អន្តរជាតិ
Duterte ថា បើ​ធ្វើសង្គ្រាម​ជាមួយ​ចិន ហ្វីលីពីន​នឹងត្រូវ​ខ្ទេច​មិន​ខាន​
20, Mar 2017 , 4:00 pm        
រូបភាព
ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte (រូបថត GMA Network)
ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte (រូបថត GMA Network)
​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte បាន​លើកសរសើរ​អានុភាព​យោធា​របស់​ចិន ដែល​ខ្លាំង​ដល់​ថ្នាក់​លោក​មិន​ហ៊ាន​ប្រកាសសង្គ្រាម ឬ​សូម្បីតែ​រារាំង​សកម្មភាព​ចិន​នោះ​។ លោក​និយាយ​បែបនេះ ពេល​អ្នកកាសែត​សួរ​លោក​ទាក់ទង​ព័ត៌មាន​ដែល​ផ្សាយ​ថា ចិន​នឹង​សាងសង់​ស្ថានីយ៍​ត្រួតពិនិត្យ​បរិស្ថាន​តំបន់ Scarborough Shoal ជាទី​ប្រទាញប្រទង់​នៅ​សមុទ្រ​ចិន​ខាងត្បូង តែ​ចិន​ដណ្ដើម​គ្រប់គ្រង​កាលពី​ឆ្នាំ​២០១២ ។​



​ពេល​សួរថា លោក​នឹងធ្វើ​អ្វី ពេល​ចិន​ចង់​សាងសង់​សំណង់​នៅ​តំបន់​ថ្មី​ប៉ប្រះ​ទឹក Scarborough Shoal ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte បាន​ឆ្លើយ​ដោយ​ត្រង់​ថា លោក​មិនអាច​បញ្ឈប់​ចិន​ពី​ការធ្វើសកម្មភាព​ទាំងនេះ​បានឡើយ​។ កាលពី​ថ្ងៃទី​១៧ ខែមីនា សារព័ត៌មាន Reuters បាន​ស្រង់​សម្ដី​អភិបាលក្រុង Sansha ថា ចិន​កំពុង​រៀបចំ​សាងសង់​ស្ថានីយ៍​ពិនិត្យ​មួយ​តំបន់​ជាច្រើន​នៅ​សមុទ្រ​ចិន​ខាងត្បូង រួមទាំង​តំបន់ Scarborough Shoal ដែរនោះ​។

​ឆ្លើយ​ប្រាប់​អ្នកកាសែត​មុន​ឡើង​យន្តហោះ​ទៅកាន់​មី​យ៉ាន់​ម៉ា ប្រធានាធិបតី Duterte ដែល​បែរខ្នង​ដាក់​អាមេរិក និង​ងាក​ទៅរក​ចិន​នាពេល​ចុង​ក្រោយនេះ​លើក​ជា​សំណួរ​វិញ​ថា​៖ «​តើ​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​? ប្រកាសសង្គ្រាម​ប្រឆាំង​ចិន​? ខ្ញុំ​មិនអាច​ធ្វើសង្គ្រាម​ឡើយ​។ កងកម្លាំង​យោធា និង​ប៉ូលិស​របស់​ហ្វីលីពីន នឹង​ចាញ់​ទាំងអស់ ហើយ​ហ្វីលីពីន​នឹង​ខ្ទេចខ្ទី​មិនខាន​»​។

​ជាជាង​ប្រើ​កម្លាំងយោធា លោក Duterte ធ្លាប់​ប្រកាស​ហើយ​ថា លោក​ចង់​ពិភាក្សា​បែងចែក​ប្រយោជន៍​សេដ្ឋកិច្ច​វិញ​។ បើតាម​សារព័ត៌មាន Rappler ប្រធានាធិបតី​រូបនេះ​បន្ថែមថា លោក​អាច​ប្រាប់​ឲ្យ​ចិន​បើកចំហ​តំបន់​នោះ ដោយ​មិនត្រូវ​ហាមឃាត់​គេឯង​ឡើយ ហើយក៏​មិនត្រូវ​ប្រឈមមុខ​ជាមួយ​កង​ឆ្មាំ​ការពារ​ឆ្នេរ​របស់​ហ្វីលីពីន​ដែរ​។

