ជាតិ
គ.ជ.ប នៅតែបារម្ភពីជម្លោះនយោបាយ ដែលអាចប៉ះពាល់ដល់ការបោះឆ្នោត
× ភ្នំពេញ៖ គ.ជ.ប ហាក់ធូរចិត្តជាច្រើនចំពោះបញ្ហានានា ដែលខ្លួនខិតខំបំពេញនិងដោះស្រាយកន្លងមក។ រឿងតែមួយគត់ ដែលគ.ជ.ប កំពុងព្រួយបារម្ភនោះ គឺជម្លោះខាងនយោបាយ ដែលនៅតែបន្តកើតមាន ខណៈការបោះឆ្នោត កាន់តែខិតជិតមកដល់។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅតែប្រឹងប្រែងបំពេញកិច្ចការពីមួយថ្ងៃទៅមួយថ្ងៃ ដើម្បីធានាការបោះឆ្នោតថ្នាក់ឃុំ-សង្កាត់ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ឲ្យដំណើរទៅដោយរលូន និងយុត្តិធម៌។ ចំពោះថវិកា ដើម្បីទ្រទ្រង់ដំណើរការនៃការបោះឆ្នោត ក៏គ.ជ.ប បានគិតគូររួចរាល់ដែរ។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យរបស់គ.ជ.ប បានប្រាប់សារព័ត៌មានថ្មីៗថា គ.ជ.ប មានថវិកាចំនួន៥៣លានដុល្លារ ដែលបានមកពីរដ្ឋាភិបាលកម្ពុជា រួមទាំងបរទេស ជាម្ចាស់ជំនួយ ដើម្បីប្រើប្រាស់សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់។ លោក បញ្ជាក់ថា គ.ជ.ប លែងព្រួយបារម្ភពីថវិកា រួមទាំងបញ្ហាមួយចំនួនទៀតហើយ។
អ្នកនាំពាក្យគ.ជ.បរូបនេះ បាននិយាយដូច្នេះថា៖«អ្វីៗ គឺយើងបានត្រៀមលក្ខណៈរួចរាល់អស់ហើយ។ ហើយថវិកាប៉ុណ្ណឹង គឺគ្រប់គ្រាន់ហើយ មិនខ្វះទេ។ គ.ជ.ប មិនព្រួយបារម្ភទេ រឿងថវិកានោះ»។
យ៉ាងណា ស្ថានប័នរៀបចំការបោះឆ្នោតមួយនេះ នៅតែមានកង្វល់ពីភាពមិននឹងនផ្នែកនយោបាយ។ សម្រប់លោក ហង្ស ពុទ្ធា ជម្លោះរវាងគណបក្សនយោបាយទាំងពីរ ដែលមានអាសនៈក្នុងរដ្ឋសភា គឺជាក្តីព្រួយបារម្ភរបស់គ.ជ.ប។
លោក ហង្ស ពុទ្ធា យល់ថា ការទាស់ទែងគ្នាដោយសារតែទស្សននយោបាយ អាចបង្កផលប៉ះពាល់ដល់ដំណើរការនៃការបោះឆ្នោត។ លោក បញ្ជាក់បែបនេះថា៖«យើងនៅតែព្រួយបារម្ភពីការប៉ះទង្វិចគ្នារបស់គណបក្សនយោបាយ។ យើងឃើញហើយ មួយរយៈចុងក្រោយនេះ គណបក្សនយោបាយ ដូចជាមិនសូវត្រូវគ្នាទេ»។
ថ្មីៗនេះ គណបក្សប្រជាជនកម្ពុជា បានព្រមានប្តឹងគណបក្សសង្គ្រោះជាតិ ទាក់ទងនឹងការប្រើពាក្យស្លោកថា «ដូរមេឃុំ បម្រើបក្ស ដាក់មេឃុំ បម្រើរាស្ត្រ»។ គណបក្សប្រជាជនកម្ពុជា ចាត់ទុកពាក្យស្លោកនេះ ថាជាការញុះញង់និងជាប្រមាថមើលងាយទៅដល់មន្ត្រីឃុំ-សង្កាត់ នៅទូទាំងប្រទេស។
ក្រោយមក មេឃុំ-ចៅសង្កាត់មួយចំនួន មកពីគណបក្សប្រជាជនកម្ពុជា បាននាំគ្នាធ្វើញត្តិថ្កោលទោសគណបក្សសង្គ្រោះជាតិ ហើយស្នើឲ្យកែប្រែខ្លឹមសារនៃពាក្យស្លោកខាងលើ។ នៅទីបំផុត គណបក្សសង្គ្រោះជាតិ ក៏សម្រេចផ្អាកប្រើពាក្យស្លោកនេះ។
ជាងនេះទៀត គណបក្សសង្គ្រោះជាតិ នៅមិនទាន់ផុតស្រឡះពីបញ្ហា ដែលពាក់ព័ន្ធនឹងសមាជវិសាមញ្ញរបស់ខ្លួន នោះទេ។ សមាជវិសាមញ្ញ ដែលធ្វើឡើងកាលពីដើមខែមីនា ឆ្នាំ២០១៧ ដើម្បីរៀបចំរចនាសម្ព័ន្ធនៃថ្នាក់ដឹកនាំថ្មី ក្នុងគណបក្សសង្គ្រោះជាតិ បានសន្សល់នូវស្លាកស្នាមខ្លះៗ ដល់ក្រសួងមហាផ្ទៃ។
ពេលនេះ ក្រសួងមហាផ្ទៃ កំពុងសិក្សាពីអង្គសមាជវិសាមញ្ញរបស់គណបក្សសង្គ្រោះជាតិ។ ប្រសិនបើក្រសួងមហាផ្ទៃ រកឃើញភាពមិនប្រក្រតីណាមួយ ពីអង្គសមាជវិសាញ នោះគណបក្សសង្គ្រោះជាតិ អាចនឹងជួយបញ្ហា ជាបន្តទៀត៕
Tag:
គជប
គណបក្ស
បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com