អន្តរជាតិ
ការប្រឆាំងគ្រឿងញៀនជាប្រធានបទសំខាន់ពេលលោកDuterte ជួបមេដឹកនាំថៃ
× ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte នឹងអញ្ជើញទៅដល់ប្រទេសថៃនារសៀលថ្ងៃចន្ទនេះបន្ទាប់ពីចាកចេញពីប្រទេសមីយ៉ាន់ម៉ា។ ក្នុងដំណើរទស្សនកិច្ចណែនាំខ្លួននេះ មេដឹកនាំហ្វីលីពីននឹងជជែកពិភាក្សាជាមួយនាយករដ្ឋមន្ត្រីថៃឧត្តមសេនីយ៍ប្រាយុទ្ធ ចន្ទអូចា លើបញ្ហាជាច្រើនជាពិសេស ពង្រឹងកិច្ចសហប្រតិបត្តិការប្រឆាំងគ្រឿងញៀននិង ប្រឆាំងបទឧក្រិដ្ឋឆ្លងដែន។
បន្ទាប់ពីចាកចេញពីមីយ៉ាន់ម៉ា បុរសខ្លាំងហ្វីលីពីនលោក Rodrigo Duterte នឹងបន្តទស្សនកិច្ចទៅកាន់ប្រទេសថៃបន្តទៀត។ ក្នុងចំណោមរដ្ឋអាស៊ានទាំង១០ ថៃក្លាយជាប្រទេសចុងក្រោយនៃដំណើរទស្សនកិច្ចណែនាំខ្លួនរបស់ប្រមុខរដ្ឋហ្វីលីពីននេះ។
សារព័ត៌មានបាងកកប៉ុស្តិ៍ អ្នកនាំពាក្យរដ្ឋាភិបាលថៃ Werachon Sukondhapatipak បានបញ្ជាក់ថា យន្តហោះលោក Duterte ចុះចតនៅព្រលានយន្តហោះយោធានៅរសៀលថ្ងៃចន្ទ ហើយលោកនឹងជួបលោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចន្ទអូចា នៅល្ងាចថ្ងៃអង្គារនៅវិមានរដ្ឋាភិបាល។
អ្នកនាំពាក្យរូបនេះបានបន្ថែមផងដែរថា ប្រធានបទសំខាន់ដែលស្ថិតនៅក្នុងរបៀបវារៈនៃជំនួបគឺពាក់ព័ន្ធការកម្ចាត់គ្រឿងញៀន និងការបង្កើនសហប្រតិបតិ្តការរវាងភ្នាក់ងារចារកម្មក៏ដូចជាប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន។ មេដឹកនាំហ្វីលីពីក៏នឹងពិភាក្សាជាមួយមេដឹកនាំថៃពីបញ្ហាអាស៊ាន ក៏ដូចជាស្វែងរកការគាំទ្រពីរដ្ឋាភិបាលថៃចំពោះការធ្វើជាប្រធានអាស៊ាននាឆ្នាំ ២០១៧នេះដែរ។
បន្ថែមពីនេះ ភាគីទាំងពីរក៏នឹងជជែកពីការឈានទៅបង្កើនទំនាក់ទំនងពាណិជ្ជកម្មនិងការវិនិយោគទ្វេភាគី ជាពិសេសភាគីក៏បន្តបង្រឹងការសហការដើម្បីរក្សាសុវត្ថិភាព និងធានាជីវភាពរស់នៅរបស់ប្រជាជនហ្វីលីពីនធ្វើការងារនិងរស់នៅថៃ និងប្រជាជនថៃនៅហ្វីលីពីនដូចគ្នា។
បើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការបរទេសហ្វលីពីន Charles Jose ឯណោះវិញ ក្នុងដំណើរទស្សនកិច្ចនេះ ប្រធានាធិបតី Duterte នឹងឆ្លៀតជួបសំណេះសំណាលជាមួយសហគមន៍ហ្វីលីពីននៅថៃ។ ហើយលោកត្រូវបន្តពិភាក្សាជាមួយមេដឹកនាំថៃពាក់ព័ន្ធបញ្ហាសេដ្ឋកិច្ចពាណិជ្ជកម្មទ្វេភាគី, ផ្លាស់ប្តូរយោបល់ពាក់ព័ន្ធបញ្ហាប្រឈមរួមគ្នាមាននយោបាយ, សង្គម,ថាមពល, អប់រំ, កសិកម្ម និងវិស័យការពារជាតិជាដើមដែរ។ អនុស្សារណៈមួយចំនួនគ្របដណ្តប់វិស័យទេសចរណ៍, វិទ្យាសាស្ត្រ និងអប់រំនឹងត្រូវចុះហត្ថលេខាក្នុងជំនួបនោះ។
បន្ទាប់មកទៀត លោក Duterte ក៏នឹងជួបជាមួយបណ្តាអ្នកជំនួញ និងអ្នកតំណាងមកពីសហព័ន្ធឧស្សាហកម្ម, សភាពាណិជ្ជកម្ម និង សមាគមធនាគារថៃជាច្រើនផ្សេងទៀតដែរដើម្បីសំណេះសំណាលនិងពិភាក្សាពីគម្រោងវិនិយោគជាដើម៕
Tag:
Rodrigo Duterte
សង្គ្រាមប្រឆាំងគ្រឿងញៀន
ថៃ
ប្រាយុទ្ធ ចន្ទអូចា
© រក្សាសិទ្ធិដោយ thmeythmey.com