​ចិន បាន​ដណ្ដើម​ត្រួតត្រា​តំបន់​នេះ ក្រោយ​ការប៉ះទង្គិច​មួយ​ប្រាវ​កាលពី​ឆ្នាំ​២០១២ ។ Scarborough Shoal ជា​តំបន់​ប្រទាញប្រទង់​សំខាន់​មួយ នៅ​សមុទ្រ​ចិន​ខាងត្បូង ដែល​ចិន​ទាមទារ​ស្ទើរ​ទាំងស្រុង​ទៅហើយ​។ ហ្វីលីពីន និង​វៀតណាម ក៏​ទាមទារ​សិទ្ធិ​គ្រប់គ្រង​លើ​តំបន់​ដូចគ្នា តែ​ពួកគេ​ហាក់​ខ្លាច​អានុភាព​យោធា​ចិន ដែល​កំពុង​ធ្វើ​ទំនើបកម្ម​កងទ័ព​ឥតឈប់ឈរ​។​

​ច្បាស់​ណាស់​ថា បើ​និយាយ​រឿង​កម្លាំងយោធា​នោះ ហ្វីលីពីន ពិតជា​មិនអាច​ប្រៀប​ធៀប​ជាមួយ​មហា​យក្ស​ចិន​បានឡើយ ហើយ​ឧទាហរណ៍​ជាក់ស្ដែង គឺ​ការប៉ះទង្គិច​នៅ Scarborough Shoal តែម្ដង​។ ជាមួយនឹង​ចំនួន​កងទ័ព​ដ៏​ច្រើន អមដោយ​សព្វាវុធ​ទំនើបៗ​ជាច្រើន ចិន​មិន​ខ្លាច​ប្រើ​យោធា​ដើម្បី​ការពារ​អ្វីដែល​ខ្លួន​ដណ្ដើម​បានដែរ​។ ជារឿយៗ ចិន​ក៏​ព្រមាន​ប្រទេស​ដទៃ​ដែល​មិន​ជាប់​ពាក់ព័ន្ធ​ជម្លោះ​នេះ មិនត្រូវ​លូកដៃ​ចូល​បញ្ហា​នេះដែរ​។​

​ទំនងជា​ដឹង​សមត្ថភាព​ខ្លួនឯង ប្រ​ធានា​ធិ​ប​តិ​ហ្វីលីពីន បាន​បន្ទន់​ជំហរ​ច្រើន និង​មិនសូវ​និយាយ​ប្រឆាំង​ចិន​អ្វី​ឡើយ​។ ចាប់តាំងពី​ការឡើង​កាន់​តំ​ណែ​មក​នោះ លោក Duterte បាន​ងាក​ទៅ ពង្រឹង ចំណងមិត្តភាព​ជាមួយ​ចិន ទៅ​ទស្សនកិច្ច​នៅ​ទឹកដី​ចិន ដែល​ហុច​ផល​មកវិញ​នូវ​ជំនួយ​ជា​ទឹកប្រាក់​រាប់ពាន់​លាន​ដុល្លារ​ឯណោះ​។ លើសពីនោះ លោក Duterte នាំ​ហ្វីលីពីន​ឃ្លាត​កាន់តែ​ឆ្ងាយ​ពី​អាមេរិក ដែលជា​សម្ព័ន្ធមិត្ត​យូរអង្វែង​ទៀតផង​៕


Tag:
 ​ហ្វីលីពីន​
  ចិន​
  Rodrigo Duterte
  សមុទ្រ​ចិន​ខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com