អន្តរជាតិ
អឺរ៉ុបស្នើបញ្ឈប់ការអនុវត្តទោសប្រហារជីវិតឡើងវិញ តែ Duterte ប្រាប់ថា «ខ្វល់តែរឿងខ្លួនឯងទៅ» ប្រធានាធិបតី Rodrigo Duterte ជួបជាមួយសហគមន៍ហ្វីលីពីននៅមីយ៉ាន់ម៉ា (រូបថត Rappler)
× ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte បានរិះគន់សភាអឺរ៉ុប ដែលបង្ហាញការព្រួយបារម្ភជុំវិញការអនុវត្តទោសប្រហារជីវិតឡើងវិញ។ លោក Duterte ទាត់ចោលសំណើរបស់អឺរ៉ុបដែលចង់ឲ្យរដ្ឋាភិបាលហ្វីលីពីន បោះបង់ការប៉ុនប៉ងអនុវត្តទោសដ៏ធ្ងន់នេះនៅត្រឹមស្ថាប័ននីតិបញ្ញតិ។ លោកនិយាយថា ការអនុវត្តទោសប្រហារជីវិត ជារឿងផ្ទៃក្នុងហ្វីលីពីន ហើយមិនមែនជារឿងចម្លែកឡើយ ព្រោះប្រទេសសមាជិកអាស៊ានខ្លះក៏នៅតែមានទោសប្រហារជីវិតដដែល។
សំណើអនុវត្តទោសប្រហារជីវិតឡើងវិញរបស់រដ្ឋបាលប្រធានាធិបតី Rodrigo Duterte ដែលចង់ប្រើទោសនេះដើម្បីបន្លាចឧក្រិដ្ឋជន បានឆ្លងផុតដៃរដ្ឋសភាហើយ និងធ្លាក់ដល់ព្រឹទ្ធសភាពិភាក្សាបន្ត។ ប៉ុន្តែសភាអឺរ៉ុបបានទាមទារឲ្យរដ្ឋាភិបាលហ្វីលីពីន ផ្អាកដំណើរការត្រឹមនេះ ព្រោះទោសដ៏ធ្ងន់ធ្ងរនេះ បានលក្ខណៈបំពានសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។ សំណើរបស់សភាអឺរ៉ុប ធ្វើឲ្យលោក Duterte ក្ដៅក្រហាយយ៉ាងខ្លាំង និងព្រលះអឺរ៉ុបដែលចេះតែដាក់សម្ពាធលើរដ្ឋាភិបាលរបស់លោក។
ចំពោះមុខប្រជាជនហ្វីលីពីនរាប់រយនៅឯមីយ៉ាន់ម៉ា លោកប្រធានាធិបតី Duterte ក៏បានប្រាប់អឺរ៉ុប មិនត្រូវដាក់សម្ពាធ ឬក៏អនុវត្តវប្បធម៌របស់ខ្លួនឯងលើប្រទេសដទៃផ្សេងឡើយ។ លោកបានប្រតិកម្មទាំងកំហឹងលើសេចក្ដីសម្រេចរបស់សមាជិកសភាអឺរ៉ុបទៀតថា ហេតុអ្វីបានជាអឺរ៉ុបមិនខ្វល់ខ្វាយបញ្ហាខ្លួនឯង តែបែរជាព្រួយបារម្ភកិច្ចការហ្វីលីពីនទៅវិញ ហើយចូលចិត្តចង់ឲ្យគេអនុវត្តតាមគោលការណ៍ខ្លួនឯងទៅទៀត។
លោក Duterte ដែលកំពុងទស្សនកិច្ចនៅមីយ៉ាន់ម៉ា ក៏បានលើកឡើងការអនុវត្តទោសប្រហារជីវិតនៅតាមប្រទេសសមាជិកអាស៊ានមួយចំនួន ដែលសព្វថ្ងៃនៅតែឃើញមានដដែល។ បើតាមសារព័ត៌មាន Rappler ប្រធានាធិបតីហ្វីលីពីនរូបនេះបញ្ជាក់ថា៖ «កុំមកដាក់សម្ពាធតែយើងមួយ។ ពីមុន ទោសប្រហារជីវិត គឺជាទោសពេញនិយមមួយនៅក្នុងចំណោមរដ្ឋអាស៊ាន ព្រោះឥណ្ឌូណេស៊ី ម៉ាឡេស៊ី សិង្ហបុរី និងព្រុយណេ ក៏មានទោសប្រហារជីវិតដែរ»។
មិនត្រឹមតែប្រាប់អឺរ៉ុបឲ្យបិទមាត់កុំនិយាយរឿងហ្វីលីពីនឡើយ លោក Duterte ក៏បានរិះគន់អឺរ៉ុបដែលហាមប្រទេសលោកពីការអនុវត្តទោសប្រហារជីវិតឡើងវិញ តែនៅអឺរ៉ុបផ្ទាល់បែរជាមានរដ្ឋសមាជិកខ្លះបន្តអនុវត្តទោសប្រហារជីវិតទៅវិញ។ លោកបន្ថែមថា សភាអឺរ៉ុប ធ្វើសកម្មភាពសមាជិករបស់ខ្លួនគ្មានទោសប្រហារជីវិត ប៉ុន្តែតាមពិតទោសនេះ នៅតែត្រូវបានអនុវត្តនៅប្រទេសជាច្រើនដដែល។
រឿងទោសប្រហារជីវិតនេះ ជាបញ្ហាខ្វែងគំនិតគ្នាមួយទៀតរវាងអឺរ៉ុប និងរដ្ឋាភិបាលប្រធានាធិបតី Duterte ។ បើតាមសំណើច្បាប់នេះ មានតែឧក្រិដ្ឋជនប្រព្រឹត្តករណីធ្ងន់ធ្ងរដូចជាការជួញដូរគ្រឿងញៀនប៉ុណ្ណោះ ទើបតុលាការមានសិទ្ធិសម្រេចដាក់ទោសប្រហារជីវិតបាន។ ចំណែកវិធីសាស្ត្រនៃការអនុវត្តទោសមានដូចជាការព្យួរក, ការបាញ់នឹងកាំភ្លើង ឬក៏ការចាក់ថ្នាំសម្លាប់ជាដើម។ លោក Duterte ផ្ទាល់ថែមចង់បញ្ចូលករណីរំលោភចូលក្នុងករណីធ្ងន់ធ្ងរដល់ថ្នាក់ប្រហារជីវិតផងដែរ៕
Tag:
អឺរ៉ុប
ហ្វីលីពីន
Rodrigo Duterte
© រក្សាសិទ្ធិដោយ thmeythmey.com