិត​រវាង​ប្រទេស​នានា​។​

​លោក Wolfgang Schaeuble រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​របស់​ប្រទេស​អាល្លឺម៉ង់​បាន​ប្រាប់​ពួក​អ្នកយកព័ត៌មាន​ថា​៖ «​វា​មិនមែនជា​ការពិត​ទេ​ថា យើង​មិនបាន​ព្រមព្រៀងគ្នា​នោះ​។ វា​ជាការ​ច្បាស់លាស់​បំផុត​ថា យើង​មិនមែន​គាំពារ​ទំនិញ​នៅក្នុង​ប្រទេស​នោះ​៕


​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​


© រក្សាសិទ្ធិដោយ thmeythmey.com