ជាតិ
បក្សប្រឆាំង នឹងចូលប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍សភា ជាមួយបក្សកាន់អំណាចនៅថ្ងៃអង្គារ
× ភ្នំពេញ៖ ប្រធានគណៈកម្មការជំនាញនៃរដ្ឋសភា ពីគណបក្សសង្គ្រោះជាតិ នឹងចូលរួមប្រជុំក្នុងគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ ។ នេះបើតាមលោក ប៉ុល ហំម អនុប្រធានគណបក្សសង្គ្រោះជាតិ និងជាប្រធានគណៈកម្មការជំនាញទី៣នៃរដ្ឋសភា។
លោក ប៉ុល ហំម មិនទាន់ដឹងថា ប្រធានគណៈកម្មជំនាញណាខ្លះ ពីគណបក្សសង្គ្រោះជាតិ នឹងចូលរួមក្នុងកិច្ចប្រជុំខាងលើនោះទេ។ ប៉ុន្តែ ចំពោះលោក ប៉ុល ហំម ខ្លួនឯងផ្ទាល់ នឹងអវត្តមាននៅក្នុងកិច្ចប្រជុំនោះ ដោយសារតែលោក កំពុងបំពេញបេសកកម្មនៅតាមខេត្ត។ លោក ប៉ុល ហំម នឹងប្រគល់ភារកិច្ច ឲ្យទៅលោក ហ៊ូ ស្រ៊ី ដែលជាអនុប្រធានគណៈកម្មការជំនាញទី៣ ចូលរួមប្រជុំជំនួស វិញ។
ចំណែនឯ លោក ហ៊ូរ វ៉ាន់ ប្រធានគណៈកម្មការជំនាញទី១០ នៃរដ្ឋសភា ក៏មិនបានចូលរួមប្រជុំដែរ ដោយសារតែលោក កំពុងតែស្ថិតនៅឯសហរដ្ឋអាមេរិក។ នេះជាការអះអាងរបស់លោក ប៉ុល ហំម ដដែល។
លោក ប៉ុល ហំម ប្រាប់សារព័ត៌មានថ្មីៗដូច្នេះថា៖«យើងមិនដែលថាអត់ទៅ (ប្រជុំ) នោះទេ។ តែអ្នកណាខ្លះទៅ ហើយអ្នកណាខ្លះមិនទៅ ខ្ញុំមិនដឹងទេ។ ទាល់តែសួរពួកគាត់ម្នាក់ៗ បានដឹង»។
ប្រធានគណៈកម្មការជំនាញពីគណបក្សសង្គ្រោះជាតិ មានចំនួន៥នាក់ ស្មើនឹងគណបក្សប្រជាជនកម្ពុជា។
លោក ឡេង ប៉េងឡុង អ្នកនាំពាក្យ និងជាអគ្គលេខាធិការរដ្ឋសភា បានបញ្ជាក់ថា កិច្ចប្រជុំខាងលើ នឹងកំណត់ពីកាលបរិច្ឆេទនៃសម័យប្រជុំពេញអង្គរដ្ឋសភា នាពេលខាងមុខ។ ទោះជាមិនទាន់ដឹងច្បាស់ពិតមែន ប៉ុន្តែ ឡេង ប៉េងឡុង សន្និដ្ឋានថា គណៈកម្មាធិការអចិន្ត្រៃយ៍ ទំនងជាកំណត់កិច្ចប្រជុំពេញអង្គនៃរដ្ឋសភា នៅដើមខែមេសា ឆ្នាំ២០១៧ ។
អ្នកនាំពាក្យរដ្ឋសភារូបនេះ បន្តទៀតថា ក្រៅពីកំណត់កាលបរិច្ឆេទនៃសម័យប្រជុំពេញអង្គរដ្ឋសភា គណៈកម្មាធិការអចិន្ត្រៃយ៍ក៏មានរបៀបវារៈមួយចំនួនទៀតដែរ ដូចជា សេចក្តីស្នើច្បាប់ស្តីពី «វិសោធនកម្មច្បាប់ស្តីពី លក្ខន្តិកៈមន្ត្រីរាជការនៃក្រុមនីតិបញ្ញត្តិ» ជាដើម៕
Tag:
ប្រជុំសភា
CPP
CNRP
© រក្សាសិទ្ធិដោយ thmeythmey.com