ជាតិ
លោក ប៊ិន ឈិន នឹង​កាន់តំណែង​ទាំងអស់​របស់​សម្ដេច សុខ អាន​
20, Mar 2017 , 9:39 pm        
រូបភាព
​ភ្នំពេញ​៖ ក្រៅពី​កាន់​តួនាទី​ជា​រដ្ឋមន្ត្រី​ស្តីទី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី​ហើយ លោក ប៊ិន ឈិន ក៏​នឹង​កាន់តំណែង​សំខាន់ៗ​ទាំងអស់​ជំនួស​សម្ដេច សុខ អាន ដែល​ធ្លាប់​បំពេញការងារ​កន្លងមក​ដែរ​។



​តំណែង​ដែល​អតីតរដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី សម្តេច សុខ អាន ធ្លាប់​ទទួលបន្ទុក​កន្ល​ង​មក មានដូចជា​ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា​, ក្រុមប្រឹក្សា​កំណែទម្រង់រដ្ឋបាល ,​អាជ្ញាធរ​ជាតិ​ប្រេងកាត​កម្ពុជា ក្រុមប្រឹក្សាភិបាល​រាជបណ្ឌិតសភា​វិជ្ជាជីវៈ​តុលាការ ,​ក្រុមការងារ​ពិសេស​ដើម្បី​កាត់ទោស​ខ្មែរក្រហម  គណៈកម្មាធិការ​ទទួល​ស្គាល់​គុណភាព​អប់រំ នៃ​កម្ពុជា ,​ក្រុមប្រឹក្សាភិបាល​សាលា​ភូមិន្ទ​រដ្ឋបាល ,​កាយ​រឹទ្ធ​ជាតិ​កម្ពុជា ជាដើម​។ តំណែង​ទាំងអស់នេះ នឹងត្រូវ​ប្រគល់​ឲ្យ​ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ និង​ជា​រដ្ឋមន្ត្រី​ស្តីទី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី​លោក ប៊ិន ឈិន ជា​អ្នករ៉ាប់រង​ទទួលបន្ទុក​បំពេញការងា​រ​ចំពោះមុខ​រដ្ឋាភិបាល ជំនួស​សម្ដេច សុខ អាន វិញ​។​

​អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ី​ផាន បាន​ពន្យល់​តាម​គោលការណ៍​ច្បាប់​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ថា រាល់​បុគ្គល​ណា​ម្នាក់​ដែល​ឡើងកាន់តំណែង​ជា​រដ្ឋមន្ត្រី​ទីស្តីការគណៈរដ្ឋមន្ត្រី​ជំនួស​សម្ដេច សុខ អាន នោះ រូបគាត់​ក៏​នឹងត្រូវ​កាន់តំណែង​សំខាន់ៗ​ផ្សេងទៀត​ផងដែរ ។ ដូច្នេះ​លោក ប៊ិន ឈិន ដែល​កំពុង​ទទួលខុស​ត្រូវ​នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​នេះ នឹងត្រូវ​កាន់តំណែង​ទាំងអស់​ជំនួស​សម្ដេច សុខ អាន ជា​ស្វ័យប្រវត្តិ​។​

​លោក ផៃ ស៊ី​ផាន បាន​បកស្រាយ​ដូច្នេះ​ថា​៖«​ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ លោក ប៊ិន ឈិន គាត់​ជា​រដ្ឋមន្ត្រី​ទី​ស្តី​ជំនួស​សម្ដេច សុខ អាន នៅពេល​មានជីវិត​។ ហើយ​នៅពេលនេះ​គាត់​ជា​រដ្ឋមន្ត្រី​បណ្ដោះអាសន្ន ដែល​មានន័យថា គាត់​កាន់​តួនាទី​ជំនួស​សម្ដេច សុខ អាន និង​មាន​សិទ្ធិ​សម្រេចចិត្ត​គ្រប់​ការងារ​ទាំងអស់ ដើម្បី​ធានា​ប្រក្រតីភាព​ការងារ និង​រក្សកិច្ចការរដ្ឋបាល​ទីស្តីការគណៈរដ្ឋមន្ត្រី​…​។ ចំណែក​តួនាទី​ផ្សេងៗ​របស់​សម្ដេច សុខ អាន ក៏ត្រូវ​ប្រគល់​ឲ្យ​ឯកឧត្តម ប៊ិន ឈិន គាត់​ទទួលខុសត្រូវ និង​សម្រេចចិត្ត​ក្នុងការ​អនុម័ត​ការងារ​នោះ​ផងដែរ លើកលែងតែ​មានការ​តែងតាំង​ជាថ្មី​ពី​នាយករដ្ឋមន្ត្រី​ទេ​»​។​

