អន្តរជាតិ
សិស្សវិស្វករឥណ្ឌាម្នាក់រកការងារធ្វើមិនបានព្រោះឈ្មោះស្រដៀង សាដាម ហ៊ូសេន
× សាដាម ហ៊ូសេន (Saddam Hussein) ជាឈ្មោះមេដឹកនាំផ្តាច់ការអ៊ីរ៉ាក់ ដែលត្រូវគេប្រហារជីវិតតាំងពីឆ្នាំ ២០០៦។ ទោះរឿងកន្លងផុតជាង ១០ឆ្នាំក៏ដោយ ឈ្មោះរបស់លោកបានធ្វើឲ្យបុរសឥណ្ឌាម្នាក់ជាសិស្សវិស្វកររកការងារធ្វើមិនបានសោះ ព្រោះគ្រាន់តែមានឈ្មោះស្រដៀងគ្នាសោះ។ បុរសឥណ្ឌានោះមានឈ្មោះ Saddam Hussain ។
រយៈពេលជាង ១០ឆ្នាំទៅហើយបន្ទាប់ពីលោក សាដាម ហ៊ូសេន ត្រូវគេប្រហារជីវិត ប៉ុន្តែឈ្មោះរបស់លោកត្រូវគេចាំច្បាស់និងស្ថិតក្នុងអារម្មណ៍របស់មនុស្សភាគច្រើនលើពិភពលោក។ មិនត្រឹមតែត្រូវគេចងចាំទេ ឈ្មោះរបស់លោកធ្វើឲ្យបុរសឥណ្ឌាម្នាក់រកងារធ្វើមិនបានថែមទៀត។
យោងតាមសារព័ត៌មាន BBC បុរឥណ្ឌានេះជាសិស្សវិស្វករ ហើយមូលហេតុដែលលោកមិនអាចរកការងារធ្វើបានដោយសារតែលោកមានឈ្មោះ Saddam Hussain ដែលស្រដៀងគ្នាជាមួយឈ្មោះលោក សាដាម ហ៊ូសេន (Saddam Hussein)។
(ប្រភពរូបភាព៖ Dunya News)
បុរសឈ្មោះ Saddam Hussain នេះមានវ័យ២៥ឆ្នាំ ហើយលោកត្រូវបានគេបដិសេធការងារប្រហែល ៤០ដង ហើយលោកសន្និដ្ឋានថា គេស្អប់លោកដោយសារតែឈ្មោះលោកស្រដៀងលោក សាដាម ហ៊ូសេនពេក។
ក្រោយបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ Noorul Islam នារដ្ឋ Tamil Nadu លោកបានព្យាយាមដាក់ពាក្សធ្វើការងារ ប៉ុន្តែប្រធានក្រុមហ៊ុនហាក់បីដូចជាខ្លាចមិនអាចទទួលយកធ្វើការ។ បុរសម្នាក់នេះអះអាងផងដែរថា លោករៀនពូកែ ហើយមិត្តភកិ្តដែលរៀបចប់ជាមួយគ្នាគេមានការងារធ្វើល្អៗអស់ហើយនៅសល់តែលោកប៉ុណ្ណោះ។
ដូច្នេះហើយដើម្បីដោះស្រាយបញ្ហានេះលោកបានស្នើសុំទៅកាន់តុលាការដើម្បីប្តូរឈ្មោះទៅជា Sajid វិញ។ ប៉ុន្តែដំណើរការនីតិវិធីនៅតុលាការយឺតយ៉ាវខ្លាំង ហើយលោកក៏មិនអាចរកការងារបានដែរដោយសារវាត្រូវការផ្លាស់ប្តូរឈ្មោះក្នុងឯកសារផ្លូវការច្រើនដូចគ្នា។ ឯកសារទាំងនោះមានទាំងលិខិតឆ្លងដែន,លិខិតឆ្លងដែន,អត្តសញ្ញាណបណ្ណ និងសញ្ញាបត្រនានាដែលលោកទទួលបានតាមរយៈការសិក្សាជាដើម។ ប៉ុន្តែវាត្រូវការពេលវេលាច្រើនដែរដើម្បីផ្លាស់ប្តូរឯកសារទាំងអស់នេះ។
Tag:
Saddam Hussain
សាដាម ហ៊ូសេន
ឥណ្ឌា
© រក្សាសិទ្ធិដោយ thmeythmey.com