​នៅពេល​សួរថា តើ​លោក ប៊ិន ឈិន នឹង​ក្លាយជា​រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី​ផ្លូវការ​នេះ​តែម្ដង​? ឆ្លើយតប​សារព័ត៌មាន​ថ្មីៗ លោក ផៃ ស៊ី​ផាន បាន​និយាយថា គ្មាន​អ្នកណាម្នាក់​ដែល​អាចមាន​លទ្ធភាព​កាន់​តួនាទី​ជា​រដ្ឋមន្ត្រី​ទីស្តីការគណៈរដ្ឋមន្ត្រី​នេះ ក្រៅពី​លោក ប៊ិន ឈិន នោះទេ ព្រោះ​ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ​រូបនេះ ធ្លាប់​កាន់​ការងារ​មួយចំនួន​ជំនួស​សម្តេច សុខ អាន នៅក្នុង​ទីស្តីការ​កន្លងមក​។​

​អ្នកនាំពាក្យ​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖« ក្រោយពី​ទទួលបន្ទុក​កាន់​មុខងារ​បន្ថែម​ទៀតហើយ ជាគោលការណ៍​ទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម ប៊ិន ឈិន គាត់​គឺជា​រដ្ឋមន្ត្រី​ផ្លូវការ​ដោយ​ស្វ័យប្រវត្តិ ដើម្បី​បន្តការងារ​ដោះស្រាយ​បញ្ហា​នានា​ជំនួស​សម្ដេច សុខ អាន តែម្ដង ដោយ​មិនចាំបាច់​សុំ​ពី​រដ្ឋសភា​ទេ​។ ប៉ុន្តែ​បើសិនជា​សម្ដេចនាយករ​ដ្ឋ​មន្ត្រី គាត់​ចង់​ឆ្លងទៅ​សភា ដើម្បី​ស្នើសុំ​ការបោះឆ្នោត​គាំទ្រ​ពី​រដ្ឋសភា ឲ្យ​ឯកឧត្តម ប៊ិន ឈិន កាន់​តួនាទី​ជា​រដ្ឋមន្ត្រី​នោះ យើង​នឹង​ជ្រើស​តាម​ការបោះឆ្នោត​ពី​រដ្ឋសភា​វិញ​»​។ 

​ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ លោក ប៊ិន ឈិន ជា​ប្រធាន​អាជ្ញាធរ​ជាតិដោះស្រាយ​វិវាទ​ដីធ្លី និង​ជា​សមាជិក​នៃ​គណៈកម្មាធិការ​កណ្តាល​និង​អចិន្ត្រៃយ៍​របស់​គណបក្ស​ប្រជាជន​កម្ពុជា ។ តំណាងរាស្ត្រ​មណ្ឌល​ព្រៃវែង​រូបនេះ ក៏​ធ្លាប់​កាន់​តួនាទី​ជា​ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ​ទៀតផង​។​ក្រៅពីនេះ​លោក ប៊ិន ឈិន ក៏មាន​តួនាទី​ជា​ប្រធាន​ក្រុម​ចរចា​សម្រាប់​គណបក្សកាន់អំណាច ដូច​សម្ដេច សុខ អាន កន្លងមក​ដែរ​។ លោក ប៊ិន ឈិន ក៏​ជា​បុគ្គល​ម្នាក់​ដែល​សម្ដេច ហ៊ុន សែន ជឿទុកចិត្ត​ទៀតផង​៕


Tag:
 ប៊ិន ឈិន​
 ​ សុខ អាន​
  ​ផៃ ស៊ី​ផាន​
© រក្សាសិទ្ធិដោយ thmeythmey.com